ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​គឺ លោក​ គង់ ម៉ាស់ ពាក់ព័ន្ធ​បទចោទ​ប្រមាថ និង​ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​ ២០១៩ ​ដែល​តុលាការ​ថ្នាក់ក្រោម​ទាំង​ ២ ​ថ្នាក់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ​កន្លះ​។

លោក គង់ ស្រ៊ីម ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​បាន​អាន​កំណត់ហេតុ​របស់​តុលាការ​កំពូល​នៅក្នុង​បន្ទប់​សវនាការ​ដោយ​អវត្តមាន​ជនជាប់ចោទ និង​នៅ​ចំពោះមុខ​លោក សំ សុគង់ ជា​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ថា ជនជាប់ចោទ​ឈ្មោះ​ គង់ ម៉ាស់ បាន​សរសេរ​សារ​ក្នុងន័យ​រិះគន់​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​ ២០១៩​។

លោកចៅក្រមអាន​កំណត់ហេតុ​បន្តថា​ជនជាប់ចោទ គង់ ម៉ាស់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំជម្រះ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៨ ​ខែ​តុលា ​ឆ្នាំ​ ២០១៩ ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ​កន្លះ​ចោទ​បទប្រមាថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា​ ៤៩៥ ​និង​មាត្រា​ ៥០២ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ប៉ុន្តែ​ជនជាប់ចោទ​មិន​សុខ​ចិត្ត​នឹង​ទណ្ឌកម្ម​ទោស​នេះ​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២០ ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​។

ជនជាប់ចោទ​មិន​សុខចិត្ត ហើយ​បាន​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទៀត​។ ក្នុង​សេចក្តី​សន្និដ្ឋាន​ដោយ​អវត្តមាន​របស់​ជន​ជាប់ចោទ​នោះ​លោក ជុំ សំបាន តំណាង​មហាអយ្យការ​ថ្លែងថា ជនជាប់ចោទ​កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​បាន​សារភាព​ដែល​ពាក់ព័ន្ធ​នឹង​ការសរសេរ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​ក្នុង​គណនី​ហ្វេសប៊ុក​របស់​គាត់​ពិតប្រាកដ​មែន​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ការដែល​សាលាឧទ្ធរណ៍​សម្រេច​តាម​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ការត្រឹមត្រូវ​តាមច្បាប់​ហើយ​។ ​ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​ដដែល​»​។

លោក សំ សុគង់ ជា​មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​បាន​សន្និដ្ឋានថា មូលហេតុ​ដែល​កូនក្តី​របស់​លោក​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ពេលនេះ​ដោយសារ​តែ​គាត់​មិន​សុខ​ចិត្តនឹង​ការសម្រេច​សេចក្តី​របស់​សាលាឧទ្ធរណ៍​ទាក់ទង​នឹង​ការផ្តន្ទាទោស​ ១ ​ឆ្នាំ​កន្លះ​។ ​កូនក្តី​របស់​លោក​យល់​ថា ការផ្តន្ទាទោស​នេះ​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​រូបគាត់​ទេ​។

លោក​មេធាវី​ថ្លែងថា ចំពោះ​លោក​តំណាង​មហាអយ្យការ​ថា កូនក្តី​របស់​លោក​បាន​សារភាព​នៅ​សាលាឧទ្ធរណ៍​នោះ​គឺ​មិនមែន​ទេ តែ​កូនក្តី​លោក​ពេល​សវនាការ​នៅ​សាលាឧទ្ធរណ៍​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា គាត់​ពិតជា​បាន​សរសេរ​រិះគន់​ថ្នាក់ដឹកនាំ​ប្រទេស​មែន​។ ប្រការ​ដែល​នាំ​ឲ្យ​កូនក្តី​លោក​សរសេរ​សារ​រិះគន់​រដ្ឋាភិបាល​គឺ​កើតឡើង​បន្ទាប់ពី​មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​ឆ្នាំ​ ២០១៧​។

លោក សុគង់ ថ្លែងថា​៖ «​គាត់​គ្រាន់តែ​សរសេរ​រិះគន់​តែ​មិនមែន​ប្រមាថ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ​។ ក្នុងប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ​។ ​គាត់​ថា សូម​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​»​។

លោក​មេធាវី​ សុគង់ សន្និដ្ឋាន​បន្ត​ទៀត​ថា កូនក្តី​របស់​លោក​លើក​ឡើង​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​ហើយក៏​ជា​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ​តែប៉ុណ្ណោះ​។ ក្នុង​នាម​លោក​ជា​មេធាវី​លោក​ស្នើសុំ​តុលាការ​​កំពូល​ទាត់ចោល​សាលដីកា​របស់​សាលាឧទ្ធរណ៍ និង​សូម​ដោះលែង​កូនក្តី​លោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។

លោក ចៅក្រម យូ យុត្ថារ៉ា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ១៥ កក្កដា ខាងមុខ​។

អ្នកស្រី កុល សាត អាយុ​ ៣៥ ​ឆ្នាំ​ជា​ប្រពន្ធ​លោក គង់ម៉ាស់ ​ប្រាប់​នៅក្រៅ​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ដែរ​ថា រឿង​នេះ​អយុត្តិធម៌​ណាស់​សម្រាប់​ស្វាមី​របស់​អ្នកស្រី ដោយសារ​តែ​ស្វាមី​របស់​អ្នកស្រី​ឃើញ​អ្វី​មិន​ប្រក្រតី​ក្នុង​សង្គម​គាត់​ក៏​រិះគន់​ហើយ​គាត់​ត្រូវតែ​មាន​សិទ្ធិ​បញ្ចេញមតិ​រិះគន់​ដើម្បី​ស្ថាបនា​ព្រោះ​គាត់​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់​ដែរ​៕