ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​ជំនុំជម្រះ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ ៣ ​នាក់​ ក្នុងនោះ​ម្នាក់​ឈឺ​ស្លាប់ ដែល​ក្រុម​នេះ​មាន​ប្រវត្តិ​ប្លន់​ចំនួន​ ១១ ​លើក​ដោយ​ម្នាក់ៗ​ត្រូវ​បាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ៣០ ​ឆ្នាំ​ប្រព្រឹត្ត​នៅ​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​ ២០១១​។

តាម​កំណត់ហេតុ​របស់​នគរ​បាល​ខេត្តបាត់ដំបង​បាន​បង្ហាញថា កាលពី​ថ្ងៃទី​ ២៣ ​ឧសភា ឆ្នាំ​ ២០១១ ជន​ ៣ ​នាក់​ ឈ្មោះ នឹម ចិត្ត ​ហៅ ចិត្ត អាយុ​ ៣១ ​ឆ្នាំ​,​ ទី​២- ​ឈ្មោះ នាង ស៊ីណាត ហៅ​ ណាត អាយុ​ ៣០ ​ឆ្នាំ និង​ឈ្មោះ ភិន ភន អាយុ ៥៤ ​ឆ្នាំ​ បាននាំគ្នា​ផឹកស្រា​ក្លែម​សាច់​ឆ្កែ​នៅផ្ទះ​ជនរងគ្រោះ​។ ​បន្ទាប់ពី​ផឹកស្រា​ក្លែម​សាច់​ឆ្កែ​ហើយក៏​នាំគ្នា​ត្រឡប់​ទៅវិញ​។

លុះ​ប្រហែលជា​ម៉ោង ១០ ​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល ខណៈ​ម្ចាស់ផ្ទះ​លក់​សាច់​ឆ្កែ​រៀបចំ​បិទទ្វារ​ផ្ទះ​ក៏ត្រូវ​ក្រុម​ជន​ទាំង ៣ ​នាក់​ ពាក់​ម៉ាស់​មុខ​ប្រដាប់​ដោយ​កាំភ្លើង​ AK ១ ​ដើម និង​កាំភ្លើង​ខ្លីម៉ាក​ K54 ១ ​ដើម​បាញ់​សម្រុកចូល​ផ្ទះ​ជនរងគ្រោះ​។ ​ក្រុម​ចោរប្លន់​បាន​បាញ់​ជាង ១០ ​គ្រាប់​ បណ្តាល​ឱ្យ​ត្រូវចំ​ដើម​ទ្រូង​ឈ្មោះ សឿម ចាន់ ភេទ​ប្រុស​អាយុ ២៤ ​ឆ្នាំ​ និង​ឈ្មោះ គឿន ធារី ភេទ​ស្រី​អាយុ ៣១ ​ឆ្នាំ​ ជា​កូន​ម្ចាស់ផ្ទះ​ស្លាប់​នៅ​កន្លែង និង​ឈ្មោះ សឿម ផល្លី រងរបួស​ធ្ងន់​។ ឯ​ក្រុមចោរ​យកបាន​លុយ​ជិត​ ៣០ ម៉ឺន​រៀល និង​ខ្សែក​ប្លាទីន​ចំនួន ៣ ​ជី​ហើយ​រត់គេច​បាត់​។

ក្រោយ​ធ្វើ​សកម្មភាព​ក្រុម​ជនជាប់ចោទ​បានគេច​ខ្លួន​បាន​ជាង​ ៣​ ឆ្នាំ​ទើប​ឆ្នាំ​ ២០១៤ ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ឈ្មោះ ភិន ភន នៅ ខេត្តបាត់ដំបង និង​ឈ្មោះ នឹម ចិត្ត និង នាង ស៊ីណាត ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅ​រាជធានី​ភ្នំពេញ​។

