ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​និង​កំពុង​សាក​សួរ​បុរស​ម្នាក់​ឈ្មោះ ​ហ៊ឹម រ៉ាខឆៃយ៉ា ករណី​ក្លែង​បន្លំ​ឋានៈ​តួនាទី និង​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាតិ​ថ្នាក់​ឧត្តមសេនីយ៍​ត្រី (ផ្កាយ ១) និង ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ហើយ​ដើរ​បោក​លុយ​ពលរដ្ឋ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​បណ្ដឹង​ជន​រងគ្រោះ​ម្នាក់​ កាល​ពី​ថ្ងៃ ៩ ខែ មីនា។

លោក គុជ គឹមឡុង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ព្រះ​រាជអាជ្ញា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​បញ្ចប់​ការ​សាកសួរ​បុរស​ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា អាយុ​ ២៩ ឆ្នាំ ស្នាក់​នៅ​សង្កាត់​ បឹងកេងកង ខណ្ឌ​ បឹងកេងកង និង​បាន​ចោទ​ប្រ​កាន់​បុរស​រូប​នេះ​មុន​ពេល​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ប៉ុន្ដែ ​លោក​ចៅក្រម​មិន​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយ​ទេ ដោយ​កំពុង​បន្ត​នីតិវិធី​សាកសួរ។

លោក​បញ្ជាក់​ថា៖ «លោក​ព្រះ​រាជ​អាជ្ញា​បាន​សាក​សួរ​រួច​រាល់​ហើយ ដោយ​បាន​ចោទ​ពី​បទ​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ប្រើ​ប្រាស់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​បន្ត​ទៀត​បើ​មាន​ការ​សម្រេច​យ៉ាង​ណា​ទៀត ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​ទៀត»។

មន្ត្រី​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​​មហាផ្ទៃ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ កាល​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​លោក​បាន​បញ្ជូន​សំណុំ​រឿង​និង​ជន​សង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​មន្ត្រី​ជំនាញ​ត្រូវ​ធ្វើ​ការងារ​តាម​នីតិវិធី​ច្បាប់ ពីព្រោះ​អំពើ​នេះ​ប៉ះ​ពាល់​កិត្តិយស​មន្ត្រី​នគរបាល​ខ្លាំងណាស់។

លោក​បាន​បន្ត​ថា ការ​ក្លែង​ឯកសារ​សាធារណៈ ក្លែង​បន្លំ ឋានៈ តួនាទី​ជា​មន្ត្រី​នគរបាល​ជាតិ គឺជា​អំពើ​ខុស​ច្បាប់ ដែល​មិន​អាច​លើក​លែង​ទោស​បាន​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​រួចរាល់​ហើយ​ កាល​ពី​ថ្ងៃទី ៩ ខែ​មីនា គឺ​យើង​ទុក​ឲ្យ​តុលា​ការ​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់​ឲ្យ​តឹង​រ៉ឹង​បំផុត ព្រោះ​វា​ជា​គំរូ​អាក្រក់ ប៉ះពាល់​កិត្តិយស​មន្ត្រី​សាធារណៈ»។

មន្ត្រី​នគរបាល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បាន​អះអាង​ថា ជន​សង្ស័យ​បាន​សារភាព​ប្រាប់​ទៅ​សមត្ថកិច្ច​ថា ខ្លួន​ពិត​ជា​ផ្តើម​គំនិត​ប្រើ​ប្រាស់​ក្លែង​ឯកសណ្ឋាន ឋានៈ​តួនាទី ក្រប​ខ័ណ្ឌ​នគរបាល​ជាតិ តាំង​ពី​អំឡុង​ឆ្នាំ ២០១៦​ មក ហើយ​អត្តសញ្ញាណប័ណ្ណ​នគរបាល​ជាតិ និង​ទម្រង់​ទាំង​អស់​គឺ​ខ្លួន​បាន​ចម្លង​តាម​ហ្វេសប៊ុក ដែល​ឃើញ​គេ​បង្ហោះ។ ចំណែក​ស័ក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​នេះ ខ្លួន​បាន​ទិញ​ពី​ផ្សារ​មក​ពាក់ រីឯ អាវុធខ្លី​ ១ ដើម រូបគេ​បាន​ទិញ​ពី​អ្នក​ស្គាល់​គ្នា​ម្នាក់។

លោក​បន្ត​ថា ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ការិយា​ល័យ​ស៊ើបការណ៍នៃ​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​ មហាផ្ទៃ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី ៩ ខែមីនា​ រួច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ ពាក់​ព័ន្ធ​ករណី​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ​និង​ឋានៈ​តួនាទី​ជា​ឧត្តមសេនីយ៍ និង​កាន់​កាប់​អាវុធ​ខ្លី​ស៊េរី​ទំនើប​ខុស​ច្បាប់​ទៅ​ឆបោក​ប្រាក់​ពលរដ្ឋ​ម្នាក់​នៅ​សង្កាត់​ បឹងកក់ ២ ខណ្ឌ​ទួលគោក​ចំនួន​ ១០៥ ០០០ ដុល្លារ។

លោក​បាន​បន្ត​ថា ជន​រងគ្រោះ​ឈ្មោះ ហ៊ុន ចាន់​ថុល ភេទ​ស្រី អាយុ​ ៣៨ ​ឆ្នាំ បាន​រៀបរាប់​ប្រាប់​មន្ត្រី​នគរបាល​ថា អ្នកស្រី​បាន​ប្ដឹង​ជន​សង្ស័យ​ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់​គ្នា​កន្លង​មក។

អ្នក​ស្រី​ថា កាល​ពី​ថ្ងៃទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៩ បុរស​រូប​នេះ បាន​​ទៅ​និយាយ​លួង​លោម​អ្នកស្រី​ដល់​ផ្ទះ​នៅ​ភូមិ​ចម្រើន​ផល សង្កាត់​ បឹងកក់ ២ ខណ្ឌ​ទួលគោក ​ដើម្បី​បង្គាប់​ឲ្យ​អ្នក​ស្រី​រក​ប្រាក់​ចំនួន​ ១០៥ ០០០ ដុល្លារ​ឲ្យ​គាត់​ខ្ចី​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​កិច្ច​ការ​ដោយ​ជន​សង្ស័យ​បាន​ធានា​ថា ក្នុង​រយៈពេល​ ១ ខែ នឹង​បង្វិល​ប្រាក់​សង​ឲ្យ​វិញ​គ្រប់​ចំនួន។

អ្នក​ស្រី​ប្រាប់​សមត្ថកិច្ច​ទៀត​ថា លុះ​ដល់​ថ្ងៃ​កំណត់​ ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា បាន​ព្យាយាម​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ ហើយ​បាន​បិទ​ទូរស័ព្ទ។ លុះ​ដល់​​ខែ​មីនា ឆ្នាំ​ ២០២០ នេះ អ្នកស្រី​បាន​ព្យាយាម​ទាក់​ទង​ទៅ​ឈ្មោះ ហ៊ឹម រ៉ាខឆៃយ៉ា ម្ដង​ទៀត​ឲ្យ​មក​ផ្ទះ​អ្នកស្រី​ដើម្បី​ជជែក​គ្នា​ពី​រឿង​ប្រាក់​ជាង​ ១០ ម៉ឺន​ដុល្លារ​នោះ​ដោយ​ពេល​នោះ​អ្នក​ស្រី​បាន​ប្ដឹង​សមត្ថ​កិច្ច​ឲ្យ​មក​ឃាត់​ខ្លួន​តែ​ម្ដង៕