ភ្នំពេញៈ ប្រតិកម្ម​នឹង​ការផ្សព្វ​ផ្សាយ​ថា ​សាលដីកា​តុលាការ​កំពូល​ខុស​ច្បាប់​​ពាក់ព័ន្ធ​នឹង​ការសម្រច​លើដី​ទំនាស់នៅ​ខេត្តព្រះ​សីហនុ​ អ្នកនាំពាក្យ​តុលាការ​កំពូល ​ពីម្សិលមិញ​ បានបញ្ជាក់ថា ​ខ្លួន​រក្សា​សិទ្ធិ​ប្តឹង​ឲ្យចោទ​ប្រកាន់​ចំពោះ​ការផ្សាយ​របស់​ម្ចាស់​គណនី​ឈ្មោះ​ William Guang ដែល​គេ​ដឹងថា​ ជាប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​ឈ្មោះ សុខ សុវណ្ណ​ វឌ្ឍនា​ សាប៊ុង ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់។

អ្នក​នាំពាក្យ​តុលាការ​កំពូល​ លោក​ នៅ មុនីជោត​ បានចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី ៥ ​មីនា ​ដោយ​ចាត់ទុក​ការផ្សព្វផ្សាយ​របស់​លោក​ សុខ សុវណ្ណ ​វឌ្ឍនា ​សាប៊ុង ​ឬ ​William Guang ថា​ ជាការចោទ​ប្រកាន់​ដោយ​អសុទ្ធចិត្ត ​បំភាន់​ ញុះញង់។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល ​បានលើក​ឡើងថា ​ម្ចាស់​គណនី​ឈ្មោះ​ William Guang មិន​បាន​ពន្យល់ ថា ​«សាលដីកា​ខុស​ច្បាប់​» កន្លែង​ណា? ​ព្រោះ​អ្វី?​​នោះ​ទេ។ ផ្ទុយ​​ទៅវិញ ​សាល​ដីកា​តុលាការ​កំពូល​ រហូតមក​ដល់​ពេល​នេះ ​នៅតែ​មានតម្លៃ​គតិយុត្ត​ ពីព្រោះ​មិនទាន់មាន​ស្ថាប័ន​ ឬ​សមត្ថកិច្ច​ណា​បដិសេធ​ ឬ​ទុក​ជា​មោឃៈ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​ បញ្ជាក់​ថា​៖ «អ្នក​នាំពាក្យ​តុលាការ​កំពូល​សូម​ប្រកាស​ជាឱឡារិក​ថា ​តុលាការ​គ្រប់​ជាន់ថ្នាក់​ ដែល​ជា​ស្ថាប័ន​តំណាង​ឲ្យ​អំណាច​ទី ៣ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាទទួល​យក​ការរិះគន់​ស្ថាបនា​ទាំងអស់ ​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​ និង​ហ៊ាន​ទទួល​ខុសត្រូវ​តាម​ច្បាប់​នូវ​រាល់​ចំណាត់ការ​របស់​ខ្លួន ​តែ​មិន​ទទួល​យក​ដាច់ខាត​នូវ​ការ​វាយ​ប្រហារ​​ទាំងឡាយ​ណា​ដែល​ទុច្ចរិត​គ្មាន​មូលដ្ឋាន​ ធ្វើឲ្យ​បាត់​ជំនឿ​ដល់​តុលាការ​ និងរក្សា​សិទ្ធិ​ប្តឹង​ឲ្យចោទ​ប្រកាន់​តាម​មាត្រា ៥២៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ បាន​លើក​ឡើង​ពី​ម្ចាស់​គណនី​ ឈ្មោះ​ William Guang ដែល​បាន​ចោទ​ប្រកាន់​ថា​តុលាការ​ បានចេញ​សេចក្តី​សម្រេច​ខុស​បែបបទ​គតិយុត្ត ​ប៉ុន្តែ​ឈ្មោះនេះ ​មិនមាន​សំអាង​ហេតុ​ឬ​ពន្យល់​អ្វី​ទាំង​អស់។ ផ្ទុយ​ទៅវិញ​សេចក្តីសម្រេច​របស់​តុលាការ​ទាំង ៣ ​ថ្នាក់ ​មានសមាសភាព​ចៅក្រម​សរុប​រហូត​ដល់​ទៅ ១៣ នាក់​ សុទ្ធសឹង​ជាចៅក្រម​អាជីព​ មាន​តាំងពី​ថ្នាក់​វរ​ចៅក្រម​ រហូត​ដល់​ចៅក្រម​ផុត​ថ្នាក់។

