The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​លើ​បណ្ដឹង​បរិហារកេរ្តិ៍​ប្រឆាំង សម រង្ស៊ី

តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​លើ​បណ្ដឹង​បរិហារកេរ្តិ៍​ប្រឆាំង សម រង្ស៊ី

Content image - Phnom Penh Post
លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ថ្លែង​ទៅ​កាន់​សមាជិក​ក្នុង​ឆ្នាំ​ ២០១៧​។ ហុង មិនា

តុលាការ​កំពូល​បើក​សវនាការ​ជម្រះ​លើ​បណ្ដឹង​បរិហារកេរ្តិ៍​ប្រឆាំង សម រង្ស៊ី

ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ដោយ​ដំណើរការ​ប្រមាណ​ ១០ ​នាទី​លើ​ជនជាប់ចោទ​លោក សម រង្ស៊ី ដែល​តុលាការ​ថ្នាក់​ក្រោម​កាត់ទោស​ឲ្យ​សង​សំណង​ប្រមាណ​ ១ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពាក់ព័ន្ធ​ជាមួយ​បណ្ដឹង​បរិហារកេរ្តិ៍​។ លោក រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល​ផង​ដែរ​។

បណ្ដឹង​បរិហារកេរ្តិ៍​នេះ​កើត​ចេញ​ពី​ការលើក​ឡើង​របស់​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​ ១៤ មករា ២០១៧ នៅពេល​លោក​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​នោះ ហើយ​បាន​ចោទប្រកាន់​លោក ហ៊ុន សែន ​ថា​បាន​សូកប៉ាន់​នាង ធី សុវណ្ណថា ​១ ​លាន​ដុល្លារ ដើម្បី​វាយប្រហារ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​នោះ​។ គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ចុង​ឆ្នាំ​ ២០១៧ ដោយ​ជាប់ចោទ​ពី​អំពើ​ក្បត់ជាតិ​។

ក្នុង​សវនាការ​កាលពី​ម្សិលមិញ​នេះ​ដែរ​ទាំង​ភាគី​ដើមចោទ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម រង្ស៊ី ក៏​ដូចជា មេធាវី​ទាំង​សង​ខាង​មិន​មាន​វត្តមាន​នៅក្នុង​តុលាការ​ទេ​។ ប៉ុន្តែ​ទាំង​ចៅក្រម និង​អគ្គព្រះរាជអាជ្ញា​សម្រេច​បន្ត​នីតិវិធី​ដោយ​ផ្អែក​លើ​ក្រម​នីតិវិធី​ដែល​ចែង​ថា សំណុំ​រឿង​មជ្ឈិម​មិន​ចាំបាច់​មាន​មេធាវី​ឡើយ​។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដោយ​តម្រូវ​ឲ្យ​សង​សំណង​ប្រមាណ​ ១ ​លាន​ដុល្លារ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​បទចោទប្រកាន់​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា ៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ តុលាការ​ក៏​បាន​សម្រេច​ពិន័យ​ប្រាក់​លោក រង្ស៊ី ១០ ​លាន​រៀល​ផងដែរ​។

លោក អ៊ុក គឹមសិដ្ឋ តំណាង​មហាអយ្យការ​បាន​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​។

លោក គឹមសិដ្ឋ ថ្លែង​ថា​៖ «​ព្រះរាជអាជ្ញា​យល់​ឃើញ​ថា​មេធាវី​របស់​ជនជាប់ចោទ​បាន​ទទួល​លិខិត​អញ្ជើញ​ ប៉ុន្តែ​មិន​បាន​ដាក់​សារណា​ការពារ​។ នេះ​មាន​ន័យ​ថា​គាត់​អត់​មាន​អ្វី​ត្រូវ​ថ្លែង​ការពារ​។ ការចោទប្រកាន់​របស់​ជនជាប់ចោទ សម រង្ស៊ី ដែល​ថា​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន សូកប៉ាន់ ធី សុវណ្ណ​ថា ១ ​លាន​ដុល្លារ​ដោយ​ប្រើ​លុយ​ពុករលួយ​គឺជា​អំពើ​បរិហារកេរ្តិ៍​ដែល​មានចែង​ក្នុង​មាត្រា​ ៣០៥ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ​តំណាង​មហាអយ្យការ​ស្នើសុំ​ឲ្យ​តុលាការ​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​»​។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោកស្រី គិម សត្ថាវី បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី​ ១៩ ខែ​ធ្នូ​។

លោក សំ សុគង់ មេធាវី​ការពារ​លោក សម រង្ស៊ី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​៕

អត្ថបទគួរចាប់អារម្មណ៍