ភ្នំពេញៈ តុលា​ការ​​កំ​ពូល​ពី​ម្សិល​មិញ​ បា​ន​ជំ​នុំ​ជម្រះ​ជន​ជាប់​ចោទ​ម្នាក់​ពា​ក់​ព័ន្ធ​កាប់​ជន​រ​ង​គ្រោះ​ម្នាក់​ស្លាប់​ក្នុង​វង់​ផឹក​ស៊ី​​នៅ​ម្តុំផ្សារ​អូឡាំពិ​ក​ក្នុង ​អំ​ឡុង​ឆ្នាំ​ ២​០​១​៣​ ដែល​ត្រូ​វ​បាន​តុ​លា​ការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​ ៧​ ឆ្នាំ​និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន។

តាម​កំ​ណត់​ហេតុ​តុ​លា​ការ​បាន​បង្ហាញ​ថា​នៅ​យប់​ថ្ងៃ​ទី ​១​១ ​ខែ​កក្កដា​​ឆ្នាំ​ ២​០​១៣​ មាន​មនុស្ស​ ២​ ក្រុម​ដែល​ក្នុង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី​​ ៥​ ទៅ​ ៦​ នាក់​​បាន​ជុំ​គ្នា​ផឹក​ស៊ី​ នៅ​កន្លែង​មួយ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិក​​រាជ​ធានី​ភ្នំពេញ​។ ​ពេល​កំ​ពុង​ផឹក​ស៊ី​នោះ​​ភា​គី​ឈ្មោះ​​សៅ​ សុផាន់​ថង ​និង​ជន​រង​គ្រោះ​​ឈ្មោះ​ប៊ុន ​គីម​ស៊ន​អា​យុ​ ២៤ ​​ឆ្នាំ​បាន​ទាស់​សម្តី​គ្នា​​ប៉ុន្តែ​បន្ទាប់​ពី​ឈ្លោះ​ប្រ​កែក​គ្នា​ហើយ​ក៏​បែក​គ្នា​ទៅ​។​ តែ​មួយ​សន្ទុះ​ក្រោយ​មក​​ស្រាប់​តែ​ជន​ជាប់​​ចោទ ​​សៅ​ សុ​ផាន់​ថង ​បាន​ជិះ​ម៉ូ​តូ​ ២ ​គ្រឿង​ ត្រឡប់​មក​វិញ​ដោយ​មនុស្ស​នៅ​លើ​​ម៉ូ​តូ​មាន​កាន់​ដាវ​និង​កាំ​បិត​កាប់​លើ​ជន​រង​គ្រោះ​ត្រូវ​ក្បាល​ជា​ច្រើន​កាំ​បិត​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់​​ហើយ​ត្រូវ​គ្នា​គ្នីរបស់​ជន​រងគ្រោះ​​ដឹក​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​

បើ​តាម​​​ឪ​ពុក​របស់​​ជន​រង​គ្រោះ​ឈ្មោះ ប៊ុន​ គឹមសុង ដែល​ឡើង​ឆ្លើយ​បំ​ភ្លឺ​នៅ​ក្នុង​សវនាការ​ពី​ម្សិល​មិញ​ថា​បន្ទាប់​ពី​បាន​ទ​ទួល​ដំណឹង​គាត់​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​កំ​ពង់​ឆ្នាំង​មក​មើល​កូន​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន ​១ យប់​ ១ ​ថ្ងៃ​កូន​របស់​គាត់​ក៏​ស្លាប់​ទៅ​ដោយ​សារ​ស្ថានភាព​របួស​ធ្ងន់​ពេក​។​បន្ទាប់​មក​ដោយ​ស្គាល់​ឈ្មោះ​ជន​ជាប់​ចោទ​គាត់​ក៏​បាន​ស្រាវ​​ជ្រាវ​តាម​រយៈ​បណ្តាញ​ទំ​នាក់​​ទំ​នង​សង្គម​ហើយ​បាន​ឃើញ​គ​ណ​នីហ្វេ​សបុក​របស់​ជន​ជាប់​​ចោទ​ហើយ​លោក​ក៏​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូឡាំពិក។​​

លោក​​ប្រាប់​ចៅ​ក្រម​ថា៖ ​«​កូ​ន​​របស់​ខ្ញុំ​ត្រូវ​ជន​ជាប់​ចោទ​កាប់​ត្រូវ​ក្បាល​ជា​ច្រើន​កាំ​បិត​ហើយ​នៅ​ក្នុង​ហ្វេស​ប៊ុក​ជន​នេះ​បាន​បង្ហោះសា​រ​ថា​ យប់​មិញ​ក្រុម​យើង​បាន​កាប់​មនុស្ស​ម្នាក់​។ ​រឿង​នេះ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់»។