អ្នក​នាំពាក្យតុលាការកំពូល ​លោក​ នៅ មុនីជោត ​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ ថា​៖ «តើ​បុគ្គល​ William Guang ​មាន​សមត្ថ​ភាព ​សិទ្ធិ ​និង​​អំណាច​អ្វី ​បានជា​អាច​មក​បន្តុះបង្អាប់​ការងារ​របស់​តុលាការ​យ៉ាង​ដូច្នេះ?»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​​បន្ថែមថា​៖ «ម្ចាស់​គណនី​ឈ្មោះ ​William Guang បាន​ចោទ​ប្រកាន់​បន្ថែម​ទៀត​ថា ​យកដី​រដ្ឋ​មក​កាត់​ក្តី​ចែក​ឯក​ជន។ នេះ​ គឺជា​ការចោទ​ប្រកាន់​ដោយ​អសុទ្ធចិត្ត​ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ជាសា​ធារណៈ ​ដោយ​បំភាន់ ​ញុះញង់ ​ក្នុង​គោល​បំណង​​ធ្វើឲ្យ​បាត់​ជំនឿ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ ពីព្រោះ​ថា​ ដី​ដែលជា​កម្មវត្ថុ​នៃ​វិវាទ​ គឺជា​ដី​បាន​មក​ពី​ការទិញ​​លក់ ​ហើយ​ក្រសួង​មាន​សមត្ថកិច្ច​បាន​ចេញ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កាន់កាប់​អចលនវត្ថុ​ឲ្យទៀត​ផង​មិន​មែន​ជា​ដី​រដ្ឋ​ទេ»។

អ្នក​នាំពាក្យ​រូបនេះ​ បានបន្តថា ​ដូច្នេះ ​តុលាការ​ គ្រាន់តែ​អនុវត្ត​តួនាទី​របស់​ខ្លួន ​ដើម្បី​ផ្តល់​យុត្តិ​ធម៌​ឲ្យ​គូភាគី ​នៅពេល​មាន​បណ្តឹង​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ​និង​​ច្បាប់​ជា​ធរមាន​តែ​ប៉ុណ្ណោះ​។

នៅពេល​ទាក់ទង​សុំការ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះ ​អ្នក​នាំពាក្យ ​លោក ​នៅ មុនី​ជោត​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថា ​លោក​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួច​ហើយ។

កាលពី​ថ្ងៃទី ២​ មីនា​ នៅលើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ​លោក​ William Guang បាន​សរសេរ​ថា​ លោក​ យន្ត មីន ​អភិបាល​ខេត្ត​ព្រះសីហនុ​ «ថ្លើម​ធំ​ពាស​មេឃ​មើល​ងាយ​អនុសាសន៍​ណែនាំ​​របស់​សម្ដេច​តេជោ ​ហ៊ាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យឈូស​ឆាយ​ធ្វើ​របង​លើ​ដី​ទំនាស់​ភូមិ​គគីរ ​ដែលជា​ដី​របស់​រដ្ឋ​ ហើយ​ស្ថិត​ក្រោម​សាលដីកា​ខុស​ច្បាប់​នៅ​ឡើយ ​ខណៈ​ដែល​តុលាការ​បាន​ចេញ​សេចក្ដី​សម្រេច​​ទាំង​ខុស​បែប​បទ​គតិយុត្ត​ លោក ​យន្ត មីន ​កំពុង​បំពាន​លើ​មតិ​ណែនាំ​របស់​សម្ដេច​តេជោ ​និង​បំពាន​លើ​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម​លេខ​ ១០៨២ ​កសក» ។

