ភ្នំពេញៈ តុលាការកំពូលបានប្រកាសសាលដីកាកាលពីម្សិលមិញលើសំណុំរឿងប្ដឹងសារទុក្ខរបស់ជនជាប់ចោទម្នាក់ក្នុងចំណោមបក្ខពួកដែលបានជួញដូរគ្រឿងញៀនចំនួនជាង ១ គីឡូក្រាមកាលពីឆ្នាំ ២០១១ ដោយតម្កល់ទោសជាប់ពន្ធនាគារ ៣០ ឆ្នាំ។
លោកស្រី គិម សត្ថាវី ចៅក្រមជំនុំជម្រះបានថ្លែងនៅក្នុងបន្ទប់សវនាការតុលាការកំពូលកាលពីម្សិលមិញថា ជនជាប់ចោទឈ្មោះ ទូច វាសនា អាយុ ២៨ ឆ្នាំបានអវត្តមានមិនបានចូលស្តាប់ការសម្រេចសេចក្តីរបស់តុលាការទេ។
លោកស្រីថ្លែងថា សំណុំរឿងនេះក្រុមប្រឹក្សាជំនុំជម្រះសម្រេចតម្កល់ទោស ៣០ ឆ្នាំដដែល។ កាលពីថ្ងៃទី ៧ ខែតុលាដែលជាថ្ងៃបើកសវនាការនោះត្រូវបានលោក ចាន់ តារារស្មី តំណាងមហាអយ្យការបានលើកសំអាងហេតុក្នុងសវនាការថា កាលពីបើកសវនាការនៅសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញជនជាប់ចោទឈ្មោះ ទូច វាសនា បានសារភាពហើយជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍គឺគ្រាន់តែសុំបន្ធូរបន្ថយទោសតែប៉ុណ្ណោះ។
ចំពោះវត្ថុតាងគ្រឿងញៀនវិញគឺសមត្ថកិច្ចចាប់បានជាក់ស្តែងនៅបន្ទប់ផ្ទះសំណាក់ដែលតាមរយៈវត្ថុតាងនេះបង្ហាញពីទំនាក់ទំនងនៃការជួញដូរគ្រឿងញៀនយ៉ាងពិតប្រាកដ។
តាមកំណត់ហេតុរបស់តុលាការកំពូលបង្ហាញថា កាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០១១ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានឆ្មក់បង្ក្រាបការជួញដូរ ១ ករណីឃាត់ខ្លួនមនុស្ស ៣ នាក់ និងរត់រួចម្នាក់រឹបអូសវត្ថុតាងថ្នាំញៀន ម៉ាទឹកកកចំនួន ១២ កញ្ចប់ស្មើកន្លះគីឡូក្រាម និងប្រាក់ជាច្រើនម៉ឺនដុល្លារ។ ជនជាប់ចោទ ទូច វាសនា និងបក្ខពួក ជាប់គុក ម្នាក់ៗ ៣០ ឆ្នាំ និងពិន័យជាប្រាក់ ៥០ លានរៀល៕