ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បន្ត​នីតិវិធី​ស៊ើបអង្កេត​ឡើងវិញ​ពាក់ព័ន្ធ​សំណុំរឿង​បុរស​ម្នាក់​បង្ហោះ​រូបអាក្រាត​របស់​សង្សារ​ខ្លួន​ក្រោយពេល​បែកផ្លូវ​គ្នា ហើយ​បាន​គំរាម​ទារប្រាក់​ ៥០០ ​ដុល្លារ​ពី​ស្ត្រី​គូស្នេហ៍ ដែល​ត្រូវ​ខាង​ស្រី​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ វិច្ឆិកា នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​ផ្នែក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ឈ្មោះ រ៉ាន់ សុគន្ធ ដែល​ពាក់ព័ន្ធ​ការបង្ហោះ​រូប​របស់​សង្សារ​ខ្លួន​នោះ គឺ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​លើ​សំណុំរឿង និង​បន្តទៅ​ស៊ើបអង្កេត​ឡើងវិញ ដោយសារ​តែ​រឿងរ៉ាវ​ដែល​ខាង​ស្ត្រី​រងគ្រោះ​ចោទ​ភាគី​ខាង​បុរស​នោះ​កើតឡើង​រយៈពេល​ជាង​ ១ ​ឆ្នាំ​កន្លង​មក​ហើយ​។

លោក គឹមឡុង បាន​ឲ្យ​ដឹង​ទៀតថា សំណុំ​រឿង​នេះ​ក្រោយពី​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ​បញ្ជូន​ជនសង្ស័យ និងកំណត់ហេតុ​មក​គឺ​អយ្យការ​បាន​សាកសួរ​ជនសង្ស័យ​ ប៉ុន្តែ​ជនសង្ស័យ​បានប្រកែក​ដោះសា​ពី​ការចោទប្រកាន់​ពាក់ព័ន្ធ​ការបង្ហោះ​រូបភាព​អាក្រាត​របស់​ស្ត្រី​ជា​សង្សារ​នោះ​។ ប៉ុន្តែ ប្រសិន​បើ​រឿងនេះ​តុលាការ​រកឃើញ​ថា​ជនសង្ស័យ​ពិតជា​ប្រព្រឹត្ត​មែន​នោះ​ទោស​នេះ​មាន​លក្ខណៈ​ស្រាល​ទេ ដែល​ប្រហែល​ជា​ជាប់ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក គឹមឡុង ថ្លែង​ប្រាប់ថា​៖ «​រឿងនេះ​ខាង​អយ្យការ​ពិនិត្យមើល​អង្គហេតុ​ឃើញថា មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការចោទប្រកាន់​ជន​នោះ​នៅឡើយ​ទេ ព្រោះ​ត្រូវ​ស៊ើបអង្កេត​បន្ថែមទៀត​»​។

លោក ម៉ៅ សៀត អធិការរង​នគរបាល ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​មាន​ឈ្មោះ រ៉ាន់ សុគន្ធ អាយុ ២៣ ឆ្នាំ រីឯ នារី​ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ឈ្មោះ គ.ស.ឡ អាយុ​ ២០ ​ឆ្នាំ​មាន​លំនៅ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ ពាក់ព័ន្ធ​ការចាប់ខ្លួន​នេះ​គឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព តែ​ចំណុច​ខ្លះ​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ដែល​ចម្លើយ​នេះ បើ​ប្រៀបធៀប​នឹង​ចម្លើយ​របស់​នារី​រងគ្រោះ​។ ប៉ុន្តែ​បើ​តាម​អង្គហេតុ​ និង​ចម្លើយ​របស់​ជនសង្ស័យ និង​នារី​រងគ្រោះ​បង្ហាញ​ថា​វា​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា​។

លោក សៀត ថ្លែង​ប្រាប់ថា​៖ «​ជាធម្មតា​រឿង​ខ្លះ​ជនសង្ស័យ​ឆ្លើយ​ដោះ​បន្ទុក​ទៅ ហើយ​ក៏​មាន​ចម្លើយ​ត្រឹមត្រូវ​ខ្លះ​ដែរ​ដែល​បង្ហាញ​ពី​ការប្រព្រឹត្ត​ល្មើស​របស់​ជនសង្ស័យ​» ។

