ភ្នំពេញ: មន្ត្រីនគរបាល​ខណ្ឌ​កំបូល​បាន​ឲ្យ​ដឹងថា បុរស​ជា​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ចំនួន ១២ ​នាក់​ កំពុង​ស្ថិតក្នុង​នីតិវិធី​​សាកសួរ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​នគរបាល​បញ្ជូន​ខ្លួន​ដល់​តុលាការ ក្រោយ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​តាមផ្លូវ​ជាតិ​លេខ​ ៣ ចាប់ពី​ផ្សារ​អង្គតាសោម​ខេត្ត​តាកែវ និង​ពី​ផ្លូវជាតិ​លេខ​ ៤ ​ខេត្ត​កំពង់ស្ពឺ​មកដល់​ភ្នំពេញ​។

លោក​ ហង្ស មុនី អធិការ​នគរបាល​ខណ្ឌ​កំបូល​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា ក្រុម​ជនសង្ស័យ​ទាំង​ ១២ ​នាក់​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​របស់​លោក​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៨ ​ខែ​កញ្ញា ហើយ​បើតាម​លោក​ដឹង​​គឺ​តុលាការ​កំពុង​សាកសួរ​ពួកគេ​ ជុំវិញ​ករណី​ប្លន់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​។

លោក​បន្តថា ការចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ ក្រោយពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​ធាក់​ផ្ដួល​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ​នៅ​តាម​ផ្លូវជាតិ​លេខ​​ ៣ ចាប់​ពី​ផ្សារ​អង្គតាសោម ខេត្ត​តាកែវ មក​ភ្នំពេញ និង​ផ្លូវជាតិ​លេខ​ ៤ ចាប់ពី​ខេត្ត​កំពង់ស្ពឺ មក​ដល់​ភ្នំពេញ​។ ពួកគេ​បានដាក់​ពង្រាយ​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៣ និង​លេខ​ ៤ ប៉ុន្ដែ​មាន​បក្ខពួក​ខ្លះ​ស្នាក់នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​ ហង្ស មុនី បញ្ជាក់ថា​៖ «​ដោយមាន​ការរាយការណ៍ និង​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ សមត្ថកិច្ច​យើង​ក៏​ចុះ​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់ តាំងពី​ដើម​សប្ដាហ៍​មុន​ដោយ​បាន​ដកហូត​ម៉ូតូ​ចំនួន​ ៥ ​គ្រឿង​ ដែល​ជា​មធ្យោបាយ​ជិះ​ចេញ​ប្លន់ និង​ជា​ម៉ូតូ​ដែល​ពួកគេ​ប្លន់​បាន​កន្លងទៅ​។ បន្ទាប់មក​យើង​បាន​សាកសួរ​បក្ខ​ពួកគេ ប៉ុន្ដែ​នៅ​មិនទាន់​អស់​នៅឡើយ​ទេ យើង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ ៣ ​នាក់​ទៀត​»​។

យ៉ាងណាក្ដី ភ្នំពេញ ​ប៉ុស្ដិ៍ ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ដំណើរការ​នីតិវិធី​នៃ​សំណុំរឿង​​នេះ ពី​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ​កាលពី​ម្សិលមិញ​។

បើ​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល បុរស​ជា​ជនសង្ស័យ​ទាំង​ ១២ ​នាក់​នោះ រួមមានៈ ទី​១- ​ឈ្មោះ ឌី សុវណ្ណារ៉ា អាយុ​ ១៨ ​ឆ្នាំ ទី​២- ​ឈ្មោះ​ រ៉េត សុវណ្ណារ៉ា អាយុ​ ២៤ ​ឆ្នាំ ទី​៣- ​ឈ្មោះ​ ទន់ សុភារិទ្ធ ហៅ អ៊ូក អាយុ​ ២០ ​ឆ្នាំ ទី​៤- ​ឈ្មោះ ឡុង បញ្ញា​ហៅ ភ័ក្រ អាយុ​ ២៣ ​ឆ្នាំ ទី​៥- ​ឈ្មោះ​ ម៉ៅ សុវណ្ណារ៉ា ​ហៅ រ៉ា អាយុ​ ១៨ ​ឆ្នាំ ទី​៦- ​ឈ្មោះ តារា វី ហៅ វី អាយុ​ ២០ ​ឆ្នាំ ទី​៧- ​ឈ្មោះ ឡេង គឹមលុយ អាយុ​ ១៨ ​ឆ្នាំ ទី​៨- ​ឈ្មោះ សាវុធ ពិសី ហៅ សី អាយុ​ ១៨ ​ឆ្នាំ ទី​៩- ​ឈ្មោះ ​ណយ សុផាន់ ហៅ ប៉ាន់​អាយុ​ ២១ ​ឆ្នាំ ទី​១០- ​ឈ្មោះ នួន ​សំណាង ហៅ អេត អាយុ​ ២០ ​ឆ្នាំ ទី​១១- ​ឈ្មោះ ជុន សុជាតិ អាយុ​ ២២ ​ឆ្នាំ និង​ទី​១២- ​ឈ្មោះ​ ឡុង វណ្ណដេវីត អាយុ​ ២៣ ​ឆ្នាំ​។

របាយការណ៍​ដដែល​បន្ត​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ហង្ស មុនី អធិការ​នគរបាល​ខណ្ឌ​កំបូល និង​លោក ឈឹម សាវុទ្ធ អធិការរង​ដោយ​​មាន​កិច្ចសហការ​ពី​សំណាក់​​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​​រាជធានី​ភ្នំពេញ និង​ស្រុក​/​ខណ្ឌ​ជាប់​ព្រំប្រទល់ រួមមាន ខេត្ត​កណ្តាល កំពង់ស្ពឺ និង​បាត់ដំបង រហូត​ឈាន​ដល់​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើនេះ​បាន​​ដើម្បី​យក​មក​ផ្ដន្ទាទោស​៕

វីដេអូ៖