ភ្នំពេញៈ ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅឃុំ​របស់​អតីត​អភិបាលរង​ខេត្តបាត់ដំបង​ លោក ស៊ូ អារ៉ាហ្វាត ពាក់ព័ន្ធ​អំពើ​ពុករលួយ​ក្នុង​រឿង​វិវាទ​ដីធ្លី​ជាង​ ៥ ​ពាន់​ហិកតា​ នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៣០ ​ធ្នូ​កន្លងមក​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ ដែល​អវត្តមាន​ជន​ត្រូវ​ចោទ និង​មេធាវី លោក ឈុន ម៉ារ៉ូហ្សា លោកស្រី​ចៅក្រម គិម សត្ថាវី ថ្លែងថា សំណុំ​រឿង​នេះ​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ស៊ូ អារ៉ាហ្វាត ប៉ុន្តែ​ដោយសារ​តែ​អវត្តមាន​ជន​ត្រូវ​ចោទ​ហេតុដូច្នេះ​លោកស្រី​មិនបាន​លើក​ពី​មូលហេតុ​នៃ​ការសម្រេច​សេចក្តី​អាន​ជូន​ក្នុង​បន្ទប់​សវនាការ​ទេ​។

សំណុំរឿង​នេះដែរ ជន​ត្រូវ​ចោទ​ដាក់​ពាក្យបណ្តឹង​សារទុក្ខ​តាមរយៈ​លោក​មេធាវី​មក​តុលាការ​កំពូល​ពីថ្ងៃ​ទី​ ៦ ​ខែ តុលា ឆ្នាំ​ ២០២០ ​ហើយ​តុលាការ​កំពូល​បាន​លើកយក​សំណុំ​រឿងនេះ​មក​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ​។

លោកស្រី​ចៅក្រម​ថ្លែងថា​៖ «​តុលាការ​កំពូល​បាន​ពិភាក្សា និង​ពិចារណា​ឃើញថា សាលដីកា​ពីថ្ងៃ​ទី​ ៣ ​កញ្ញា ឆ្នាំ​ ២០២០ ​របស់​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍ មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​គឺជា​ការត្រឹមត្រូវ​។ ដូច្នេះ​តុលាការ​សម្រេច​តម្កល់​សាលដីកា​នេះ​ទុកជា​បាន​ការ​ដដែល​»​។

លោក ស៊ូ អារ៉ាហ្វាត មិនទាន់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​ពាក់ព័ន្ធ​នឹង​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឡើយ​ទេ​។

យោង​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​កាលពី​ឆ្នាំ​ ២០១៥ មាន​ទំនាស់​ដីធ្លី​មួយ​បាន​កើតឡើង​នៅ​ស្រុក​គាស់ក្រឡ​រវាង​ពលរដ្ឋ​ប្រមាណ​ ២០០ ​គ្រួសារ​ ជាមួយ​ឧកញ៉ា​ម្នាក់​ឈ្មោះ សង ថន លើ​ផ្ទៃដី​ជាង​ ៥ ​ពាន់​ហិកតា​។ បន្ទាប់មក​ក៏មាន​ពលរដ្ឋ ​១ ​ក្រុម​បាន​ប្តឹងទៅ​មេធាវី​ស្ម័គ្រចិត្ត​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​រហូត​មានការ​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​មាន​វិវាទ​នោះ​។

ក្រោយមក​ក៏មាន​ការចុះ​ស្រាវជ្រាវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រហូត​ឈានទៅ​ឃាត់ខ្លួន​ឈ្មោះ ​សង ថន ​ហើយ​ក៏​ជាប់ពាក់ព័ន្ធ​ជាមួយ​លោក ស៊ូ អារ៉ាហ្វាត ​ដែរ​។

លោក​ ស៊ូ អារ៉ាហ្វាត ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​ ១ ​កក្កដា ​ឆ្នាំ​ ២០២០​។ កំណត់ហេតុ​បន្តថា លោក សង ថន និង លោក ស៊ូ អារ៉ាហ្វាត ក្រោយពី​បាន​សាកសួរ​ដោយ​ព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន មក ឈ្មោះ​ សង ថន ​ត្រូវ​ចោទប្រកាន់​ពីបទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​បទ​សូកប៉ាន់​តាម​មាត្រា​ ៦០១ និង​មាត្រា​ ៦០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។

រីឯ​លោក ស៊ូ អារ៉ាហ្វាត ត្រូវ​ចោទ​ពី​បទ​ស៊ីសំណូក និង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​បទ​គៃបំបាត់​ដោយ​ទុច្ចរិត​តាម​មាត្រា​ ៦០១ ​មាត្រា​ ៦០៥ និង​មាត្រា​ ៥៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយ​ចៅក្រម​ អ៊ឹម វណ្ណៈ ​បាន​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃ​ ៧ កក្កដា ឆ្នាំ​ ២០២០​។

ពាក់ព័ន្ធ​បទចោទ​នេះ​បើ​តុលាកា​រកឃើញថា ជន​ត្រូវ​ចោទ​មាន​ទោស​តាម​មាត្រា ៥៩៥ ពី​បទ​ស៊ីសំណូក​ត្រូវ​ផ្តន្ទាទោស​ពី ៧ ​ទៅ​ ១៥ ​ឆ្នាំ​។ ចំពោះ​មាត្រា ៦០១ «​បទបំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​» ត្រូវ​ផ្តន្ទាទោស​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។ ចំណែក​មាត្រា​ ៦០៥ បទ​សូកប៉ាន់​ត្រូវ​ផ្តន្ទាទោស​ពី ៥ ​ទៅ​ ១០ ​ឆ្នាំ ដូចគ្នា​៕