លោក​និ​យាយ​ថា​​ សំ​ណុំ​រឿង​នេះ​ត្រូវ​សា​លា​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​​ពេញ​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​​ ១​២​ ខែ​សី​ហា​ ឆ្នាំ​​ ២​០​១​៥​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ៩ ​ឆ្នាំ​ដោយ​ឲ្យ​សង​សំ​ណង​ ៦​០ ​លាន​រៀល​ ចោទ​​ពី​បទ​ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ​​និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​។​ដោយ​មិន​សុខ​ចិត្ត​ជន​ជាប់​​ចោទ​បាន​ពឹង​មេ​ធា​វី​ប្តឹង​ទាស់​​ទៅ​សា​លា​ឧទ្ធរណ៍​ហើយ​ត្រូវ​សា​លា​ឧទ្ធរណ៍​​ប្រ​កាស​សាលដី​កា​​នៅ​ថ្ងៃ​ទី​ ២​៣ ​មីនា​​ឆ្នាំ​​ ២​០១​៧ ​ផ្តន្ទា​ទោស​ ៧ ឆ្នាំ​វិញ​ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​ជន​ជាប់​ចោទ។

លោក ​វ៉េង​ ប៊ុន​ធឿន ​ជា​តំ​​ណាង​ម​ហា​អយ្យការ​ បាន​សន្និដ្ឋាន​ក្នុង​សវនាការ​ថា​ ឆ្លង​​តាម​ការ​ពិនិត្យ​​លើ​អង្គ​ហេតុ​លោក​យល់​ថា​ សំណុំ​រឿង​នេះ​មាន​សាក្សី​និង​ភ័ស្តុតាង​គ្រប់​គ្រាន់​ដែល​មាន​លក្ខណៈ​ស៊ី​​ចង្វាក់​គ្នា​និង​គណ​នី​យហ្វេ​សប៊ុក​របស់​ជន​ជាប់​ចោទ​ដែល​បង្ហោះ​​សារ​រៀប​រាប់​ពី​អំពើ​ហិង្សា​នេះ។​

លោក​ថ្លែង​ថា៖ «​នៅ​សា​លា​ឧទ្ធរ​ណ៍​មេ​ធា​វី​របស់​ជន​ជាប់​ចោទ​ក៏​បាន​ស្នើ​សុំ​ចៅ​ក្រម​ឲ្យ​បន្ថយ​ទោស​ដល់​កូន​ក្តី​ដែរ​​ដោយ​លើក​ឡើង​ថា​អ្នក​ប្រ​ព្រឹត្ត​ច្រើន​នាក់​ តែ​តុលាការ​ដាក់​ទោស​តែ​កូន​ក្តី​គាត់​ម្នាក់​។​ ខ្ញុំ​សូម​តម្កល់​សាល​ដី​កា​របស់​សា​លា​ឧទ្ធរណ៍​​ទុក​ជា​បាន​ការ​ដដែល»។

​លោក​ស្រី​សំផុន​ សុ​ផា​រ័ត្ន​ ជា​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​​ចោទ​​សៅ​​សុ​ផាន់​ថ​ង​បាន​សន្និដ្ឋាន​ថា​​រឿង​នេះ​គ្មាន​ន​រ​ណា​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ជា​ភ័ស្តុតាង​ដើម្បី​បំ​ភ្លឺ​ទេ​ និង​គ្រាន់​តែ​យក​សាក្សី​មក​បំ​ភ្លឺ​ហើយ​ចោទ​កូន​ក្តី​របស់​លោក​ស្រី​តែ​ម្តង​ហើយ​​សាក្សី​ទាំង​អស់​ សុទ្ធ​តែ​មិន​ស្គាល់​អត្តសញ្ញាណ​​ជន​ជាប់​ចោទ​ទៀត។

លោក​ស្រី​ថា៖ ​«​ខ្ញុំ​សុំ​ឲ្យ​តុលាការ​បង្វិល​សំ​ណុំ​រឿង​នេះ​ទៅ​សា​លា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ឡើង​វិញ»។​

លោក​ឃឹម ​ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​​ថ្លែង​ថា​ សាល​ដី​កា​នៃ​សំ​ណុំរឿង​នេះ​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​​ ២​៤ ខែ​មិថុនា​​ ខាងមុខ៕