មណ្ឌលគិរីៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​ ២ ​នាក់​ប្ដី ប្រពន្ធ​ដែល​ជា​មេខ្លោង​ខាង​កេណ្ឌ​កម្លាំង​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​លួច​កាប់​គាស់ រុករាន និង​ដុត​ឆ្ការ​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។

លោក ម៉ម វណ្ណដា អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្រោយពី​ព្រះរាជអាជ្ញា បញ្ចប់​ការសាកសួរ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ​គឺ​គេច​មិន​ផុតពី​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការកាប់​គាស់ រុករាន និង​ដុត​ឆ្ការ​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នោះទេ​។ ប៉ុន្ដែ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ចៅក្រម​ស៊ើបសួរ​នៅ​កំពុង​បន្ត​សាកសួរ​បន្ថែមទៀត​ដើម្បី​ស្វែងរក​អ្នកពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​យើង​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​។ ចំពោះ​ការចោទប្រកាន់​នោះ​គឺ​មិនមាន​អ្វី​ប្រែប្រួល​ទេ យើង​ត្រូវ​ចោទប្រកាន់​ហើយ​គ្រាន់តែ​ថា យើង​ត្រូវការ​ធ្វើ​ទៅ​តាម​នីតិវិធី​ជាមុនសិន​។ ករណីនេះ​ជា​រឿង​ពាក់ព័ន្ធ​នឹង​បរិស្ថាន គឺ​យើង​ត្រូវ​ចោទប្រកាន់​ទៅ​តាម​ច្បាប់ ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ហើយ​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី​ឲ្យ​ដឹងថា មន្ត្រី​ឧទ្យានុរក្ស ដែនជម្រក​សត្វព្រៃ​កែវសីមា​កាលពី​ថ្ងៃទី​ ២៧ ខែមេសា ឆ្នាំ​ ២០២០ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជា​មេខ្លោង​ដ៏សកម្ម​ក្នុង​ការលួច​កាប់​គាស់ រុករាន និង​ដុត​ឆ្ការ​ដីព្រៃ​របស់​រដ្ឋ​ដើម្បី​កាន់កាប់ និង​គូសវាស​ពុះ​ចែក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។

លោក​ថ្លែងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​ប្ដី​ប្រពន្ធ​នេះ​គឺ​ធ្វើ​ឡើង​ក្រោយពី​មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​កែវសីមា​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ធ្វើការ​ស្រាវជ្រាវ​ និង​តាមដាន​ក្នុង​ករណី​បទល្មើស​ជាច្រើន​ករណី​ទើប​ឈានដល់​ការចាប់​ឃាត់ខ្លួន​នៅ​កន្លែង​កើតហេតុ​ត្រង់​ចំណុច​ស្ថិតក្នុង​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​តែម្ដង​។

លោក​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​ ២ ​នាក់ ប្ដី​ប្រពន្ធ ដែល​ត្រូវ​មន្ត្រី​ឧទ្យានុរក្ស​ចាប់​ឃាត់ខ្លួន​មាន​ប្តី​ឈ្មោះ ឡុង សុខុន អាយុ ៤៣ ឆ្នាំ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរច្រា ឃុំ​ស្រែព្រះ ស្រុក​កែវសីមា​ និង​ប្រពន្ធ​ឈ្មោះ សំអាត យ៉ាណូ អាយុ ៤៣ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​គ្រញូង​សែនជ័យ ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​មាន​ជំនាញ​ខាង​កេណ្ឌ​កម្លាំង​ពលកម្ម​ពលរដ្ឋ​ឲ្យ​មក​លួច​កាប់​គាស់ រុករាន និង​ដុត​ឆ្ការ​ដីព្រៃ​របស់​រដ្ឋ​ដើម្បី​ទន្ទ្រាន​កាន់កាប់ និង​គូសវាស​ចែក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​។ ពួកគាត់​មាន​សកម្មភាព​ច្រើន​ក្នុង​ការបែងចែក​ដី​រដ្ឋ​ទៅ​ឲ្យ​តតិយជន​ផ្សេងទៀត​។ ពួកគាត់​មាន​ក្រុមការងារ​ក្នុង​ការកាប់​រុករាន ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ហើយ​ពួកគាត់​ទាំង​ ២ ​ជា​មេក្រុម​»​។

លោក​ សុភគ៌ បន្តថា​កម្លាំង​មន្ដ្រី​ឧទ្យានុរក្ស​មាន​ការលំបាក​ក្នុង​ការតាម​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​ទាំង​ ២ ​នាក់​នេះ ព្រោះ​សកម្មភាព​កន្លងមក​ពួកគេ​តែងតែ​ធ្វើ​ការងារ​ជា​ក្រុម ធ្វើឲ្យ​មន្ដ្រី​ឧទ្យានុរក្ស​មាន​ការពិបាក​បែងចែក​។ លោក​ថា​ជនសង្ស័យ​ទាំង​ ២ ​នាក់​គឺមាន​ស្រុកកំណើត​នៅ​ខេត្ដ​ក្រចេះ​។

លោក​បញ្ជាក់​ថា​ក្នុង​ ២ ​សប្ដាហ៍​ចុងក្រោយ​នៃ​ខែមេសា​នេះ​កម្លាំង​មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនល្មើស​ធនធាន​ធម្មជាតិ និង​ជនល្មើស​កាប់​រុករាន ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​​កម្មសិទ្ធិ​បាន​ចំនួន ៨ ​នាក់​៕