ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បានសម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់ក្រោម​ឲ្យ​ជាប់ពន្ធនាគារ​ ៥ ​ឆ្នាំ​ដដែល​ចំពោះ​ជន​ជាប់ចោទ ចៅ វាសនា ចៅសង្កាត់រង​ទី​ ២ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់ព័ន្ធ​ការចូលរួម​ធ្វើបាតុកម្ម​បំផ្លាញ​ស្នាក់ការ​គយ​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ឆ្នាំ ២០១៥​។

លោក សឹង បញ្ញាវុឌ្ឍ ចៅក្រម​នៃ​តុលាការ​កំពូល​នៅក្នុង​សវនាការ​កាលពី​ម្សិលមិញ​បាន​អាន​សាលដីកា​ដោយ​កំបាំងមុខ ជនជាប់ចោទ​ក្នុង​សំណុំរឿង​ដែល​មាន​ឈ្មោះ ចៅ វាសនា អាយុ​ ៥៥ ​ឆ្នាំ​ដោយ​យោងតាម​អង្គហេតុ​នៃ​សំណុំ​រឿងនេះ​បញ្ជាក់​ថា ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​តុលាការ​ថ្នាក់ក្រោម​មែន​។

លោក ចៅក្រម ថ្លែង​ថា​៖ «​ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ និង​ក្រោយពី​បាន​ពិភាក្សា​គ្នា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍​ជា​ការត្រឹមត្រូវ​។ តុលាការ​កំពូល​ប្រកាស​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បានការ​ដដែល និង​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​បន្តទៀត​»​។

លោក ជូង ជូងី មេធាវី ការពារ​សិទ្ធិ​ឲ្យ​លោក ចៅវាសនា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ដោយ​សម្ដែង​ការសោកស្តាយ​ដែល​តុលាការ​កំពូល​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ពី​ការផ្តន្ទាទោស​លោក ចៅ វាសនា ដដែល​។

លោក មេធាវី ថ្លែង​ថា​៖ «​អ្វីដែល​តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ទោស​កូនក្តី​របស់​ខ្ញុំ​នេះ ខ្ញុំ​នៅតែ​មាន​ការសោកស្តាយ​។ តាម​ការសិក្សា​រឿងក្តី​នេះ​ឃើញថា លោក ​ចៅ​ វាសនា គាត់​គ្មាន​ចេតនា​ទៅ​ផ្តើម​ឲ្យ​គេ​ប្រើ​អំពើហិង្សា​បំផ្លិចបំផ្លាញ​អី​នោះ​គឺ​អត់​មាន​ទេ​»​។

លោក មេធាវី បាន​អះអាង​ថា​នៅពេល​នោះ​គឺ​លោក ចៅ វាសនា មាន​បំណង​សម្រុះសម្រួល​ក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លងមក គាត់​បាន​ចូលរួម​សម្រុះសម្រួល​បាន​ជោគជ័យ​ច្រើន​លើក​មកហើយ​។ រីឯ​ចៅសង្កាត់​ប៉ោយប៉ែត​កន្លងមក​នៅពេល​ដែល​លោក ចៅ វាសនា ចូលរួម​សម្រុះសម្រួល​នៅពេល​មាន​បាតុកម្ម​ម្តងៗ​បាន​ជោគជ័យ​គឺ​ចៅសង្កាត់​ប៉ោយប៉ែត​នោះ​តែងតែ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត​។

ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​គាត់​ចូលរួម​សម្រុះសម្រួល​មិន​បាន​ជោគជ័យ ហើយ​សមត្ថកិច្ច និង​តុលាការ​បែរ​ជា​ដាក់​កំហុស​ចោទ​គាត់​ថា ជា​អ្នកផ្តើម​គំនិត​ក្នុងការ​ធ្វើបាតុកម្ម​ទៅវិញ​។

តាម​កំណត់ហេតុ​របស់​តុលាការ​បាន​បញ្ជាក់ថា​កាល​នៅ​ថ្ងៃទី ២៥ ខែ ​ឧសភា ឆ្នាំ ២០១៥ មាន​ក្រុមកម្មករ​អូស​រទេះ​ផ្ទុះ​ការតវ៉ា​នៅមុខ​ការិយាល័យ​គយ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ នៅពេល​នោះ​មាន​ក្រុមកម្មករ​អូស​រទេះ​ជាច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ និង​មាន​វត្តមាន​លោក​ចៅ​វាសនា​នៅ​ទីនោះ​ផង​។

កំណត់ហេតុ​បង្ហាញ​បន្តថា​នៅពេល​នោះ​លោក​ចៅ វាសនា ​បាន​ស្រែកថា លោក ម៉ៅ ស៊ុន​ (​កម្មករ​អូស​រទេះ​) ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​វាយ​រហូត​សន្លប់ ហើយ​ត្រូវ​ក្រុមកម្មករ​ដូច​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​។ បន្ទាប់មក​លោក​ ចៅ វាសនា ស្រែក​ថា​លោក ម៉ៅ ស៊ុន បាន​ស្លាប់​ហើយ​។

កំណត់ហេតុ​បង្ហាញ​ទៀតថា​ដោយសារ​តែ​គេ​ឮ​សំឡេង​ជនជាប់ចោទ​ស្រែកថា លោក ម៉ៅ ស៊ុន ស្លាប់​ដូច្នេះ​ទើប​ធ្វើឲ្យ​ក្រុមកម្មករ​ផ្ទុះ​កំហឹង ហើយ​បាន​សម្រុក​ចូល​វាយកម្ទេច​ការិយាល័យ​គយ និង​ទ្រព្យសម្បត្តិ​ក្នុងនោះ​ផង​។

លោក ចៅ វាសនា ត្រូវ​តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ៧ ខែ​មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៥ ​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ការខូចខាត​ការិយាល័យ​គយ ១ ម៉ឺន​ដុល្លារ​សង​លោក គង់ សាអែម ជា​មន្ត្រី​គយ ៥០០ ដុល្លារ​ ថ្លៃ​ព្យាបាល ម្ចាស់​រថយន្ត ៨ ​គ្រឿង ​មាន​ពី ៣០០ ដល់ ៧០០ ដុល្លារ​ផង​។ ដោយ​មិន​សុខចិត្ត​លោក វាសនា បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​ ១៣ ខែ ​មីនា ឆ្នាំ​ ២០១៩ តម្កល់​សាលក្រម​របស់​សាលាដំបូង​ឲ្យ​នៅ​ដដែល​៕