ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​បាន​កំពុង​បន្ត​សាកសួរ​បុរស​ជនជាតិ​ចិន​ចំនួន​ ២ ​នាក់ ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​គ្រឿងញៀន​ជាង​ ៧០ ​គីឡូក្រាម បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១២ ខែឧសភា ​នៅ​រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​នៅ​ថ្ងៃទី​ ១៦ ខែឧសភា​ថា ជនសង្ស័យ​មាន ឈ្មោះ LIU JIC ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ CHAN HUNG FAI ភេទ​ប្រុស អាយុ​ ៥៨ ​ឆ្នាំ ពួកគេ​ជា​ជនជាតិ​ចិន​។

លោក សុង ថ្លែងថា ពួកគេ​ទាំង​ ២ ​នាក់​កំពុង​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​នៅឡើយ​ទេ រហូតដល់​ថ្ងៃទី​ ១៦ ​ឧសភា​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ គឺជា​បក្ខពួក​តែមួយ​ជាមួយគ្នា​នឹង​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​ចំនួន​ ៥ ​នាក់ ដែល​តុលាការខេត្ត​ស្វាយរៀង​ឃុំ​ខ្លួន​ពី​អាទិត្យ​មុន​»​។

យោងតាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នៅ​ថ្ងៃទី​ ១៦ ខែឧសភា បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ១៩ និង​ ៥ ​នាទី កម្លាំង​ជំនាញ​ចម្រុះ​បាន​សហការ បង្ក្រាប​ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​តាម​ផ្លូវគោក​នៅ​ចំណុច​ទល់មុខ​ផ្សារ​ម៉ាតស៊ីផ្លេស ក្នុង​បុរី​ប៉េងហួត​បឹងស្នោ និង​ឆែកឆេរ​លំនៅឋាន​ជនសង្ស័យ ដោយ​បាន​ឃាត់ខ្លួន​បាន​មេខ្លោង​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​ ២ ​នាក់​ដែលមាន​ឈ្មោះ LIU JIC ភេទ​ប្រុស អាយុ​ ៤០ ​ឆ្នាំ និង​ឈ្មោះ CHAN HUNG FAI ភេទ​ប្រុស អាយុ​ ៥៨ ​ឆ្នាំ អ្នក​ទាំង​ ២ ​ជា​ជនជាតិ​ចិន​។

កម្លាំងចម្រុះ​រឹបអូស​បាន​វត្ថុតាង​សារធាតុញៀន​មាន​ចំនួន​ ៣ ​ប្រភេទ​ដូចជា អ៊ិចស្តាស៊ី ហេរ៉ូអ៊ីន និង​មេតំហ្វេតាមីន​ប្រមាណ​ជាង​ ៧០ ​គីឡូក្រាម​។

ដោយឡែក​នៅ​តុលាការខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​ ១២ ខែឧសភា បានសម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ជា​ជនជាតិខ្មែរ ២ នាក់ និង​បុរស​ជនជាតិ​វៀតណាម ៣ ​នាក់​ក្នុង​ពន្ធនាគារ​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ខេត្តស្វាយរៀង ខេត្ត​កណ្តាល និង​នៅ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​នេះ​។

ជនសង្ស័យ​ទាំង​ ៥ ​នាក់ ជា​ក្រុម​តែ​ ១ ជាមួយ​ជនសង្ស័យ​បុរស​ចិន​ ២ ​នាក់ ខាងលើ ។ ពួកគេ​ទាំង​ ៥ ​នាក់​នេះ​ត្រូវ​រង​ការចោទប្រកាន់​នៅក្រោម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