បន្ទាយមានជ័យៈ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កំពុងបន្តធ្វើការសាកសួរជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៩ នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្លិបកម្សាន្តធំមួយក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជូនដល់តុលាការកាលពីព្រឹកថ្ងៃទី ១៦ មិថុនា។
លោក រឿន លីណា អ្នកនាំពាក្យឲ្យសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងកាលពីម្សិលមិញថា ព្រះរាជអាជ្ញាកំពុងសាកសួរពួកគេ។ «ជនសង្ស័យទាំង ៩ នាក់នោះ ជាជនត្រូវឃាត់ខ្លួនមកពីក្លិបកម្សាន្តហើយអយ្យការកំពុងសាកសួរមិនទាន់គ្រប់គ្នាផងទេ»។
លោក ស ប៊ុនសឿង ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងកាលពីម្សិលមិញដែរថា ពាក់ព័ន្ធការបង្ក្រាបក្លិបកម្សាន្តនេះ គឺកម្លាំងរបស់លោកឃាត់ខ្លួនបានមនុស្ស ៩ នាក់ ជាជនជាតិខ្មែរ ក្នុងនោះ មាន ៣ នាក់ ជាអ្នកជួញដូរគ្រឿងញៀន តែលោកមិនចាំឈ្មោះទេ និងមានអាយុចន្លោះពី ២៧ ឆ្នាំទៅ ៣៩ ឆ្នាំ។
លោកប្រាប់ថា៖ «ខាងសមត្ថកិច្ចអាវុធហត្ថខ្ញុំបានរកឃើញអ្នកជួញដូរ ៣ នាក់ ហើយ ៦ នាក់ ជាអ្នកប្រើប្រាស់នោះបើតុលាការសម្រេចបញ្ជូនពួកគេទៅមន្ទីរបន្សាបគ្រឿងញៀនក៏ជាការសម្រេចរបស់តុលាការ។ ប៉ុន្តែខ្ញុំត្រូវតែបំពេញនីតិវិធី បញ្ជូនពួកគេទៅតុលាការទាំងអស់ហើយ»។
លោករំឭកប្រាប់ថា ក្នុងប្រតិបត្តិការកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ចូលទៅក្នុងក្លិបដែលមានយីហោឈ្មោះ A J R ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។
ក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចឆែកឆេររកឃើញម្សៅពណ៌សចំនួន ១១២ ថង់តូច, គ្រាប់ថ្នាំម៉ាកហ្វាយៗ ៣១ គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវ ១១៤ គ្រាប់, ថ្នាំគ្រាប់ពណ៌លឿង ៥៩ គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ១១៤ គ្រាប់, ថ្នាំគ្រាប់ពណ៌កាហ្វេ ១៨ គ្រាប់ និង ១ កំណាត់, ថ្នាំគ្រាប់ពណ៌ត្រួយចេក ១៣ គ្រាប់ ដែលសរុបចំនួន ៣៤៩ គ្រាប់។ ក្រៅពីនេះសមត្ថកិច្ចរឹបអូសបានថ្នាំគ្រវីប្រភេទទឹក ១៣ ដប, ថ្នាំប្រភេទកេតាមីនទឹក ១៥១ ដប, អាវុធខ្លីប្រភេទ Sig Sauer ចំនួន ១ ដើម បង់ចំនួន ១ និងគ្រាប់កាំភ្លើងខ្លីចំនួន ៦៣ គ្រាប់, រថយន្ត ១ គ្រឿងនិងម៉ូតូចំនួន ២ គ្រឿង៕