ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​សម្រេច​តម្កល់​ទោស​ចំពោះ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ជនជាប់ចោទ​ឈ្មោះ គង់ ម៉ាស់ ឲ្យ​ជាប់​ពន្ធនាគារ​ ១ ​ឆ្នាំ​កន្លះ​ដដែល ពាក់ព័ន្ធ​បទចោទ ប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​ ២០១៩​។

លោក ចៅក្រម យូ យុត្ថារ៉ា បាន​អាន​សាលដីកា​កំបាំងមុខ​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ​ចំពោះមុខ​ជន​ជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ដោយ​យោង​តាម​កំណត់ហេតុ​របស់​សាលា​ឧទ្ធរណ៍​បាន​បង្ហាញ​ថា ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍ ជនជាប់ចោទ​បាន​សរសេរ​សារ​ហើយ​ថែម​ទាំង​បាន​ទទួល​ស្គាល់​ក្នុង​ពេល​ជំនុំជម្រះ​ថា​ខ្លួន​ពិតជា​បាន​សរសេរ​សារ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​មែន​ដោយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​។

លោក​ចៅក្រម​បាន​ថ្លែង​ទៀតថា​៖ «​ករណីនេះ​បង្ហាញ​ពី​ភ័ស្តុតាង​ជាក់ស្តែង​របស់​ជនជាប់ចោទ​។ ចំពោះ​តំណាង​មហាអយ្យការ​នៅ​តុលាការ​កំពូល​វិញ​កាលពី​ថ្ងៃ​ជំនុំជម្រះ​ក៏បាន​ធ្វើការ​សន្និដ្ឋាន​ប្រហាក់ប្រហែល​ដូចគ្នា​នឹង​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​សាលាឧទ្ធរណ៍​ដែរ​។ ដូច្នេះ​ជនជាប់ចោទ​ពិតជា​មាន​ពិរុទ្ធភាព​ក្នុង​ការចោទប្រកាន់​ហើយ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការដដែល​»​។

លោក សំ សុគង់ ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ គង់ ម៉ាស់ បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​ការដែល​តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ​គឺ​មិនអាច​ទទួល​យក​បានទេ ព្រោះ​ការសម្រេច​របស់​តុលាការ​កំពូល​នេះ​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់ចោទ​ទេ​។

លោក សុគង់ ថ្លែងថា​៖ «​ប៉ុន្តែ​ដោយសារ​តុលាការ​កំពូល​ជា​តុលាការ​ជាន់ខ្ពស់​ហើយ​សាលដីកា​របស់​តុលាការ​កំពូល​គឺជា​សាលដីកា​បិទ​ផ្លូវ​តវ៉ា​ដូច្នេះ​យើង​គ្មានអ្វី​តវ៉ា​ទៀត​ទេ​»​។

អ្នកស្រី កុល សាត ជា​ភរិយា​ជនជាប់ចោទ គង់ ម៉ាស់ ​ធ្លាប់​បាន​ឲ្យ​ដឹងថា ប្តី​របស់​អ្នកស្រី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៦ ខែ​ មករា ឆ្នាំ​ ២០១៩ ​នៅ​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​ ១៩ ខែ​ កក្កដា ឆ្នាំ​ ២០២០ ប្តី​អ្នកស្រី​ដល់​ថ្ងៃ​កំណត់​ចេញពី​ពន្ធនាគារ​ហើយ​។ ប៉ុន្តែ​ដោយហេតុ​តុលាការខេត្ត​ស្វាយរៀង​ប្រាប់​មក​ពន្ធនាគារ​ព្រៃស​ឲ្យ​បន្ត​ឃុំ​ប្ដី​អ្នកស្រី​ថែម​ ១៥ ​ថ្ងៃ​ទៀត​រហូតដល់​ថ្ងៃទី​ ៣ ​សីហា ឆ្នាំ​ ២០២០​ទើប​ផុតកំណត់​ជាប់ឃុំ ព្រោះ​ជាប់​បណ្តឹង​មួយទៀត​ពី​បទបរិហារ​កេរ្តិ៍​ជាប់ទោស​ ១៥ ​ថ្ងៃ និង​ត្រូវ​សង​សំណង​ ៤ ​លាន​រៀល និង​ពិន័យ​ ១ ​លាន​រៀល​៕