ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជម្រះក្ដី​កំបាំងមុខ​លើ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​​ ១០ ​នាក់​ ដែលជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​កាលពី​ចុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ពួកគេ​កំពុង​នៅ​ក្រៅ​ឃុំ​។

លោកស្រី ក្រឡាបញ្ជី​ឈ្មោះ ជួន អាលីហ្សា ​បាន​ឲ្យ​ដឹង​ក្រោយពី​សវនាការ​ថា​៖ «​សំណុំ​រឿងនេះ​តុលាការ​កំពូល​នឹង​សម្រេច​លើក​ទៅ​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១៣ កក្កដា ខាង​មុខ​នេះ​»​។

លោក សំ សុគង់ មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​នោះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​តាមរយៈ​ទូរស័ព្ទ​ថា លោក​មិន​បាន​ចូលរួម​ក្នុង​សវនាការ​ទេ​។

លោក សុគង់ ថ្លែងថា​៖ «​ពួកគាត់​ទាំង​ ១០ ​នាក់​នោះ​កំពុង​រស់នៅ​ក្រៅ​ឃុំ​ទេ ហើយ​តុលាការ​កំពូល​ជម្រះ​នេះ​ទាក់ទង​នឹង​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​ទេ​»​។

លោក មេធាវី សំ សុគង់ ​ឲ្យ​ដឹងថា​ទាក់ទង​បញ្ហា​ដែល​ពួកគាត់​នៅ​ក្រៅឃុំ​ហើយ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​ទើប​តែ​លើក​មក​ជំនុំជម្រះ​ពេលនេះ​គឺ​ដោយសារ​កាលនោះ​តុលាការ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគាត់​ម្តង​ហើយ ហើយ​លោក​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​។ ក្រោយមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ឲ្យ​ដោះលែង​ពួកគាត់​វិញ​។

គួររំឭក​ថា កាលនោះ​ជន​ត្រូវ​ចោទ​ទាំង​ ១០ ​នាក់​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ស្ថិតនៅ​ស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ទះ​លេខ​ ៥៧៦ ផ្លូវជាតិ​លេខ​ ២ ក្រុមទី​ ១៣ ភូមិ​ព្រែកតាគង់​ ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ក្រោយពី​មាន​ការប្រកាស​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី​។

ជន​ត្រូវ​ចោទ​ទាំង​ ១០​ នាក់ ​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ក្រោយមក​នៅ​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ ត្រូវបាន​លោក កូយ សៅ ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ដោះលែង​ឲ្យ​ជន​ទាំង​ ១០ ​នាក់​​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​៕