ព្រះសីហនុៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កំពុង​សាកសួរ​ជនសង្ស័យ​ ២០ ​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​​ ៤ ​នាក់​ បន្ទាប់ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​នៅក្នុង​ ៣ ​ទីតាំង​ផ្សេងគ្នា​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា នៅ​ក្រុង-ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន​ ៥២ ​កញ្ចប់​តូច និង​អាវុធខ្លី​ ១ ​ដើម​។

លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​​កាលពី​ម្សិលមិញ​ថា ករណី​នេះ​មាន​ព្រះរាជអាជ្ញារង​ ៣ ​រូប​ កំពុង​សាកសួរ​ពួកគេ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​ឈ្មោះ​ព្រះរាជអាជ្ញារង​ទាំង​នោះទេ​។

លោក​ប្រាប់ថា​៖ «​ព្រឹក​មិញ​នេះ​ (​ថ្ងៃទី​ ៤ ​ធ្នូ​) ​ជនសង្ស័យ​ទាំង​ ២០ ​នាក់​ កំពុង​ត្រូវបាន​ព្រះរាជអាជ្ញារង​សាកសួរ​ជា​បន្ត​-​បន្ទាប់​ហើយ​»។​

​លោក ឡុង គឹម​ហួរ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដែល​ដឹកនាំ​ប្រតិបត្តិការ​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ជនសង្ស័យ​ ២០ ​នាក់​នោះ​មាន​ខ្លះ​ជា​អ្នកប្រើប្រាស់​អ្នកជួញដូរ និង​ជា​អ្នកផ្តល់​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​ក្នុងនោះ​មាន​អ្នកលក់​ថ្នាំ​ ៣ ​ទៅ​ ៤ ​នាក់​ជា​មេខ្លោង​។ ​ពួកគេ​កំពុង​ត្រូវបាន​សួរ​ដោយ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​។

លោក​ប្រាប់ថា៖ « ឥឡូវនេះ​ពួកគេ​កំពុង​ត្រូវ​ព្រះរាជអាជ្ញារង​​ ៣ ​រូបសាក​សួរ ហើយ​ពួកគេ​មាន​ទាំង​អ្នកជួញដូរ អ្នក​ជក់​ថ្នាំញៀន និង​អ្នកផ្តល់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​»​។

លោក​បាន​រំឭក​ប្រាប់ថា ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ ៣ ​ទីតាំង​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ​គឺ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា​។ ក្នុងនោះ​​ទី​ ១ ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​​នៅ​ទីតាំង​ហ្គេម​បាញ់​ត្រី​នៅ​ម្តុំ​​វិមានឯករាជ្យ​ស្ថិតក្នុង​ក្រុម​ ២៧ ភូមិ​ ៣ សង្កាត់​ ៣ ក្រុង​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ ១៥ ​នាក់​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ ស៊ូ ទន់យី អាយុ​ ៤១ ​ឆ្នាំ និង​គ្រឿងញៀន​ ២២ ​កញ្ចប់​តូច​។ ​ទី​ ២ ទីតាំង​នៅ​ភូមិ​ថ្មី សង្កាត់លេខ​ ៣ ឆែក​ឃើញ​គ្រឿងញៀន​ ៨ ​កញ្ចប់ ដោយ​ចាប់​បាន​ម្នាក់ និង​ទី​ ៣ ទីតាំង​នៅមុខ​ផ្សារលើ​ដោយ​ចាប់​បាន​មនុស្ស​ ៤ ​នាក់​ និង​រឹបអូស​គ្រឿងញៀន​បាន​ ២២ ​កញ្ចប់​តូច​។

លោក​ថ្លែងថា​៖ «​កន្លែង​ទីតាំង​បាញ់​ត្រី​នេះ​ភាគច្រើន​មនុស្ស​ទៅ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​​នៅ​ទីនោះ​ជា​ប្រចាំ​ឥឡូវ​សមត្ថកិច្ច​យើង​ក៏បាន​បិទ​កន្លែង​ហ្គេម​បាញ់​ត្រី​នោះ​ហើយ​» ។

លោក​បាន​ឲ្យ​ដឹង​បន្ថែមថា​ក្រោយ​ប្រតិបត្តិការ​សមត្ថកិច្ច​ប្រមូល​វត្ថុតាង​ដែល​ទាក់ទង​នឹង​បទល្មើស​មាន​ដូចជា​អាវុធខ្លី ម៉ាក k59 ​ចំនួន​ ១ ​ដើម​,​ បង់​ ១ គ្រាប់​ ៧ ​គ្រាប់​,​ ដែកកេះ​ចំនួន​ ៨, ​ដាវ​ចំនួន ១, លុយ​ចំនួន​ ១២ ​ម៉ឺន​រៀល​,​ក្បាលមាន់​ផ្សារ​ចំនួន​ ២, ដែកឆាប​ចំនួន​ ១, កាំបិត​ចំនួន​ ៣, ម៉ូតូ​ចំនួន​ ៧ ​គ្រឿង​,​ខ្សៀ​ជក់​ចំនួន​ ១,​ដប​ជក់​ចំនួន​ ២ និង​ទូរស័ព្ទដៃ​ចំនួន​ ​១២ ​គ្រឿង​ផងដែរ​៕