ភ្នំពេញៈ មន្រ្តីនគរ​បាល​ជាតិ​ម្នាក់​​ ត្រូវ​បានចាប់​ខ្លួន​​កាល​ពីថ្ងៃ​​ទី​៩ ​ខែ​មករា មួយ​ថ្ងៃ​​​ បន្ទាប់​ពី​មន្ត្រី​រូប​នេះ ​បាន​ទាត់​​នគរ​បាល​ចរាចរណ៍​ម្នាក់​​ ដោយ​សារ​នគរ​បាល​ចរាចរណ៍​នោះ​ បាន​ហៅ​គាត់​​ឈប់​​ពី​បទ​បើក​រថ​យន្ត​​មិន​​គោរព​ភ្លើង​ក្រហម​​ នៅ​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំ​ពេញ។

​ឧប្បត្តិហេតុ​នេះ​​ បាន​កើត​ឡើង​​កាលពី​ព្រឹក​​ថ្ងៃ​អង្គារ​​ នៅ​ពេលលោក​ សៅ បញ្ញា ​ដែល​ធ្វើ​ការ​នៅ​នាយក​ដ្ឋាន​​ប្រឆាំង​បទ​ល្មើស​​តាម​អ៊ីន​ធឺណិត ​និង​មាន​ឋានន្ត​រស័ក្តិ​​​វរសេនីយ៍​ត្រី​ ​ត្រូវ​បាន​បញ្ឈប់​ដោយ​នគរ​បាល​ចរាចរណ៍​ឈ្មោះ អឿង ចំណាន ពីបទ​មិន​គោរព​ភ្លើង​ចរាចរណ៍​​ កាល​ពី​ថ្ងៃ​​ទី៨ ខែ​មករា​។

លោក បញ្ញា​​បាន​ត្រឡប់​ទៅ​កន្លែង​នោះ​ម្ត​ង​ទៀត​​នៅ​ថ្ងៃ​អង្គារ​ ​ហើយ​ត្រូវ​បាន​គេ​​ឃើញ​​ទាត់​​ លោក ចំណាន ​​ហើយ​​គេ​​បាន​ឃើញ​នគរ​បាល​ចរាចរណ៍​​នោះ​​​លត់​ជង្គង់​​និង​សំពះ​​ហាក់​បី​ដូច​ជា​​ដើម្បី​សុំ​ទោស​។ ​លោក​ ​​បញ្ញា​ បាន​​ទាត់​គាត់​​ចំ​ទ្រូង​​និង​ប៉ុន​ប៉ង​​ចូល​ទៅ​វាយ​ទៀត ​​ពី​មុន​ពេល​​គាត់​ត្រូវ​បាន​បញ្ឈប់​​ដោយ​មន្រ្តី​នគរ​បាល​ម្នាក់​ទៀត​។

​លោក​ ជាវ ហាក់ ស្នង​ការ​រង​​​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​ថ្លែង​ថា លោក ​ចំណាន​ គ្រាន់​តែ​​ចង់​ព្យាយាម​អប់​រំ​ លោក បញ្ញា អំពី​បទ​ល្មើស​របស់គាត់​ ​ប៉ុន្តែ​​លោក បញ្ញា ​ចង់​ឈ្លោះ​ប្រកែក​​ថា​ មិនបាន​ប្រព្រឹត្ត​បទ​ល្មើស​ ​ហើយ​បាន​ត្រឡប់​​ទៅ​វិញ​នៅ​ថ្ងៃ​បន្ទាប់ ​​ដើម្បី​​​​​ជួប​លោក​​ ចំណាន ម្តង​ទៀត​។ ​

លោកបន្ត​ថា​៖ «​​នៅ​ថ្ងៃ​បន្ទាប់​[ថ្ងៃ​​ទី ៩ ខែ​មករា​​] គាត់​បាន​ត្រឡប់​មក​វិញ​ ​ហើយ​បាន​រក​មើល​អ្នក​ដែល​បាន​អប់​រំ​គាត់​ ​ហើយ​បន្ទាប់​មក​គាត់​បាន​ទាញ​អាវ​ជន​រង​គ្រោះ​​​និង​ទាត់​គាត់​»។

