ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​ប្រកាស​តម្កល់​សាលដីកា​មិន​ប្រគល់​ទីតាំង​ស្នាក់ការ​ដែល​គណបក្ស​ភ្លើងទៀន​ជួល​ឲ្យ​អតីត​គណបក្ស​សង្គ្រោះជាតិ​នោះ​ទៅ​ឲ្យ​បក្ស​ភ្លើងទៀន​វិញ​ឡើយ ដោយ​ថា ទីតាំង​ស្នាក់ការ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ជួល​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ស្មុគស្មាញ​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា សំណុំ​រឿងនេះ​មាន​ភ្ជាប់​ឈ្មោះ​ជន​ត្រូវ​ចោទ​ចំនួន​ ១០ ​នាក់​ដែល​មាន​ទី​១- ​ឈ្មោះ​ ជួន សុផល ទី​២- ​ឈ្មោះ​ ង៉ុក សំអូន ទី​៣- ​ឈ្មោះ​ ថន ប៊ុនធឿន ទី​៤- ​ឈ្មោះ​ ហុក សំអាង ទី​៥- ​ឈ្មោះ​ ស្រង់ ឡាយ ទី​៦- ​ឈ្មោះ​ ប៊ុន គឹមអ៊ា ទី​៧- ​ឈ្មោះ​ ពួក ចន្តា ទី​៨- ​ឈ្មោះ​ សួ តារា ទី​៩- ​ឈ្មោះ​ ស៊ី ដារ៉ា និង​ឈ្មោះ​ ទឹម សាម៉េត ដែល​ពួកគេ​មាន​មេធាវី​ការពារ​សិទ្ធិ ឈ្មោះ​ សំ សុគង់​។ លោក​ ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន​ជាដើម​បណ្តឹង​ដែល​មាន​លោក​មេធាវី​ សំ សុគង់ ជា​តំណាង​នោះ​បាន​ប្តឹង​ទាមទារ​យក​ស្នាក់ការ​ដែល​ជួល​ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យក​មក​គ្រប់គ្រង​វិញ​។

ការប្តឹង​ទាមទារ​នេះ​បាន​កើតឡើង​បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ ហើយ​សន្តិសុខ​យាម​ស្នាក់ការ​ចំនួន​ ១០ ​នាក់​​ ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ផងដែរ​កាលពី​ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ក្រោយ​ឃាត់ខ្លួន​ប្រមាណ​ ២ ​សប្តាហ៍​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ដាក់​ឲ្យ​ពួកគេ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ដូច្នេះ​សំណុំរឿង​ប្តឹង​ទាមទារ​ស្នាក់ការ​បក្ស​នេះ​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ត្រូវចោទ​ទាំង​ ១០ ​នាក់​នោះដែរ​។

លោក​ និល ណុន អនុប្រធាន​តុលាការ​កំពូល និង​ជា​ចៅក្រម​ជំនុំជម្រះ​ពី​ម្សិលមិញ​បាន​អាន​សាលដីកា​នៅក្នុង​បន្ទប់​សវនាការ​ដោយ​កំបាំងមុខ​មេធាវី​ថា ក្រោយពី​តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៦ ​កក្កដា ឆ្នាំ​ ២០២០ និង​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ស្នាក់ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​ ៥៧៦ ផ្លូវជាតិ​លេខ​ ២ ក្រុមទី​ ១៣ ភូមិ​ព្រែកតាគង់​២ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ គឺជា​កម្មសិទ្ធិ​របស់​គណបក្ស​ភ្លើងទៀន​ហើយ​បាន​ជួល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ធ្វើការ​។ លោក​ ទាវ វណ្ណុល ​បាន​ប្តឹង​ទាមទារ​យក​ស្នាក់ការ​គណបក្ស​ដើម្បី​បើកស្នាក់ការ​ឡើងវិញ​។

លោក​ និល ណុន ថា​៖ «​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​មិន​អនុញ្ញាត​ប្រគល់​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​គណបក្ស​ភ្លើងទៀន​ជា​ការត្រឹមត្រូវ​។ ព្រោះ​ស្នាក់ការ​គណបក្ស​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ដែល​មាន​ចរិត​ស្មុគស្មាញ​ហើយ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​»​។

លោក​បញ្ជាក់ថា​៖ «​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​តាម​សាលាឧទ្ធរណ៍ និង​យល់​ថា សាលាឧទ្ធរណ៍​មិន​ចាត់ការ​នេះ​ជា​ការត្រឹមត្រូវ​តាមច្បាប់​ហើយ​»​។

លោក​ សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង​គឺ​លោក ​ទាវ វណ្ណុល មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទៅលើ​ការសម្រេច​នេះ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា តុលាការ​កំពូល​បដិសេធ​ផ្តល់​ស្នាក់ការ​គណបក្ស​ភ្លើងទៀន​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​កំពូល​។ ចំពោះ​ជន​ត្រូវ​ចោទ​ ១០ ​នាក់​ដែល​ជា​អតីត​សន្តិសុខ​យាម​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​នោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះលែង​ពួកគាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​អស់ហើយ​៕