ភ្នំពេញៈ សា​លា​ដំបូង​រាជ​ធា​នី​ភ្នំ​ពេញ​​កំពុង​បន្ត​សាក​សួរ​បុរស​ជា​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ករណីវាយ​កូន​បង្កើត​របស់​ខ្លួនប​ណ្ដាល​ឲ្យ​ស្លាប់​​ ​បន្ទា​ប់​ពី​សមត្ថ​កិច្ច​​ចាប់​បញ្ជូន​ដល់​​តុលា​ការ​កាល​ពី​ថ្ងៃ​ទី ​១​៦ ​ខែមីនា​ ក្រោយ​ពីមានការប្ដឹងពីភរិយារស់នៅ​ភូមិ​ត្រាំ​​កោក​​​សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។

លោក​ អុី ​រិន្ទ​ អ្នក​នាំ​ពាក្យ​​សា​លាដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេញ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាលពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ម្នាក់​ឈ្មោះ​​ ណៃ ​រិទ្ធី អាយុ​ ២២ ​ឆ្នាំ​ដែល​សមត្ថកិច្ច​​ចាប់​បញ្ជូន​មក​កាន់សា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេញ​នោះ ​គឺ​កំពុ​ង​ស្ថិត​នៅក្នុង​ការ​សាក​សួរ​តាម​នីតិវិធី​ច្បាប់​នៅ​ឡើយ។​

លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​៖​ «​ជន​សង្ស័យ​តុលា​ការ​មិន​ទាន់​សួ​​ចប់​ទេ​»។

ដោយ​ឡែក​លោក​ ជីម​ ស៊ី​ថា​ អធិ​ការ​នគរ​បាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់​កាល​ពី​ម្សិល​មិញ​​ថា ​ ​ក្មេង​ប្រុស​រង​គ្រោះ​អាយុ​ ៣ ​ឆ្នាំ​ប៉ុន្តែ​បើ​តាម​លិ​ខិត​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ បញ្ជាក់​ថា​ ក្មេង​នោះ​មាន​ជំ​ងឺ​សួត​ធ្ងន់​ធ្ងរ​ តែ​មិន​បាន​អះអាងថា​ ស្លាប់​ដោយ​សារ​ការ​វាយ​ពី​ឪពុក​ទេ។

លោក​​បានបន្តថា​៖​ «​ក្មេង​រងគ្រោះ​នោះ​ នៅ​មុន​ថ្ងៃ​កើត​ហេតុ​ចេះ​តែ​យំ​ ហើយ​ដោយ​សារ​ស្រ្តី​ជា​ម្តាយ​រវល់​ទៅ​ធ្វើ​ការ​មិន​នៅ​ផ្ទះ​​ ​បុរស​ជា​ឪពុក​ហាក់​ខឹង​ក្រពុល​មុខ​​ហើយក៏​វាយ​កូន​ទៅ​ ប៉ុន្តែ​ការ​ស្លាប់​មិន​មែន​មក​ពី​ឪពុក​វាយ​កូន​នោះ​ទេ​។ ខាង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា​ ក្មេង​រងគ្រោះ​មាន​ជំ​ងឺ​រលាក​សួត​ប្រភេទ​​ E​V​7​1​ ជា​ជំងឺ​ធ្ងន់ធ្ងរ» ។

លោក​ស៊ី​ថា​ បានរំឭក​ប្រាប់​តាម​សម្ដីសាច់​ញាតិក្មេង​រង​គ្រោះ​​ថា​ នៅមុ​ន​ស្លាប់​​គឺ​នៅ​ថ្ងៃ​ ១៣ មីនា​ក្មេង​រង​គ្រោះ​មាន​ជំងឺ​ឈឺ​ធ្ងន់​ ហើយ​ម្តាយ​បាន​យក​ទៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​។​ លុះ​​ទៅ​ដល់​​ក៏បាន​សម្រាក​​​ក្នុង​មន្ទីរ​ពេទ្យ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១​៤​ មីនា​​ក្មេង​រង​គ្រោះ​បាន​ស្លាប់។​

លោក​ប្រាប់​បន្ត​ថា​ ក្រោយ​យក​សព​កូនទៅ​​តម្កល់​នៅ​វត្ត​ ​ម្តាយ​បាន​​ដោះ​អាវសពកូន​​ក៏ស្រាប់តែឃើញ​ស្នាម​ជាំ​នៅ​ត្រង់ខ្នង​ បន្ទាប់មកក៏​ហៅ​ប្តី​សួរ​ហើយ​បុរស​នោះ​ក៏​បាន​ប្រាប់​តាម​ដំណើរ​រឿង​ទៅ។

លោក​បាន​បន្ថែម​ថា ​ដោយសារ​ឃើញ​ស្នាម​នោះ ​ស្ត្រី​ជា​ប្រពន្ធ​ក៏​សង្ស័យ​ថា ​កូនអាច​ស្លាប់​ដោយ​សារឪពុ​ក​វាយ​ហើយ​ក៏​ប្តឹង​មក​សមត្ថកិច្ច​របស់​លោក​ឲ្យ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១៤​ មីនា ​តែ​ម្ដង​ទៅ៕