ភ្នំពេញៈ សាលាដំបូង​រាជធានីភ្នំពេញ​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ ស្នងការរង​នគរបាល​ខេត្តកំពត​ម្នាក់ និង​បក្ខពួក​ ២ ​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត​ ២ ​គីឡូក្រាម បន្ទាប់ពី​នគរបាល​ជំនាញ​ក្រសួងមហាផ្ទៃ​បាន​ចាប់​ឃាត់ខ្លួន​នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​កាលពី​យប់​ថ្ងៃទី​ ៦ ខែមេសា​។

លោក​ ម៉ក់ ជីតូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ជន​ទាំង​ ៣ ​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ​ចាប់បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​ ២ ​គីឡូក្រាម​។

លោក​ ម៉ក់ ជីតូ បាន​បន្តថា ជនសង្ស័យ​ឈ្មោះ អ៊ឹម ឈួន ​អាយុ ៥១ ​ឆ្នាំ​ មាន​តួនាទី​ជា​ស្នងការង​ខេត្តកំពត​ទទួល​ផែន​ពន្លត់​អគ្គិភ័យ និង​អាវុធជាតិផ្ទុះ រួមទាំង​បក្ខពួក​របស់គាត់​ ២ ​នាក់​ទៀត​ឈ្មោះ​ កែវ ទិត្យមេសា អាយុ ២១ ​ឆ្នាំ និង​ឈ្មោះ​ ហុង គា អាយុ​ ៦១ ​ឆ្នាំ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៦ ខែមេសា ឆ្នាំ​ ២០២១ នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ​ខាលែនឌែលម៉ល (​បឹងកក់​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ជាមួយ​វត្ថុតាង​គ្រឿងញៀន​ប្រភេទ Ice Methamphetamine ជិត ២ គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​មន្ត្រីនគរបាល​ជំនាញ​យើង កសាង​សំណុំរឿង​ចោទប្រកាន់​ក្នុង​បទល្មើស ជួញដូរ​សារធាតុ​ញៀន និង​បាន​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្តទៅ​តាម​នីតិវិធី​ច្បាប់​»​។

លោក​បាន​ឱ្យដឹង​ទៀត​ថា​៖ «​យោងតាម​ការសួរចម្លើយ​នៅពេល​នេះ​កម្លាំង​នគរបាល​ជំនាញ​យើង​កំពុង​ពង្រីក​ដែន​សមត្ថកិច្ច​ស៊ើបអង្កេត​ទៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ព្រោះ​ករណី​នេះ​មាន​ពាក់ព័ន្ធ​ជនសង្ស័យ​ជាច្រើន​ទៀត​ដែល​ត្រូវ​តាម​ស្វែងរក​ចាប់ខ្លួន​»​។

យ៉ាងណា​ក៏ដោយ​លោក ជីតូ មិនបាន​បញ្ជាក់​ឱ្យបាន​លម្អិត​អំពី​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​មួយចំនួន​ទៀត​ក្នុង​សំណុំ​រឿងនេះ ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​នោះទេ ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការស៊ើបអង្កេត​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា តុលាការ​កំពុង​សាកសួរ​ជនសង្ស័យ​ទាំង​ ៣ ​នាក់​នៅឡើយ​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែងថា ករណីនេះ​សមត្ថកិច្ច​គួរ​ដាក់​ស្ថាន​ទម្ងន់ទោស​ឱ្យបាន​ធ្ងន់ធ្ងរ ទៅលើ​បុគ្គល​ដែលជា​មន្ត្រី​អនុវត្ត​ច្បាប់ តែ​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទល្មើស​ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​មន្ត្រី​សមត្ថកិច្ច​ផ្សេងទៀត ដែល​កំពុង​បំពេញ​តួនាទី​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថិរភាព​ និង​សន្តិសុខ​សង្គម​។

លោក​ ករុណា ​ថ្លែងថា​៖ «​យើង​សូមឱ្យ​មាន​ការត្រួតពិនិត្យ​បន្ថែមទៀត​ទៅលើ​បុគ្គល​មួយចំនួន​ទៀត​ព្រោះ​ករណី​បែប​នេះ មិនមែន​មាន​តែ​បុគ្គល​ ២-៣ ​នាក់​នោះទេ វា​អាច​មាន​អ្នកពាក់ព័ន្ធ​ច្រើន​ទៀត​»៕

វីដេអូ៖