ភ្នំ​ពេញៈ តុលាការ​កំពូលពីម្សិលមិញ​បានប្រកាស​សាលដីកា​កំបាំងមុខ​គ្រូបង្រៀន​ចំនួន១១នាក់​ដោយបដិសេធ​​បណ្តឹង​សុំ​សិទ្ធិ​ចូល​បម្រើការងារជាគ្រូបង្រៀនរដ្ឋ​វិញ​ បន្ទាប់​ពី​​បើកសវនាការ​ជំនុំជម្រះ​​កាលពី​ថ្ងៃ​ទី​២៤​សីហា​ដែល​សាលដីកា​​នេះត្រូវ​បាន​មេធាវី​ការពារសិទ្ធិ​​ឲ្យ​គ្រូទាំង​ ១១ នាក់​ យល់ថា​ជាការ​សម្រេច​ដែល​មិនអាច​ទទួល​​យកបាន​។​

នៅក្នុងបន្ទប់​សវនាការកាល​ពីម្សិលមិញ​លោក​ចៅក្រម​ និល​​ ណុន​ បាន​អានសាលដីកា​​កំបាំងមុខលោកគ្រូទាំង ១១ នាក់​ និងចំពោះមុខ​លោក មេធាវី ​ជួង ​ជូងី ​​ដែល​តំណាង​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំង​ ១១ នាក់​នោះ​ថា ក្រោយ​​ពីបាន​ស្តាប់ការសួរ​​ដេញដោលផ្ទាល់មាត់​ជាមួយ​លោកគ្រូ​​អ្នកគ្រូ​ចំនួន​ ១១ នាក់​​ និង​ក្រោ​យពីបាន​ស្តាប់សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​និង​ ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់តំណាង​មហាអយ្យការ​កាល​ពី​ថ្ងៃ​ជំ​នុំជម្រះ​ទី​ ២៤​ សីហា​​ មកនោះ​តុលាការ​កំពូល​យល់​ឃើញ​ថា​ក្រសួង​អប់រំចាត់វិធានការ​​ទៅតាម​ច្បាប់​រដ្ឋបាល​គឺ​ជា​នីតិវិធី​ត្រឹមត្រូវ​ហើយ​។ ចំពោះ​លោកគ្រូ​ អ្នកគ្រូ​ទាំង ១១ នាក់​ ដែលបាន​យក​បញ្ហានេះ​ទៅ​ប្តឹង​នាយករដ្ឋមន្រ្តី​នោះ​មិនមែន​ជា​ការត្រឹមត្រូវ​ទេ​។​

លោកថ្លែង​ថា​៖«តុលាការ​កំពូល​យល់ឃើញថា​ការសម្រេច​សេចក្តី​របស់​សាលាឧទ្ធរណ៍​ជាការត្រឹមត្រូវ​តាមច្បាប់​ហើយ​។ដូច្នេះ​តុលាការ​កំពូល​តម្កល់សាលដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការដដែល​»​។​

ភ្លាមៗ​បន្ទប់​ពីចូល​ស្តាប់​ការប្រកាស​សាលដីកា ​នេះ ​លោក ​ជួង​ ជូងី ​មេធាវី​ ការពារ​សិទ្ធិ​ឲ្យលោក​គ្រូអ្នកគ្រូ​ទាំង ១១ នាក់​ បាន​សម្តែង​ប្រតិកម្ម​នៅ​ក្រៅ​បន្ទប់សវនាការ​ថា​ បញ្ហានេះ​គឺ​លោក​មាន​ការសោកស្តាយ​ដែល​តុលាការ​​កំពូល​នៅតែរក្សា​សេចក្តី​សម្រេច​​របស់​សាលាឧទ្ធរណ៍​ដដែល​ដោយ​មិនបាន​ផ្តល់​ក្របខណ្ឌ​មន្រ្តីរាជការ​ដល់​គ្រូ​​ទាំង​ ១១ នាក់​វិញ​​។​