​លោក អេង សុខ​ភា ប្រធាន​នាយក​ដ្ឋាន​បទ​ល្មើស​ព្រហ្មទណ្ឌ​ ​បាន​ថ្លែង​ថា​ ​នៅ​ថ្ងៃ​ទី ១០​ ខែ​មករា លោក បញ្ញា នៅ​កំពុង​ត្រូវ​បាន​សាក​សួរ​​ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​នៅឡើយ​​ ខណៈ​នគរ​បាល​កំពុង​ចង់​​ចោទ​ប្រកាន់​គាត់​ពី​​បទ​«​ហិង្សា​ដោយ​ចេត​នា​»។

​លោក ចំណាន ​កាល​ពី​​ថ្ងៃ​ទី ១០ ​ខែ​មករា​​​ បាន​ថ្លែង​ថា ​លោក​ បញ្ញា ​បាន​បើក​ហួស​ភ្លើង​ក្រហម​​ ហើយ​មិន​ព្រម​​​ឈប់​ឡាន ​ដូច្នេះ​​​លោក​​បាន​ព្យាយាម​​បញ្ឈប់​​​អ្នក​បើក​ឡាន​ល្មើស​ម្នាក់​ទៀត​ ប៉ុន្តែ​លោក បញ្ញា ​បាន​ឈប់​​ឡាន ​ហើយ​ចាប់​ផ្តើម​ជេរ​​រូប​លោក​​។ លោក​បន្ត​ថា​៖ «​គាត់​​បាន​ជេរ​ខ្ញុំ​​រយៈ​ពេល​ប្រហែល​ ១០​ នាទី​នៅ​កន្លែង​សាធារណៈ​»។ ​

បន្ទាប់​មក ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង​ ដោយ​សារ​គាត់​ជេរ​ម៉ែ​​ខ្ញុំ ​ខ្ញុំ​ជេរ​គាត់​វិញ​ ​និង​បាន​និយាយ​ថា​​ «​អញ្ញ​វៃ​ហែង​មួយ​អាយ​កូម​ឡូវ​»​ ប៉ុន្តែ​មិន​បាន​វាយ​លោក បញ្ញា ទេ។

​ដោយ​ឈរ​នៅ​កន្លែង​ដដែល​នៅ​ថ្ងៃ​អង្គារ​ ​លោក ចំណាន ​បាន​ថ្លែង​ថា លោក បញ្ញា ​បាន​ត្រឡប់​មក​វិញ​ និង​បាន​អូស​​រូប​លោក​​ចូល​ទៅ​ក្នុង​ការ៉ាស់​​មួយ​​ ​ហើយ​​ជំរុញ​​ឲ្យ​រូប​លោក​​សុំ​ទោស ពី​មុន​ពេល​បន្ត​ទាត់​​​រូប​លោក​​។ «​ខ្ញុំ​បាន​លត់​ជង្គង់​សុំ​ទោស​គាត់​ភ្លាម​ៗ​​នោះ​។ គាត់​បាន​និយាយ​​​​ថា គាត់​អាច​វៃ​ខ្ញុំ​ពេល​ណា​ក៏​បាន​​ឲ្យ​តែ​គាត់​ចង់ ​ហើយ​បន្ទាប់​មក​​គាត់​បាន​ចាក​ចេញ​»។

​លោក ចំណាន បាន​ថ្លែង​ថា ខ្ញុំ​ខ្មាសគេ​ដោយ​សារ​វីដេ​អូ​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​បណ្តាញ​​ហ្វេស​ប៊ុក​ ​ប៉ុន្តែ​លោក​នៅ​តែ​ចង់​​​ឲ្យ​​លោក បញ្ញា ជាប់​ពន្ធនាគារ​។ ​លោក​បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​ចង់​បាន​យុត្តិធម៌​។ ​ខ្ញុំ​​ចង់​ឲ្យ​គាត់​​ជាប់​ពន្ធនាគារ​​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​​ដាក់​​ខ្ញុំ​»។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​រាជ​ធានី​ លោក លី សុផាន់​ណា​ បាន​ថ្លែង​ថា ​​​​ព្រះ​រាជ​អាជ្ញា​ លោក សៀង សុខ​ នៅ​​កំពុង​សាក​សួរ​លោក​ បញ្ញា ​និង​កំពុង​ពិនិត្យ​ភ័ស្តុតាង​​នៅ​ឡើយ​​​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​​ទី​ ១០ ខែ​មករា៕ PS​ ​