ក្រោយ​ឃាត់ខ្លួន​ឈ្មោះ​ នឹម ចិត្ត បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គាត់ និង​បក្ខពួក​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​បាន​ ១១ ​លើក និង​ធ្វើឱ្យ​ជនរងគ្រោះ​ស្លាប់​ ៣ ​នាក់ និង​របួសធ្ងន់​ស្រាល​ ៩ ​នាក់​ នៅ​ខេត្តបន្ទាយមានជ័យ​,​ ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។ សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តបាត់ដំបង​បើកសវនាការ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៧ កុម្ភៈ ឆ្នាំ​ ២០១៥ សម្រេច​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ ៣០ ​ឆ្នាំ​ ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​រីឯ​ឈ្មោះ ភិន ភន ចោទ​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ជនជាប់ចោទ​ឈ្មោះ នឹម ចិត្ត​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា នៅ​យប់​ថ្ងៃកើតហេតុ​នោះ​គាត់​មាន​គ្នា​តែ​ ២ ​នាក់​ទេ ដោយ​ម្នាក់ទៀត​ឈ្មោះ ភិន ភន ជា​អ្នក​កាន់​កាំភ្លើង​ AK ​ព្រោះ​ជា​អតីត​យោធា​។ ​ចំណែក​ឈ្មោះ នាង ស៊ីណាត មិនបាន​ចូលរួម​ប្លន់​ទេ​។ ​ឈ្មោះ នាង ស៊ីណាត ជា​មិត្តភកិ្ត​របស់គាត់​ទើប​មកពី​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ហើយ​គាត់​បាន​ហៅ​មកលេង​បន្ទប់​ជួល​របស់គាត់​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។

ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​បាន​សារភាព​តាំងពី​នៅ​ឧទ្ធរណ៍​ថា​ខ្ញុំ​ធ្វើ​សកម្មភាព​ជា​មួយ​តែ​ឈ្មោះ​ភិន ភន ទេ ចំណែក​ឈ្មោះ នាង ស៊ីណាត គឺ​គាត់​មិនបាន​ចូលរួម​ទេ​។ ​ខ្ញុំ​សុំ​តុលាការ​ឱ្យ​ខ្ញុំ​ជាប់ទោស​ ២០ ​ឆ្នាំ​ក៏​សុខចិត្ត​ដែរ​»​។

រីឯ​ឈ្មោះ នាង ស៊ីណាត ​និយាយប្រាប់​ចៅក្រម​ថា គាត់​មិនបាន​ចូលរួម​ប្លន់​សម្លាប់​ជនរងគ្រោះ​ទេ​គាត់​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​ថៃ​ហើយ​គាត់​មក​រាជធានី​ភ្នំពេញ និង​ចូល​លេង ឈ្មោះ​ នឹម ចិត្ត ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ ខ្ញុំ​សូមឱ្យ​តុលាការ​ដោះលែង​ខ្ញុំ​វិញ​»​។

លោក អ៊ុក គឹមសិទ្ធ តំណាង​មហាអយ្យការ​សន្និដ្ឋានថា តាម​កំណត់ហេតុ​សមត្ថកិច្ច​បង្ហាញ​ថា ក្រុម​ជនជាប់ចោទ​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ការ​ចោទ​របស់​សាលាឧទ្ធរណ៍​។ ​«​ហេតុដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលដីកា​ឧទ្ធរណ៍​ដដែល​»​។

លោក ឆែ វិបុល ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​សន្និដ្ឋានថា​កូនក្តី​របស់​លោក​ឈ្មោះ នឹម ចិត្ត ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​។ ​តែ​កូនក្តី​ឈ្មោះ នាង ស៊ីណាត គឺ​គាត់​ប្រាប់​តុលាការ​ហើយ​ថា គាត់​មិនបាន​ចូលរួម​ទេ​។

លោក​ថ្លែងថា សូម​តុលាការ​បន្ថយទោស​ដល់​កូនក្តី​លោក និង​ឈ្មោះ នាង ស៊ីណាត សុំ​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ផង​។

ក្រោយ​ជំនុំជម្រះ​លោក​ ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា​សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៨ មករា​៕