លោក​ថ្លែង​ថា៖​ «មែនទែន​ទៅ​ពួកគាត់​មិន​បាន​បោះបង់​​ចោល​​ការងា​រ​ជា​មន្រ្តីរាជការ​នៅ​ក្រសួងអប់​រំ​ទេ​ហើយ​ពួក​គាត់​នៅ​តែ​ចង់​បំពេញ​ការងារ​នៅ​ក្រសួងអប់រំ​​ដដែល​»។

លោក មេធាវី ​បាន រំឮក ប្រាប់ថា គ្រូទាំងអស់​មានចំនួន​​ ១៣ នាក់ ​ដែល​ខាងក្រសួង​អប់រំ​លុបឈ្មោះចេញ​មិនឲ្យធ្វើការ​ប៉ុន្តែ​អ្នកប្តឹង​តវ៉ា​មាន​តែ​ ១១ នាក់​ទេ ​រួម​មាន​៖​ទី១-​លោក​គ្រូ​អ្នកគ្រូ​ទាំងអស់​​មាន​ ទី​១-​ឈ្មោះ​​លោក​ស្រី ​វង ​រុន្នី​,​ទី​២​-​លោក ​គង់​ ស៊ីវង្ស,​ ទី​៣​-​លោក​ ជុំ ​ចាន់ (ជាប់ពន្ធនាគារ)​, ទី​៤​-​លោក​ស្រី​ ហុង​ សុជា​,​ ទី​៥​-​លោក​ យិន​ ឈូន​រ័ត្ន​,​ ទី​៦​-​លោក​ ខែម​ ស៊ី​ថា​,​ ទី​៧​-​លោក​ មុត ​ផល្លា,​ ទី​៨​-​លោក ​លី ​ឌី​, ទី​៩​-​លោក​ ពៀក​ ម៉ាប់ (ជាប់ពន្ធនាគារ)​,​ ទី​១០​-​លោក​​លោក ​រ៉ុង​​ ឈុន ​(ជាប់ពន្ធនាគារ) និង​ទី​១១​-​លោក​ ច័ន្ទ​ សុភាព​។​

​លោក​បន្តថា ​លោក​គ្រូ​អ្នក​គ្រូ​ខាង​លើ​មា​​ន​ នៅ​ខេត្ត​​សៀមរាប​ចំនួន ៤ នាក់​ នៅ​ខេត្ត​ព្រះសីហនុ​មាន ២ នាក់​ និង​ក្រៅ​ពី​នេះក្នុ​ង​មួយ​ខេ​ត្ត​-​រាជ​ធា​នី​មាន​ម្នាក់​​ដូច​ជា ​ខេត្ត​កំពត ​ព្រៃវែង​ កំពង់ចាម​​ និង​នៅ​ខេត្ត​បាត់ដំបង​ និង​រាជធានីភ្នំពេញ​មាន​លោ​ករ៉ុ​ង​ឈុន។​ ពួកគាត់​ពេល​ដែល​គណបក្សសង្គ្រោះ​ជាតិ​បង្កើត​ឡើង​ពួកគាត់​បាន​ចូល​ក្របខណ្ឌ​គណបក្សសង្គ្រោះជាតិ​ហើយ​ពេលសង្គ្រោះជាតិ​មាន​សំឡេងឆ្នោត​ពួកគាត់​ខ្លះ​បាន​ក្លាយ​ជា​ក្រុម​ប្រឹក្សាស្រុក​ និង​នៅ​​ខេត្ត​សៀមរាបមាន​​ជាប់​ធ្វើ​​ជា​មេ​ឃុំ​ម្នាក់​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៧ ​ពួកគាត់​ត្រូវ​​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចោល​។​