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​រូបនេះ​បន្ថែមថា ​លិខិត​របស់​លោក​ យន្ត មីន ​ធ្វើ​មុន​មួយ​ថ្ងៃ​ការ​ប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្ដល់​យោបល់​ជាមួយ​លោក​ ហ៊ុន សែន ​ដែល​លោក​បាន​បញ្ជាឲ្យ​ឧបនាយក​រដ្ឋមន្ត្រី​ ជា សុផារ៉ា ​សើរើ​ឡើង​វិញ​ហើយ​ចំពោះ​បញ្ហា​ដី​នេះ។

លោក​បញ្ជាក់ថា​ ជន​ពាក់ព័ន្ធ​ផល​ប្រយោជន៍​លើ​ការយក​ដី​រដ្ឋ​មក​កាត់​ក្ដី​ចែក​ឯកជន​ គឺ​មិន​រួច​ខ្លួន​ទេ ​ដីនេះ​ជាដី​រដ្ឋ ហេតុ​អ្វី​ឲ្យ​ឯកជន​ទៅ​បោះ​របង​ទៅ​វិញ។ យោង​លិខិតនេះ​លោក​ថា​ នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ភ្លាម​ឲ្យ​លោក​មាន​វិធានការ​ចំពោះ​អភិបាល​ខេត្ត​​រូប​នេះ។

ជុំវិញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​នេះ លោក William Guang ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​​ថា ​សេច​ក្ដី​ប្រកាស​នេះ​ជា​សមត្ថកិច្ច​របស់​តុលា​ការ ដូច្នេះ​តុលាការ​មាន​សិទ្ធិ​ធ្វើ​ការងារ​នេះ​ ហើយថា ​លោកមិន​មានការព្រួយបារម្ភ​អ្វីទេ ​ដោយ​គ្រាន់​តែ​បាន​ធ្វើ​ការងារ​ទៅ​តាម​ច្បាប់​​តែ​ប៉ុណ្ណោះ។

លោក​ថ្លែងថា​៖ «ចំពោះ​ការងារ​នេះ​ វា​ផុត​ដែន​សមត្ថកិច្ច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​​យោបល់​ ពីគណបក្ស​ខ្មែរ​ក្រោក​ហើយ។ ហេតុ​អី ​ព្រោះ​យើង​បាន​រក​ឃើញ​តម្រុយ​ពី​ភាព​មិន​ប្រក្រតី។ នៅពេល​ដែល​យើង​រក​ឃើញ​តម្រុយ​ពីភាព​មិន​ប្រក្រតី​ជុំវិញ​បញ្ហា​នេះ​ យើង​បាន​ដាក់​របាយ​ការណ៍មួយ​ដើម្បី​ស្នើ​ឲ្យប្រមុខ​រដ្ឋាភិបាល​លោក​ធ្វើ​ការ​ចាត់​តាំង​អាជ្ញាធរ ​ដើម្បី​ប្ដឹង​ទាស់​ទៅលើ​សាល​ដីកា​ហ្នឹង ​នេះ​ដែល​យើង​បាន​ធ្វើ»។

លោក​បន្ថែមថា ក្នុងកិច្ច​ប្រជុំ​ឧត្ដម​ក្រម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្ដល់​យោបល់​បូក​សរុប​ការងារ​ប្រចាំ​ឆមាស​ជា​មួយ​លោក ​ហ៊ុន សែន​ លោក​ក៏បាន​លើក​ទាក់ទង​នឹង​សាល​ដីកាដែល​មាន​ភាព​មិន​ប្រក្រតី​ ដោយ​ឈរ​លើ​បទដ្ឋាន​គតិយុត្ត​មិន​ទាន់​ត្រឹម​ត្រូវ ​និង​មួយ​ទៀត​លើការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​លើស​ចំនួន ​និង​ប្រើ​កង​យោធា​ទៅ​បង្រ្កាប។

លោកបាន​បញ្ជាក់ថា​៖ «យើង​ទទួល​បាន​ការ​ឆ្លើយ​តប​ទាំង​ ២​ រហូត​ដល់​លោក (ហ៊ុន សែន) បញ្ជាឲ្យ​សិក្សា​ដក​យោធា ​និង​ដក​អភិបាល​រង​ខេត្ដ​ ២ រូប​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី»៕