ភ្នំពេញៈ បុរស​វៀតណាម ៣ ​នាក់​ កំពុង​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​កាលពី​ម្សិលមិញ​បន្ទាប់ពី​សមត្ថកិច្ច​ចាប់បញ្ជូន​ដល់​តុលាការ​កាលពី​ថ្ងៃទី​ ២៥ ខែមករា ពាក់ព័ន្ធ​ចាប់​បង្ខាំង​បុរស​វៀតណាម​ម្នាក់​ជំរិត​ទារប្រាក់​ចំនួន​ ៣០០ ​លាន​ដុង​។

បុរស​វៀតណាម​រូបនេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៣ ខែមករា​ នៅ​ផ្ទះ​សំណាក់​ឈ្មោះ ហេង ឡុង ក្នុង​សង្កាត់​បឹងព្រលឹត ខណ្ឌ​ ៧ ​មករា​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ករណី​ជនជាតិ​វៀតណាម​ ៣ ​នាក់​ ដែល​សមត្ថកិច្ច​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី ២៥ ខែ​មករា​ នោះ​រហូត​មកដល់​ថ្ងៃ​ម្សិលមិញ អយ្យការ​កំពុង​សាកសួរ​ពួកគេ ប៉ុន្តែ​មិនទាន់​ចោទប្រកាន់​ទេ​។ លោក​បញ្ជាក់ថា​៖ «​ជនជាតិ​វៀតណាម​ ៣ ​នាក់​នោះ​ កំពុង​នៅ​ដំណាក់កាល​អយ្យការ​មិន​ទាន់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ទេ​»​។

លោក វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិលមិញ​ថា ករណី​ក្រុម​សង្ស័យ​ជា​ជនជាតិ​វៀតណាម ៣ ​នាក់​ ដែល​កម្លាំង​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​នោះ​កំពុង​ត្រូវ​អយ្យការ​អម​សាលាដំបូង​សាកសួរ​។

លោក​បញ្ជាក់ថា ករណី​ចាប់ជំរិត​ទារប្រាក់​នេះ​មិនមែន​ជនជាតិ​ចិន​ចាប់ជំរិត​ជនជាតិ​វៀតណាម​នោះទេ តែ​ជនជាតិ​វៀតណាម​ចាប់​ជនជាតិ​វៀតណាម​គ្នាឯង​។

លោក​បន្តថា ដើមហេតុ​នៃ​ការចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​នេះ​គឺ​ក្រុម​ជនសង្ស័យ​បាន​ល្បួង​ជនរងគ្រោះ​ឈ្មោះ Phom Quang Dung អាយុ​ ៥៧ ​ឆ្នាំ​ដែល​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​ទៅ​លេង​ល្បែង​នៅកាស៊ីណូ​ណាហ្គា​។

ក្រោយពី​លេងល្បែង​ចាញ់ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​ជនរងគ្រោះ​ទៅ​បង្ខាំង​នៅក្នុង​បន្ទប់​នៃ​ផ្ទះសំណាក់​មួយកន្លែង​ដែល​មាន​យីហោ​ឈ្មោះ ហេងឡុង​ ១ ភូមិ​ ៤ ក្រុម​ ២២ ផ្លូវ​លេខ​ ១១១ សង្កាត់​បឹងព្រលឹត ខណ្ឌ​ ៧ ​មករា ហើយ​ក្រុម​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ជនរងគ្រោះ ដើម្បី​ទារលុយ​។ ​សមត្ថកិច្ច​ចម្រុះ​មិនឃើញ​ជនរងគ្រោះ​មាន​ស្លាកស្នាម​អ្វី​ដែល​ជា​ការវាយដំ​នៅលើ​ខ្លួន​ទេ​។

លោក​បន្តទៀត​ថា​៖ «​ក្រុម​ជនសង្ស័យ​គ្រាន់តែ​គំរាមកំហែង មិនទាន់​ដល់​​ថ្នាក់​ធ្វើ​ទារុណកម្ម​ទេ​គ្រាន់​តែ​បង្ខាំង​ជនរងគ្រោះ​ទុក​ទេ​»​។

ចំពោះ​មូលហេតុ​ដែល​ធ្វើឲ្យ​សមត្ថកិច្ច​របស់លោក​បង្ក្រាប និង​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​នោះ​គឺ​បន្ទាប់ពី​ជនសង្ស័យ ចាប់​ជនរងគ្រោះ​បង្ខាំង​ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ជន​រងគ្រោះ​នៅ​ប្រទេស​វៀតណាម​។

ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​វៀតណាម ហើយ​ខាង​អាជ្ញាធរ​វៀតណាម​បាន​សុំ​សហការ និង​ជូនដំណឹង​មក​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​​ដើម្បី​ចាត់ការ​។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ការចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​រួចមក លោក​ឧត្តមសេនីយ៍ឯក ង៉េង ជួ ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ស្នើសុំ​គោលការណ៍​ពី​នាយឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង​នគរបាលជាតិ​ព្រមទាំង​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មក​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​ ២៥ ខែមករា សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​នៅ​​ទីតាំង​ខាងលើ​ដោយ​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​បាន​ ៣ ​នាក់​។

បើតាម​លោក វិបុល ទឹកប្រាក់​ដែល​ជនសង្ស័យ​ជំរិត​ទារ​ពី​ប្រពន្ធ​ជន​រងគ្រោះ​គឺមាន​ចំនួន ៣០០ ​លាន​ដុង​។ ជនសង្ស័យ​បាន​ប្រាប់​ទៅ​ប្រពន្ធ​ជនរងគ្រោះ​ថា ទាល់តែ​ផ្ញើ​ប្រាក់​មក​ឲ្យ​ពួកគេ​ចំនួន ៣០០ ​លាន​ដុង ទើប​ពួកគេ​ព្រម​ដោះលែង​ជនរងគ្រោះ​ឈ្មោះ Phom Quang Dung៕