ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​តម្កល់​ទោស ស្ត្រី​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ ៧ ​ឆ្នាំ​ដដែល បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ២៥ ​មករា​ពាក់ព័ន្ធ​បើកហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ប្រព្រឹត្ត​នៅ​សង្កាត់​ស្ទឹងមានជ័យ​កាលពី​ឆ្នាំ​ ២០១៧​។

លោក​ចៅក្រម សាលី ធារ៉ា បានប្រកាស​សាលដីកា​មុន​ស្ត្រី​ជាប់ចោទ​ចូលមក​បង្ហាញមុខ​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា សំណុំ​រឿងនេះ​មាន​ស្ត្រី​ជាប់ចោទ​ឈ្មោះ សុខា សុថារី អាយុ ៣៨ ​ឆ្នាំ​ ជាប់ចោទ​ពី​បទ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស​។ ប៉ុន្តែ​ដោយសារ​តែ​ជនជាប់ចោទ​អវត្តមាន​ក្នុង​ពេល​ប្រកាស​សាលដីកា ដូច្នេះ​តុលាការ​មិន​លើក​ពី​មូលហេតុ​នៃ​ការពិភាក្សា​មក​អាន​ជូន​ក្នុង​អង្គ​សវនាការ​ទេ ដោយ​អាន​តែ​សេចក្តីសម្រេច​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​តុលាការ​កំពូល សម្រេច​តម្កល់​ទោស​តាម​អំណាច​សាលដីកា​របស់​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃទី​ ១២ ​សីហា​ ឆ្នាំ​ ២០២០ ​ទុក​ជា​បាន​ការ​ដដែល និង​បន្ត​ឃុំខ្លួន​ស្ត្រី​ជាប់ចោទ​បន្តទៀត​»​។

បើតាម​កំណត់ហេតុ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​ស្ត្រី​ជាប់ចោទ​ឈ្មោះ សុខា សុថារី ​បាន​បើកហាង​កាត់សក់​បុរស​ និង​កន្លែង​ម៉ាស្សា តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។ ស្ត្រី​ជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​ ១៩ ខែ កក្កដា ឆ្នាំ​ ២០១៧ ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ ៣ ​នាក់ និង​ស្ត្រី​ពេញវ័យ​ម្នាក់​។

ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​រំដោះ​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​, ១៦ ឆ្នាំ​, ១៧ ឆ្នាំ និង​នារី​អាយុ ២១ ឆ្នាំ​ម្នាក់​។ នៅ​ថ្ងៃ​ឃាត់ខ្លួន​ពួកគេ​ទាំង​ ៤ ​នាក់​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ពិតជា​បាន​​រួមភេទ​ជាមួយ​ភ្ញៀវ​មែន​ដោយ​ម្តងៗ​យក​កម្រៃ​ពី​ភ្ញៀវ​ម្នាក់ ៣០ ដុល្លារ ប៉ុន្តែ​បានដាក់​ឱ្យ​ស្ត្រី​ម្ចាស់​ហាង​ ៥ ​ដុល្លារ​។ សំណុំ​រឿងនេះ​ត្រូវ​សាលាដំបូង​រាជធានី​នៅ​ថ្ងៃទី ២២ ​មិថុនា ​ឆ្នាំ​ ២០១៨ ​ផ្តន្ទាទោស​ស្ត្រី​ជាប់ចោទ​ ៧ ឆ្នាំ ដោយ​ចោទ​ពី​បទ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់​ទោស តាម​បញ្ញត្តិ​មាត្រា​ ២៨៤,២៨៨ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​ដោយ​មិន​សុខចិត្ត​ស្ត្រី​ជាប់ចោទ​បាន​ប្តឹង​ឧទ្ធរណ៍​តែ​ត្រូវ​ឧទ្ធរណ៍​តម្កល់​ទោស​ ៧ ​ឆ្នាំ​ដដែល​៕