ភ្នំពេញៈ តុលា​ការ​​កំ​ពូល​កាលពី​ម្សិល​មិញ​បាន​ជំ​នុំ​ជម្រះ​ជនជាប់​ចោទ​ម្នាក់​ពាក់​ព័ន្ធ​ករ​ណី​ប្លន់​សម្លាប់​ស្រ្តី​រង​គ្រោះ​ម្នាក់​នៅ​​ភូមិ​ ៥​​ ឃុំ ​ត្រែង​ត្រ​យឹង​​ ស្រុក​ភ្នំស្រួច ​​ខេត្ដកំ​ពង់​ស្ពឺ ​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​ ២​០​១​៣​ ខណៈ​សំណុំ​រឿង​នេះ​ត្រូ​វ​បានតុ​លា​ការ​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​​ ២​៥ ឆ្នាំ។

តាម​កំ​ណត់​​ហេតុ​តុ​លាកា​រ​បង្ហាញ​ថា​​ កាល​ពី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​ ១​៦​​​ ខែ​​ កក្កដា​​ ឆ្នាំ​​ ២​០​១​៣​​​ ស្រ្តីរ​ង​គ្រោះ​ឈ្មោះ​​ ទី​​ សុ​ឃឿ​ន​ អា​យុ​​ ៣​៦ ​ឆ្នាំ​​ បាន​ដា​ស់​​ប្តី​របស់​គាត់​ឲ្យ​ទៅ​កាប់​ជ្រូក​ដូច​សព្វ​មួយ​ដង​។​ បន្ទាប់​ពី​​ប្តីចេ​ញ​ទៅ​កាប់​ជ្រូក​បាត់​ ស្រាប់​តែ​មាន​មនុស្ស​​ឡើង​ផ្ទះ​ស្រ្តី​រង​គ្រោះ​​ ប៉ុន្តែ​មិន​ដឹង​ចំ​នួន​ប៉ុន្មាន​នាក់​ទេ​ ហើ​យបា​ន​ប្រើ​​អំ​ពើ​ហិង្សា​ និង​វាយ​មនុស្ស​​នៅ​ក្នុង​ផ្ទះ​និ​ង​​​រើក​​កាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​តែម្តង។

កំណត់​ហេតុ​បន្ត​ថា​ បន្ទាប់​ពី​ក្រុម​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ប្លន់​ហើយ​ ក៏​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​អស់​។ រី​ឯ​ស្រ្តី​រង​គ្រោះ​​សមត្ថ​កិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ស្នាម​ចាក់​នឹង​​អា​វុធ​​ចុង​ស្រួច​នៅ​លើដ​ង​ខ្លួន​ជា​ច្រើន​កន្លែង​ និង​ត្រូវ​ក្បាល​​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​កំពង់ស្ពឺ។​

ជា​មួយ​​គ្នា​នោះ​ កូន​ស្រ្តី​រង​គ្រោះ ​​ឈ្មោះ ​​ស៊ឹម​ ស្រី​លក្ខណ៍​​ អា​យុ ​​១​៤ ​ឆ្នាំ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​​យប់​ទៀប​ភ្លឺ​ថ្ងៃ​កើត​ហេតុនោះ​​ នាង​ក៏​ត្រូវ​​ឈ្មោះ​​ ខន​​ សុ​ភា​ ចាប់​​បោក​នឹង​គ្រែ​ ហើយ​វាយ​ឲ្យ​របួស​ផងដែរ​។ ភ្លាម​ៗ ​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​​បាន​ចាប់​​ខ្លួន​ជន​ចាប់​ចោទ​ដោយ​សារឃើញ​នៅ​លើ​ផ្ទៃ​មុខ​របស់​ជន​ជាប់ចោទ​មាន​ស្នាម​ប្រឡាក់​ឈាម។

បើ​តាម​កំ​ណត់​ហេតុ​​របស់​តុ​លា​ការ​ដ​ដែល​បង្ហាញ​​ថា​​ទ្រព្យ​សម្បត្តិ​ដែល​ជន​រង​គ្រោះ​បាត់​បង់​រួម​មាន​ មា​ស​​ ១​០ តម្លឹង,​ បា្ល​ទីន​​ ៧ ​តម្លឹង,​ លុយ​ខ្មែរ​ ​១​០​ លាន​រៀល​ និង​លុយ​ដុល្លារ​ចំនួន​ ៣ ​ពាន់​ដុល្លារ​ទៀត។

