ភ្នំពេញ៖ តុលាកាកំពូលនាព្រឹកនេះ បានចេញសេចក្តីសម្រេចអនុញ្ញាតឱ្យមន្ដ្រីតុលាការកំពូល និងមហាអយ្យការអមសាលាកំពូលទាំងអស់ បំពេញការងារពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេលបិទខ្ទប់ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
តាមសេចក្ដីសម្រេចរបស់តុលាកាកំពូល មន្ត្រីតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលទាំងអស់រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល ត្រូវបានអនុញ្ញាតឱ្យបំពេញការងារពីចម្ងាយ ឬតាមរយៈប្រព័ន្ធអនឡាញ ក្នុងរយៈពេលបិទខ្ទប់នេះ ដោយមិនចាំបាច់មកបំពេញការងារក្នុងស្ថាប័នទេ។ ប៉ុន្តែត្រូវបានចាត់តាំងមន្ត្រីរដ្ឋបាលចំនួន ២ នាក់ ក្នុង ១ ថ្ងៃប្រចាំការ ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១។
តុលាការកំពូលបញ្ជាក់ថា មន្ត្រីប្រចាំការតាមវេន ត្រូវទទួលឯកសារ ពាក្យបណ្ដឹង ឬព័ត៌មានផ្សេងៗ ហើយថតចម្លងផ្ញើជូនប្រធានតុលាការកំពូល តាមរយៈប្រព័ន្ធអនឡាញ ដើម្បីចាត់ការ។
ចំណែកកម្មវិធីសវនាការ រឿងព្រហ្មទណ្ឌ និងរឿងរដ្ឋប្បវេណី ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ត្រូវលើកទៅថ្ងៃក្រោយវិញ។
ភ្នំពេញ ប៉ុស្តិ៍ មិនទាន់អាចទំនាក់ទំនងតុលាការកំពូលបានទេនាថ្ងៃនេះ។
នៅក្នុងអំឡុងពេលបិទខ្ទប់ដែលបានកំណត់ចន្លោះពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃនេះដែរ បានបញ្ជាក់ថា រាល់កម្មវិធីសវនាការ នីតិវិធីសាកសួរ និងកិច្ចនីតិវិធីផ្សេងទៀត ត្រូវបានលើកពេល លើកលែងតែសំណុំរឿងមួយចំនួន ដែលត្រូវការចាំបាច់ធ្វើកិច្ចនីតិវិធី តាមការពិនិត្យជាក់ស្តែងដោយ ចៅក្រម។
ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ នៅផ្តល់ជូនសេវាចាំបាច់មួយចំនួនទៀត ដោយចាត់តាំងឱ្យមានមន្ត្រីប្រចាំការទទួលបន្ទុកការងារ៕