ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្ដី​ឃាតកម្ម​កាលពី ៥ ​ឆ្នាំមុន​ដែល​តុលាការ​ថ្នាក់ក្រោម​បាន​កាត់ទោស​ដាក់គុក​ ១ ​ជីវិត​ និង​បាន​បន្ថយទោស​ត្រឹម​ ៣០ ​ឆ្នាំ​ក្រោយពី​ជម្រះ​នៅ​សាលាឧទ្ធរណ៍​។

នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ជនជាប់ចោទ​ឈ្មោះ ទឹម សារី អាយុ​ ៣៥ ​ឆ្នាំ​បាន​ថ្លែងប្រាប់​ចៅក្រម​ថា​គាត់​បាន​សារភាព​ប្រាប់​តុលាការ​ថ្នាក់ក្រោម​អស់​ហើយ​ពី​កំហុស​របស់គាត់​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បុរសរងគ្រោះ​ឈ្មោះ​ ស្រី ចាន់វុទ្ធី ហើយ​គាត់​ស្នើសុំ​ដល់​ចៅក្រម​ដើម្បី​បន្ថយទោស​ដល់​គាត់​។ ​

ការស្នើសុំ​បន្ថយទោស​នេះ​កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​បាន​បន្ថយទោស​ឲ្យ​គាត់​ពី​ជាប់ពន្ធនាគារ​ ១ ​ជីវិត​មក​នៅ​ ៣០ ​ឆ្នាំ​។ ជនជាប់ចោទ ទឹម សារី ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ប្តឹង​មក​តុលាការ​កំពូល​នេះ ព្រោះតែ​ខ្ញុំ​មិន​ចង់​ជាប់ទោស​ដល់​ ៣០ ​ឆ្នាំ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​តាម​ការស្នើសុំ​របស់​ខ្ញុំ​ផង​»​។

លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​យោងតាម​ការពិនិត្យ​លើ​អង្គហេតុ​បង្ហាញថា​កាលពី​នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​ផ្តន្ទាទោស​ជន​ចាប់​ចោទ​ឲ្យ​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយ​មិន​សុខចិត្ត​ជនជាប់ចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​ពី​ជាប់ពន្ធនាគារ​ ១ ​ជីវិត​មក​នៅត្រឹម​ ៣០ ​ឆ្នាំ​វិញ និង​ប្តូរ​បទ​ចោទ​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន​មកជា​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​តាម​មាត្រា​ ២០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​។

លោក ចាន់ថា ថ្លែង​ថា​៖ «​ជនជាប់ចោទ​បាន​ស្នើសុំ​បន្ថយទោស​ឲ្យ​នៅ​ក្រោម​ ៣០ ​ឆ្នាំ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​តាមច្បាប់​»​។

លោកស្រី ស៊ិន សុវ៉ន ជា​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ ទឹម សារី ក្នុង​សវនាកា​ក៏បាន​សុំ​បន្ថយទោស​ដល់​កូនក្ដី​ផងដែរ​។

លោក ឃឹម ប៉ុណ្ណប្រធាន ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៧ កក្កដា​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា ជនជាប់ចោទ​បាន​បាញ់​ទៅលើ​ជនរងគ្រោះ​ត្រូវ​ ១៥ ​កន្លែង​ក្នុង​ពិធី​ខួបកំណើត​នៅ​ភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​កាលពី​ថ្ងៃទី​ ៤ ខែ​កក្កដា ឆ្នាំ​ ២០១៥ ហើយ​ត្រូវបាន​តុលាការខេត្ត​កាត់ទោស​កំបាំងមុខ​ដាក់​គុក​អស់​ ១ ​ជីវិត​មុន​ការចាប់​ខ្លួន​បាន​នៅ​ឆ្នាំ​ ២០១៨៕