ជន​ជាប់​ចោទ​ ត្រូវ​បាន​សា​លា​ដំ​បូង​​ខេត្ត​​កំ​ពង់​ស្ពឺ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​ ១​៦ ​​ខែ​​ កញ្ញា​​ ឆ្នាំ​ ១​០​១​៥​ ដោយ​​ផ្តន្ទា​ទោស​ដាក់​ពន្ទ​នាគារ​​​ ២​៥ ​ឆ្នាំ​ ចោទ​បទ​លួច​មាន​ស្ថាន​ទម្ង​ន់​ទោស​ដោយ​សារមរណភាព​នៃ​ជនរង​គ្រោះ​តាម​មាត្រា​ ៣​៥​៣ ​និង​ ៣​៦​០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​ ប៉ុន្តែ​ជន​ជាប់​ចោទ​មិន​សុខ​ចិត្ត​បាន​ប្តឹង​ទាស់​ទៅ​សា​លា​ឧទ្ធរ​ណ៍​​ហើយ​ត្រូវ​បាន​សា​លា​ឧទ្ធ​រណ៍​​ប្រ​កាស​សាល​ដី​កា​​នៅ​ថ្ងៃ​ទី​ ១​៨​​ ខែ​​ កញ្ញា​ ឆ្នាំ​​ ២​០​១​៨​ ដោយ​សម្រេច​តម្កល់​ទណ្ឌកម្ម​ទោស​​ ២៥​ ឆ្នាំ​ដដែល។

ជន​ជាប់​ចោទ​ បាន​និ​យាយ​ថា​​៖​​ «​ខ្ញុំ​ពិត​ជា​មិន​បាន​ប្លន់​វាយ​​​សម្លាប់​​ស្រ្តី​រង​គ្រោះ​ទេ​​ហើយ​មុខ​ខ្ញុំ​ប្រ​ឡាក់​ឈាម​ដោយ​សា​រ​ខ្ញុំ​ដឹ​ក​ស្រ្តី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​។​ខ្ញុំ​សុំ​តុលា​ការ​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេ​រី​ភាព​វិញ​ផង»។

លោក​​ ឈួន​​ ចាន់ថា​​ តំ​ណាង​ម​ហា​អយ្យការ​សន្និដ្ឋាន​ថា​ក្រោយ​ពី​បាន​ពិ​និត្យ​មើល​អង្គ​ហេតុ​ លោក​យល់​ឃើញ​ថា​ ថ្វី​ដ្បិតតែ​ជន​ជាប់​ចោទ​បដិសេធ​ក្នុង​ការ​ប្រ​ព្រឹត្ត​ក្តី​ ប៉ុន្តែ​ជន​ជាប់​ចោទ​គ្មាន​អ្វី​ជា​ភ័ស្តុតាង​ដោះ​បន្ទុក​ទេ​។ ​​ម៉្យាង​ក្មេង​ស្រី​ម្នាក់​​ជា​កូន​ស្រ្តី​រង​គ្រោះ​ដែល​ជា​ជន​រង​គ្រោះ​និង​ជា​សាក្សីម្នាក់​ដែរ​នោះ​​ថា​ ពេល​នោះ ​នាង​បាន​ឃើញ​មុខ​ជន​ជាប់​ចោទ​ ព្រោះ​នៅក្នុង​ផ្ទះ​មាន​បើក​ភ្លើង។

លោក​ថា​​​៖​​ «​ដូច្នេះ​ខ្ញុំ​ស្នើ​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​តម្កល់​សាល​ដី​កា​របស់​សា​លា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ»។

លោក ស៊ិន​ វ៉ាន់​នី​ មេ​ធា​វី​​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​បាន​សន្និដ្ឋាន​ថា​​ កូន​ក្តី​របស់​លោក​ត្រូវ​បាន​កូន​ស្រី​របស់​ស្រ្តី​រង​គ្រោះ​ឆ្លើយ​ដាក់​ ប៉ុន្តែ​ក្រោយ​មក​បាន​ធ្វើ​ជា​សាក្សី​ដោយ​ប្រាប់​តុ​លា​ការ​ថា​ កូន​ក្តី​របស់​​លោក​មិន​បាន​ប្រព្រឹត្ត​ទេ​ហើយ​នាង​ក៏​មាន​ការ​សោក​ស្តាយ​ដែរ​ដែល​ពី​មុន​ឆ្លើយ​ដាក់​កូនក្តី​របស់​លោក។

លោក​ថា​៖​​ «​ខ្ញុំ​សុំ​ឲ្យ​តុ​លា​​ការ​លើក​លែង​បទ​ចោទ​ និង​ដោះលែង​កូនក្តី​ខ្ញុំ​វិញ»។​

ក្រោយ​ជំ​នុំ​ជម្រះ​​​លោក​​ ឃឹម​​ ប៉ុណ្ណ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជំ​នុំ​ជម្រះ​​ថ្លែង​ថា​​ សាល​ដី​កា​​នេះ​​នឹង​ប្រ​កាស​នៅ​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​​ ខាងមុខ៕