លោកបន្តថា ​​ពេលដែល​ពួកគាត់​ទាំង ១១ នាក់ ​ទៅ​​ធ្វើ​នយោបាយ​ឲ្យ​គណបក្សសង្គ្រោះជាតិ​នោះ ​គឺ​ខាង​ក្រសួង​អប់រំ​បានចេញ​ប្រកាស​​ដោយដាក់​កូនក្តីរបស់លោក​ទាំង ១១ នាក់​ ឲ្យ​នៅ​ក្រៅ​ក្របខណ្ឌ​។ លុះ​ពេល​គណបក្សសង្គ្រោះជាតិ​ត្រូវរំលាយ​ក្នុង​ឆ្នាំ​ ២០១៧​ ក៏ខាង​​រដ្ឋមន្រ្តីក្រសួងអប់រំ​ចេញ​ប្រកាស​លុប​ឈ្មោះ​ពួកគាត់​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀនតែម្តង​។​

លោក​បញ្ជាក់​ថា​៖ «នៅក្នុង​សំអាងហេតុ​សេចក្តីប្រកាសនោះ​ ​ថា​អ្នកខ្លះ​អវត្តមាន​​គ្មាន​ច្បាប់​ ឯអ្នក​ខ្លះ​ថា​​បោះបង់​ចោលការងារ​។ ពួកគាត់​ចាំ​តែ​រដ្ឋមន្រ្តី​អប់រំ​ហៅ​ចូល​ធ្វើ​ការទេ​តែ​ខាង​ក្រសួង​មិន​​ចេញ​ប្រកាស​ឲ្យ​ពួកគាត់​ចូលធ្វើការងារ​​វិញ»​។

ដោយ​ឡែក​ លោក​ លី​ ឌី​ គ្រូ​បង្រៀន​នៅវិទ្យាល័យ ក្រុង-​ខេត្ត​ព្រះសីហនុ​ និង​ជា​អតីត​​ក្រុម​ប្រឹក្សា​ ខេត្តនៃគណបក្សសង្គ្រោះជាតិក្នុងចំណោមគ្រូ ១១ នាក់​​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ពីម្សិលមិញថា​​ តុលាការ​កំពូល​​លើក​ហេតុផល​​ផ្អែក​តាម​តុលាការ​ថ្នាក់​ក្រោម​​និង​សម្រេច​ច្រានចោល​បណ្តឹង​ពួកគាត់​គ្មានហេតុផល​តែគ្មាន​ការស្រាវជ្រាវ​ឲ្យបានល្អិតល្អន់ទេ​។តែបើស្រាវជ្រាវ​ដល់មូលដ្ឋាន​គឺ​លោក​ជឿថា ​តុលាការ​កំពូល​មិន​អាច​បដិសេធ​បណ្តឹង​របស់​ពួក​គាត់​បាន​ទេ​។ព្រោះ​ពួកគាត់​សុទ្ធ​តែ​បញ្ញវ័ន្ត ​ដែល​បង្រៀន​មិន​តិច​ជាង ​៣០ ​ឆ្នាំនោះ​ទេ​។​

រីឯ​លោក​​ យិន​ ឈូករ័ត្ន​ ជា​គ្រូ​បង្រៀន​នៅសាលាបឋមសិក្សាភូមិត្រពាំងម្នាស់ឃុំដងទង ​ខេត្ត​កំពត ​និង​ជា​​អតីត​ក្រុម​ប្រឹក្សាខេត្ត​កំពត​នៃអតីត​គណបក្សសង្គ្រោះជាតិ​ម្នាក់​ដែរ​នោះ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ​ករណី​តុលាការ​កំពូលប្រកាស​សាលដីកា​តម្កល់​បណ្តឹង​សុំ​ចូល​ក្រប​ខណ្ឌ​វិញ​នេះ​ គឺ​លោក​បានដឹង​ជា​មុនរួចទៅហើយ​​តាំង​ពី​ពេល​ជំនុំជម្រះ​ម៉្លេះ។​ ហេតុដូច្នេះ​លោក​គ្មាន​អ្វី​ភ្ញាក់ផ្អើលទេ​។​

លោក​ថា​៖ «តុលាការ​នៅ​កម្ពុជាយើង ​គឺ​គ្មាន​​យុត្តិធម៌​សម្រាប់​ពួកយើង​រួចទៅហើយ​​ហើយ​ការលុប​ឈ្មោះ​ពួកយើង​ជា​រឿង​នយោបាយ​»​៕