The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​លោក​ គង់ រ៉ៃយ៉ា នៅក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​លោក​ គង់ រ៉ៃយ៉ា នៅក្រៅ​ឃុំ

Content image - Phnom Penh Post
លោក គង់ រ៉ៃយ៉ា នៅ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ ២៨ តុលា​។ ហុង មិនា

តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​លោក​ គង់ រ៉ៃយ៉ា នៅក្រៅ​ឃុំ

ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​កំបាំងមុខ​ជន​ជាប់ចោទ គង់ រ៉ៃយ៉ា មិន​ឲ្យ​នៅក្រៅ​ឃុំ​ទេ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​​ថ្ងៃទី​ ២៨ ​តុលា ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​លក់​អាវយឺត​មាន​រូប​​ និង​ទ្រឹស្តី​របស់​លោក កែម ឡី ​ខណៈ​ប្រពន្ធ​របស់​លោក​អះអាងថា ប្តី​ខ្លួន​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែលជា​កំហុស​នោះទេ​។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​កំបាំងមុខ ជនជាប់ចោទ​ថា សំណុំ​រឿងនេះ​មាន​ឈ្មោះ​ គង់ រ៉ៃយ៉ា ជា​ជនជាប់ចោទ ហើយ​ក្រោយពី​បាន​ពិភាក្សា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ការដែល​ជន​ជាប់ចោទ​លើកឡើង​កាលពី​ថ្ងៃ​ជំនុំជម្រះ​ថា ខ្លួន​ជា​មេ​គ្រួសារ ជា​អ្នករកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​​ និង​មាន​កូន​ស្រី​តូច​អាយុ​ ១ ​ឆ្នាំ​​​ ហើយ​បាន​សុំ​នៅ​ក្រៅ​ឃុំ​នោះ គឺ​តុលាការ​កំពូល​មិន​ពិចារណា​ហេតុផល​នេះ​ទេ ។

លោក​ថ្លែងថា​៖ «​មូលហេតុ​ដែល​តុលាការ​កំពូល​សម្រេច​មិន​ឲ្យ​ជនជាប់ចោទ​នៅក្រៅ​ឃុំ ដោយ​​សំអាង​ថា សំណុំ​រឿងនេះ​ត្រូវ​បាន​​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ​ហើយ » ។

ទោះយ៉ាងណា អ្នកស្រី សុខ ស្រីនិច អាយុ​ ២៤ ​ឆ្នាំ​ ជា​ភរិយា​របស់ គង់ រ៉ៃយ៉ា បាន​ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​ថា ការ​ដែល​តុលាការ​កំពូល​មិន​ឲ្យ​ប្តី​អ្នកស្រី​នៅក្រៅ​ឃុំ​គឺជា​រឿង​អយុត្តិធម៌​ណាស់ ខណៈ​ប្តី​អ្នកស្រី​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​។

អ្នកស្រី​ថា ប្តី​អ្នកស្រី​គ្រាន់តែ​លក់​អាវយឺត​របស់​លោក​ កែម ឡី ដែលជា​គ្រូ​របស់​គាត់ ហើយ​ខ្លឹមសារ​នៅលើ​អាវយឺត​នោះ​គ្រាន់តែ​សរសេរ​សារ​ជា​​ទស្សនៈ​របស់​លោក កែម ឡី ប៉ុណ្ណោះ ប៉ុន្តែ​បែរ​ជា​ត្រូវ​សមត្ថកិច្ច​ចោទ និង​ចាប់​ដាក់​ពន្ធនាគារ​ទៅវិញ ។

អ្នកស្រី ស្រីនិច បាន​បន្តថា ប្តី​អ្នកស្រី​គឺជា​អ្នករកស៊ី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ដែល​មាន​កូនស្រី​តូច​អាយុ​ទើបបាន​ ១ ​ខួប ហើយ​ត្រូវ​ឃុំ​បែបនេះ​គ្មាន​អ្នកណា​ចិញ្ចឹម​គ្រួសារ​ទៀត​ទេ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​យ៉ាងខ្លាំង​​នាពេល​បច្ចុប្បន្ន ។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ឥឡូវ​​នេះ មេ​បង្គោលគ្រួសារ​ខ្ញុំ​កំពុង​មាន​បញ្ហា ដូច្នេះ​បន្ទុកគ្រួសារ​​ត្រូវ​ធ្លាក់​មកលើ​ខ្ញុំ​ទាំងស្រុង​។ ពេលនេះ​ខ្ញុំ​ឈប់​លក់​អាវយឺត​ដែល​មាន​រូបលោក កែម ឡី ទៀត​ហើយ » ។

លោក​ គង់ រ៉ៃយ៉ា ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំ​ខ្លួន​កាលពី​ថ្ងៃ​​ទី​ ១១ ខែ​កក្កដា ឆ្នាំនេះ​ដោយ​រង​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​បន្ទាប់ពី​លោក​បាន​អំពាវនាវ​លក់​អាវយឺត​មាន​រូប និង​ទ្រឹស្តី​របស់​លោក កែម ឡី នៅមុន​គម្រប់​ខួប​ ៣ ​ឆ្នាំ​ នៃ​ឃាតកម្ម​លើ​លោក កែម ឡី ដែល​បានកើត​​ឡើង​កាលពី​ថ្ងៃ​ ១០ កក្កដា ឆ្នាំ​ ២០១៦​។ កាលពី​ពាក់កណ្ដាល​​ខែ​សីហា សាលាឧទ្ធរណ៍​បាន​បដិសេធ​មិន​ឲ្យ​លោក រ៉ៃយ៉ា បាន​នៅក្រៅ​ឃុំ​ម្ដង​រួចហើយ ដោយ​អវត្តមាន​ជនជាប់ចោទ​។

