The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពុង​សួរ​បុរស​ដែល​ថា ​ជា​ឧកញ៉ា​រឿង​ទំនាស់​ទិញ​ដី

តុលាការ​កំពុង​សួរ​បុរស​ដែល​ថា ​ជា​ឧកញ៉ា​រឿង​ទំនាស់​ទិញ​ដី

តុលាការ​កំពុង​សួរ​បុរស​ដែល​ថា ​ជា​ឧកញ៉ា​រឿង​ទំនាស់​ទិញ​ដី

កំពង់ស្ពឺ: ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ម្សិលមិញ​បាន​និង​កំពុង​សួរជន​សង្ស័យ​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​ឧកញ៉ា​ពាក់ព័ន្ធ​ការ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​រឿង​ទិញ​ដី​មិន​ឲ្យ​លុយ​ម្ចាស់​គ្រប់​ចំនួន។ នេះ​បើ​តាម​លោក អ៊ូ ផាត ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិលមិញ។

លោក អ៊ូ ផាត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ថា បន្ទាប់ពី​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ឈ្មោះ សូ សារឹម តាម​ដីកា តុលាការ​នោះ លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ដល់​ដៃ​ចៅក្រម​ស៊ើប​សួរ​ហើយ ដោយ​លោក​ចៅក្រម​កំពុង​បន្ត​ការ​សួរ​នៅ ឡើយ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី ១១ កុម្ភៈ​នេះ អាច​នឹង​ប្រកាស​ការ​សម្រេច​ជា​ផ្លូវការ។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​មិនទាន់​ដឹង​ចៅក្រម​សម្រេច​យ៉ាងណា ទេ ព្រោះ​ចំ​ថ្ងៃ​សម្រាក​អ៊ីចឹង លោក​ចៅក្រម​គាត់​កំពុង​ស៊ើប​សួរ ហើយ​រឿង​ហ្នឹង លោក ខៃ សម្ផស្ស ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ជា​អ្នក​កាន់​សំណុំ​រឿង​ហ្នឹង សួរ​គាត់​ទៅ​ដឹង​ហើយ ប៉ុន្ដែ​ខ្ញុំ​អត់​ស្គាល់​ឈ្មោះ​ចៅក្រម​កំពុង​សួរ​ទេ»។

លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត កំពង់ស្ពឺ​មិនអាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ។

ប៉ុន្តែ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ខៃ សម្ផស្ស តំណាង​អយ្យការ​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ចុះ​ថ្ងៃទី ១ កុម្ភៈ​បាន​បង្ហាញ​ថា៖ «បង្គាប់​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំខ្លួន​បុគ្គល​ឈ្មោះ សូ សារឹម ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​អង្គ្រង ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​ខេត្ត​ឲ្យ​បាន​មុន​ថ្ងៃទី ២១ កុម្ភៈ​ឆ្នាំ ២០១៩ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​រំលោភ​លើ​ទំនុក​ចិត្ត​ប្រព្រឹត្ត​នៅ​ភូមិ​រំលេច និង​ភូមិ​តារា ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ កាល​ពី​ថ្ងៃទី ៨ ខែ​មិថុនា​ឆ្នាំ ២០១៨»។

លោក ញ៉ែម សៅ ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ថ្លែងថា បន្ទាប់ពី​បាន​ទទួល​ដីកា​ពី​តុលាការ លោក​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​កាល​ពី​ថ្ងៃ ៧ កុម្ភៈ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃទី ៩ កុម្ភៈ រួច​ហើយ។

ជនសង្ស័យ​រូបនេះ ត្រូវបាន​ពលរដ្ឋ​ថា ជា​ឧកញ៉ា​រកស៊ី​ទិញ​ដី (អ្នក​គួកជេដី) ពី​ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ភូមិ​រំលេច​និង​ភូមិ​តារា ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ។

លោក​ថា៖ «ខ្ញុំ​អនុវត្តតាម​ដីការបស់​តុលាការ អ៊ីចឹង​យើង​អត់​មាន​កសាង​សំណុំ​រឿង​ឬ​ទទួល​ពាក្យ​បណ្ដឹង​ពី​ខាង​ណា​ទេ​គឺ​រឿង​នេះ គេ​ប្ដឹង​ទាស់​នៅ​តុលាការ​ឯណោះ។ រឿង​គាត់​ហ្នឹង​គឺ​ពាក់ព័ន្ធ​នឹង​រឿង​ទិញ​ដីនិង​ជំពាក់​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ភូមិ​ឃុំ​ខាង​លើ​ហ្នឹង ហើយ​គាត់​ចេះតែ​សន្យា​ថា យកលុយ​ទៅ​សង​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ តាម​តែ​ចិត្ត​នឹក​ឃើញ​ទេ»។

លោក​បន្ថែមថា ពលរដ្ឋ​បាន​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ ប៉ុន្ដែ​លោក សូ សារឹម បាន​សន្យា​ថា​នឹង​ដោះ​ស្រាយ ហើយ​ពលរដ្ឋ​ចេះ​តែ​រង់​ចាំ ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​មិន​ទាន់​បាន​លុយ ទើប​ពួកគាត់​ប្ដឹង​ទៅ​តុលាការ​ខេត្ត​តែ​ម្ដង។

លោក ញ៉ែម សៅ បន្តថា នៅ​ថ្ងៃ​ចន្ទ​នេះ ពលរដ្ឋ​រស់នៅ​ភូមិ​រំលេច និង​នៅ​ភូមិ​តារា ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ នឹង​នាំគ្នា​ទៅ​តុលាការ ដើម្បី​ទាមទារ​ឲ្យ​បុគ្គល​រូប​នេះ​សង​លុយ​ពួក​គាត់ និង​បង្ហាញ​ភ័ស្ដុតាង​បន្ថែម ហើយ​ស្នើ​ឲ្យ​តុលាការ​ដាក់​បន្ទុក​ឲ្យ​កាន់​តែ​ធ្ងន់​លើ​បុគ្គល​នេះ​ថែម​ទៀត។

លោក​បន្តថា ជនសង្ស័យ​ជា​អ្នករកស៊ី​គួ​ក​ជេ​ដី​រូបនេះ ត្រូវ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​អះអាង​ថា បាន​ប្រកាស​ខ្លួន​មាន​ងារ​ជា ឧកញ៉ា ប៉ុន្តែ​មិនបាន​បង្ហាញ​ឲ្យ​ពលរដ្ឋ​ឃើញ​ព្រះរាជ​ក្រឹត្យ​តែង​តាំង​ងារ​ជា​ឧកញ៉ា​នោះ​ទេ។ រូប​គេ​បាន​ប្រកាស​ទិញ​ដី​ពី​ពលរដ្ឋ ហើយ​យក​ទៅ​លក់​ឲ្យ​ថៅកែ​ផ្សេង​បន្ត​ទៀត ប៉ុន្ដែ​មិន​បាន​ប្រគល់​លុយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ដី។

លោក សម សាមួន ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​លោក​មិន​ទាន់​បាន​ដឹង​ពី​ហេតុ​ការណ៍​ច្បាស់​លាស់​ទេ «ខ្ញុំ​បានឃើញ​ហើយ ប៉ុន្ដែ​ខ្ញុំ​អត់​បាន​ដឹង​រឿង​លម្អិត​ជុំវិញ​ករណី​ហ្នឹង​ទេ ប៉ុន្ដែ​ឥឡូវ​នេះ ឮថា សមត្ថកិច្ច​យើង​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ហើយ ហើយ​ខ្ញុំ​អត់​ដឹង​តុលាការ​គេ​ចាត់ការ​យ៉ាង​ម៉េច​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