ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​ទៅលើ​នារី​កាស៊ីណូ​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​ កាលពី​ឆ្នាំ​ ២០១៧ និង​បាន ប្រកាស​សាលដីកា​ដោយ​តម្កល់​ទោស​ម្នាក់ៗ​ ១ ​ជីវិត​។

ជនជាប់ចោទ​ទាំង​ ២ ​នាក់ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់ចោទ​កាលពី​ម្សិលមិញ​មិនមាន​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​ទេ​។

លោក​ចៅក្រម តែ សំអាង បាន​អាន​សាលដីកា​ថា ឈ្មោះ​ ឆើយ សុជាតិ និង​ឈ្មោះ​ ផ្លេក សូនី មិនបាន​ចូល​ស្តាប់​ប្រកាស​ក្នុង​សវនាការ ហេតុដូច្នេះ​តុលាការ​សូម​មិន​លើក​ពី​មូលហេតុ​នៃ​ការតម្កល់​សាលដីកា​នេះ​មក​អាន​ជូន​ក្នុង​សវនាការ​ទេ​។

លោក ចៅក្រម បាន​ថ្លែងថា​៖ «​ដោយសារតែ​ជនជាប់ចោទ​អត់​បានមក​ខ្ញុំ​អាន​តែ​សេចក្តី​សម្រេច​ទេ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​»​។

សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​ខេត្តស្វាយរៀង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៣ ខែសីហា ឆ្នាំ ២០១៨ ផ្តន្ទាទោស​ម្នាក់ៗ​ដាក់​ពន្ធនាគារ​ ១ ​ជីវិត​តាម​មាត្រា ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​រួមគ្នា​សង ៦ ម៉ឺន​ដុល្លារ​ដល់​អ្នកស្រី រឿន ស្រីឡូត ជា​ម្តាយ​របស់​ជនរងគ្រោះ​។ ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ​ក្រុម​ជនជាប់ចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២០ ​កុម្ភៈ​ឆ្នាំ​ ២០១៩ ​តម្កល់​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្តស្វាយរៀង​ទុកជា​បាន​ការ​ដដែល​។

តាម​កំណត់ហេតុ​សមត្ថកិច្ច​បង្ហាញ​ថា​កាលពី​ខែសីហា ឆ្នាំ​ ២០១៧ នារី​​អាយុ ១៨ ​ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​នៅ​កាស៊ីណូ Good Luck បាន​ជួល​រថយន្ត​ជនជាប់ចោទ​ជិះ ពេល​មាន​ឱកាស​ជនជាប់ចោទ​បាន​ចាប់​នារី​រងគ្រោះ​ច្របាច់ក​រហូត​សន្លប់​ហើយ​បាន​សម្រាត​នាង​រំលោភ​ម្នាក់​ម្តងៗ​នៅលើ​រថយន្ត​រហូត​បានសម្រេច បន្ទាប់មក​ពួកគេ​ទាញ​នាង​ទម្លាក់​ទឹក​ក្នុង​ស្រែ​មុន​ពេល​គេចខ្លួន​៕