លោក សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ គង់ រ៉ៃយ៉ា ធ្លាប់បាន​លើកឡើង​កាលពី​ថ្ងៃ​បើក​សវនាការ​នៅ​តុលាការ​កំពូល​ថា ការចាប់​ខ្លួន​កូនក្តី​របស់​លោក​នេះ​ដោយសារ​តែ គង់ រ៉ៃយ៉ា បាន​បោះពុម្ព​អាវយឺត​មាន​រូប និង​សរសេរ​សារ​របស់​លោក កែម ឡី នៅលើ​អាវយឺត​នោះ​។ ប៉ុន្តែ​លោក​ថា​ ការបោះពុម្ព​នោះ​គ្រាន់តែ​មាន​គោលបំណង​លក់​យក​ប្រាក់​ចំណេញ​ប៉ុណ្ណោះ រីឯ​ដំណើរការ​បោះពុម្ព​បាន​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​ ២០១៧ មុន​ការចាប់​ខ្លួន​មក​ម្ល៉េះ​៕

អត្ថបទគួរចាប់អារម្មណ៍

  • លោក នុត​ ហួ ​ចំណាយ​ពេល ​៥ ​ជំនាន់ ​ក្នុង​គ្រួសារ​កីឡា​យូដូ​

    ភ្នំពេញ៖ ​នៅ​ក្នុង​វ័យ​ជាង ​៧០ ​ឆ្នាំ​ លោក​ នុត ​ហួ ​នៅ​តែ​មាន​សុខភាព​រឹងមាំ ហើយ​​​បច្ចុប្បន្ន​លោក​ជា​គ្រូ​បង្វឹក​ធំ​ផ្នែក​​កីឡា​យូដូ​​របស់​សមាគម​កីឡា​ក្រសួង​មហាផ្ទៃ ​ខណៈ​ដែល​កូនៗ​ទាំង​អស់​របស់​លោក​ ក៏​ជា​គ្រូ​បង្វឹក ​និង​មាន​អតីតកាល​សុទ្ធ​តែ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ និង​លេង​កីឡា​យ៉ាង​ឆ្នើម​។

  • Microsoft ដាក់​បង្ហាញ​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox Series X ថ្មី

    ក្រុងឡូសអេនជឺលេសៈ ក្រុមហ៊ុន Microsoft បានដាក់​បង្ហាញ​ម៉ាស៊ីន​វីដេអូ​ហ្គេម Xbox Series X ថ្មី​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន ខណៈដែល​ក្រុមហ៊ុន​នេះ​ចង់​គេច​ផុតពី​ការគំរាមកំហែង​ពី​ការប្រកួតប្រជែង​នានា រួមទាំង​ពី​ការលេង​វីដេអូ​ហ្គេម​ប្រភេទ streaming និង​ម៉ាស៊ីន​វីដេអូ​ហ្គេម​របស់​ក្រុមហ៊ុន Sony ជា​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ផងដែរ​។

  • ភាគី​សង្គ្រាម​នៅ​លីប៊ី ​​​រំលោភ​បំពាន​​​បម្រាម​ទិញ-លក់​អាវុធ​របស់ UN​

    ក្រុង​ទ្រីប៉ូលី៖ ​ចាប់​ពី​ការ​ទិញ​នាវា​អៀរឡង់ ​១ ​គ្រឿង​ បាន​ត្រូវ​បាន​ចុះ​ក្នុង​​បញ្ជី​ឡើង​វិញ​ថា​ ជា ​«​នាវា​កម្សាន្ត​​» ​១ គ្រឿង​ ក្នុង​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​កាណាដា​ ដើម្បី​ជ្រើសរើស​កងទ័ព​ស៊ូដង់​ ដែល​ជា​ក្រុម​សង្គ្រាម​របស់​ប្រទេស ​លីប៊ី ​កំពុង​គ្រប់គ្រង​អំណាច​កំពុង​រំលោភ​បំពាន​​បម្រាម​ទិញ-លក់​អាវុធ​របស់​​អង្គការ​សហប្រជាជាតិ​។​

  • Ribery ​​មិន​បាន​ប្រកួត ​១០ ​សប្ដាហ៍ ​​ក្រោយ​វះ​កាត់​​

    ក្រុង​មីឡាន៖ តារា​បាត់ទាត់​ Frank Ribery នៅ​ក្លិប Fiorentina អាច​នឹង​អវត្ត​​មាន​ប្រកួត​រយៈពេល ​១០ ​សប្ដាហ៍ ​ក្រោយ​ពី​ទទួល​ការ​វះ​កាត់​ក្បាល​ជង្គង់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​។​