ភ្នំ​ពេញៈតុលា​ការ​កំពូល​បាន​បើក​សវនា​ការ​កាល​ពី​​ពី​ម្សិល​មិញ​ ដោយ​បាន​ប្រកាស​សាល​ដី​កា​សម្រេច​តម្កល់​សាល​ដី​កា​​ តាម​ការ​សម្រេច​របស់​តុលា​ការ​ថ្នាក់​ក្រោម​ដែល​អនុ​ញ្ញាត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​លើ​ករណី​អតី​ត​អ្នក​កា​សែត​វិទ្យុ​អាស៊ី​សេរី​ ២​ នាក់​ ​ក្នុង​សំ​ណុំ​រឿង​ក្នុង​សំ​ណុំ​រឿង​ផលិត​ និង​កាន់​កាប់​រូប​ភាព​អាស​អា​ភាស​។​

លោក​​ស្រី​​ចៅ​ក្រម​ គិម​ សត្ថាវី​ បាន​អាន​សាល​ដីការ​កាល​ពី​​ម្សិល​មិញ​នៅ​ក្នុង​បន្ទប់​សវនា​ការ​តុលា​ការ​កំពូល​នៅ​ចំពោះ​មុខ​មេធាវី​ និងនៅ​ចំពោះ​មុខ​ លោក ​អ៊ួន​ ​ឈិន​ និង ​លោក​ យាង ​សុធា​រិន​ អតីត​បុគ្គ​លិក​វិទ្យុ​អា​ស៊ីសេរី​ថា​ជន​ត្រូវ​ចោទ​ទាំង​ ២​ នាក់ ​បាន​ប្តឹង​សារ​ទុក្ខ​​មក​តុលា​ការ​កំពូល​ប្រឆាំង​នឹង​សាល​ក្រម​ចាត់​របៀប​​ ​(​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិ​ញ​)​។​ ​

លោក​ស្រី​ចៅ​ក្រម​ថ្លែង​ថា៖​ «​ករណី​នេះ​​ក្រោយ​ពី​តុលា​ការ​កំពូល​បើក​សវ​នា​ការ​មក​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា​សម្រេច​តម្កល់​សាល​ដី​កា​របស់​​សា​លា​ឧ​ទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​។ ​សំ​ណុំ​រឿង​នេះ​តុលា​ការ​កំពូល​រក្សា​តាម​សាល​ដី​កា​របស់​សា​លា​ឧទ្ធរ​ណ៍​ដដែល​»​។​​​

លោក​ ​សំ ​ចំ​រើន​ មេធា​វី​ ការ​ពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោ​ទ​ទាំង​ ២​ នាក់​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​​ក្រៅ​បន្ទប់​សវនា​ការ​ថា ​ការ​សម្រេច​សេច​ក្តី​របស់​តុលាការ​កំ​ពូល​ពេល​នេះ​ជា​រឿង​អយុត្តិ​ធម៌​ចំពោះ​កូ​ន​ក្តី​លោក​។​​

លោក​ ចំរើន​ ​ថ្លែង​​ថា​៖ «​ខ្ញុំ​យល់​ថា​នេះ​ជា​ការ​អនុ​វត្ត​ច្បា​ប់​មួយ​នៅ​មាន​កម្រិត​ដែល​មិន​តាម​គោល​បំ​ណង​របស់​ច្បាប់​ទេ​»​​​។​​

លោក​ឲ្យ​ដឹង​ថា ​តាម​ពិត​កូន​ក្តី​លោក​ត្រូវ​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​​ចោទ ​២ ​បទ​ល្មើស​​ គឺ​ផ្តល់​ព័ត៌​មាន​ឲ្យ​រដ្ឋ​បរទេស​ និង​ផលិត​រូប​ភាព​អាស​អាភា​ស ​ហើយ​​ក្រោយ​មក​សាលា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​បើក​សវនា​ការ​ជំនុំ​ជម្រះ​រឿង​ក្តី​ទាំង​២​បទ​ចោទ​នេះ​តែ​ត្រូវ​បាន​លើក​​ពេល​ប្រ​កាស​សាល​ក្រម​ហើយ​តុលា​ការ​បែរ​ជា​ចេញ​សាល​ក្រម​ចាត់​របៀប​ឲ្យ​ស៊ើប​អង្កេត​រឿង​នេះ​ឡើង​វិញ​។​​ ​

បន្ទាប់​មក​កូន​ក្តី​របស់​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ប្រ​ឆាំង​នឹង​សាល​ក្រម​ចាត់​របៀប​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ​តែ​ត្រូវ​មិន​ចាត់​ការ​។​ បន្ទាប់​មក​កូន​ក្តី​លោក​បាន​ប្តឹង​ទាស់​មក​សា​លា​ឧទ្ធរ​ណ៍​ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​ប្រ​កាស​សាល​ដី​កា​តម្កល់​សាល​ក្រម​របស់​សាលា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ដដែល​។​

លោក​ ​ចំរើន​​ ថ្លែង​​ថា​៖​ «​រឿង​នេះ​​កូន​ក្តី​ខ្ញុំ​តុលា​ការ​​មិន​ទាន់​កំណត់​ទោស​ថា​ជាប់​ប៉ុន្មាន​ឆ្នាំ​ទេ​ ហើយ​ពេល​​នេះ​ពួក​គាត់​ប្តឹង​ពាក់​ព័ន្ធ​នឹង​​សាល​ក្រម​​ចាត់​របៀប​តែ​ប៉ុ​ណ្ណោះ​»​៕​