យោង​កំណត់ហេតុ​របស់​សមត្ថកិច្ច​បង្ហាញថា ជនសង្ស័យ​ធ្លាប់​ស្រឡាញ់​គ្នា​ជាមួយ​នារី​រងគ្រោះ​ពី​អំឡុង​ឆ្នាំ​ ២០១៦ រហូត​ដល់​ចុង​ឆ្នាំ​ ២០១៨​។ ដោយមាន​ទាំង​ថតរូប និង​ថត​វីដេអូ​ទុក​ក្នុង​ទូរស័ព្ទដៃ​ផង​។ ប៉ុន្តែ​ក្រោយមក​ក៏មាន​ទំនាស់​គ្នា ដោយសារ​តែ​នារី​រងគ្រោះ​សុំ​ចែកផ្លូវ​គ្នា​ជាមួយ​ជនសង្ស័យ​។

ក្រោយពី​មានទំនាស់​នឹង​គ្នា​មក ជនសង្ស័យ​បាន​យក​រូបថត​ដែល​ពួកគេ​ថត​ជាមួយ​គ្នា​បង្ហោះ​ដែល​មាន​ទាំង​រូបភាព​ និង​រូបថត​វីដេអូ​អាសអាភាស​បញ្ជូន​ចូល​ទៅ​ទូរស័ព្ទដៃ​របស់​នារី​រងគ្រោះ​ជា​សង្សារ​តាម​ប្រព័ន្ធ Messenger Facebook​។ មិន​តែ​ប៉ុណ្ណោះ​ជនសង្ស័យ​បាន​គំរាម​នារី​រងគ្រោះ​ទារលុយ​ចំនួន ៥០០ ​ដុល្លារ​ថែមទៀត តែ​នារី​រងគ្រោះ​មិន​ឲ្យ​ហើយ​ក៏​រក​វិធី​ល្បួង​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន​។

កំណត់ហេតុ​ដដែល​នេះ​បានបង្ហាញ​បន្តថា មុន​មាន​ការចាប់ខ្លួន​នេះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៨ ក្រុមគ្រួសារ​ទាំងសង​ខាង​បាន​ជួបគ្នា​ធ្វើ​កិច្ចសន្យា​មិន​បង្ហោះ​រូបថត​វីដេអូ​អាសអាភាស​ទៅខាង​ក្រៅ​ទេ និង​ឲ្យ​ទូរស័ព្ទដៃ​ជនសង្ស័យ​ទៅ​ជនរងគ្រោះ​លុប​រូបថត​វីដេអូ​អាសអាភាស​ទាំងអស់​ពី​ក្នុង​ទូរស័ព្ទ​ជនសង្ស័យ​។

ប៉ុន្តែ​នៅ​ថ្ងៃទី​ ២៨ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ វេលា​ម៉ោង​ ៧ ​និង​ ១៥ ​នាទី ព្រឹក​ក៏​មាន​គេ​ផ្ញើ​រូបថត​វីដេអូ​អាសអាភាស​របស់​នារីរងគ្រោះ​តាម​ប្រព័ន្ធ Messenger Facebook ចូល​ទូរស័ព្ទដៃ​របស់​នាង​ដែល​ឃ្លីប​វីដេអូ​នោះ ជនសង្ស័យ​បាន​ចែកចាយ​បង្ហោះ​ចូល​ក្នុង​ក្រុម (group)​។

កំណត់ហេតុ​បង្ហាញថា ដោយសារ​ចង់​ចាប់ខ្លួន​ជនសង្ស័យ​នោះ​នៅ​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃ​ដដែល នារី​រងគ្រោះ និង​ក្រុម​គ្រួសារ​បាន​ណាត់ជួប​ជនសង្ស័យ​នៅ​វត្ត​និរោធ ហើយ​គ្រួសារ​របស់​នារី​រងគ្រោះ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​និរោធ​តែ​ម្តង​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ​ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​រក​ប្រភព​ទាក់ទង​ជនរងគ្រោះ ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