ភ្នំពេញៈ បុរស​ជាប់ចោទ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ក្នុងចំណោម​ ២ ​នាក់​បាន​ទទូច​សុំ​ឲ្យ​តុលាការ​កំពូល​បន្ថយទោស​ដល់​ខ្លួន​កាលពី​ម្សិលមិញ​ ខណៈ​ពួកគេ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ១៣ ​ឆ្នាំ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ទម្ងន់ ១៩៨ ​ក្រាម​។

ជនជាប់ចោទ​ឈ្មោះ​ សិដ្ឋ សិត្យារី អវត្តមាន​នៅក្នុង​បន្ទប់​សវនាការ​កាលពី​ម្សិលមិញ ខណៈ​ជនជាប់ចោទ​ឈ្មោះ ងួន បូរ៉ាមី ហៅ ម៉ូញ អាយុ​ ៣៧ ​ឆ្នាំ​ដែល​បាន​បង្ហាញខ្លួន​ក្នុង​សវនាការ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ​គាត់​មាន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ សិដ្ឋ សិត្យារី អាយុ​ ២៧ ​ឆ្នាំ ហើយ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​តុលាការ​មកលើ​ខ្លួន​គាត់​នោះ គាត់​ព្រម​ទទួលយក​។ ប៉ុន្តែ​មូលហេតុ​ដែល​គាត់​មិន​សុខចិត្ត និង​ប្តឹង​ចូល​តុលាការ​កំពូល​នោះ​គឺ​ដោយសារ​គាត់​មិន​សុខ​ចិត្តនឹង​ការផ្តន្ទាទោស​ចំនួន ១៣ ​ឆ្នាំ​របស់​សាលាឧទ្ធរណ៍​។

ជនជាប់ចោទ ងួន បូរ៉ាមី ថ្លែង​ទៅកាន់​ចៅក្រម​ថា​៖ «​ប៉ុន្តែ​តាំងពី​នៅ​តុលាការ​ទាំង​ ២ ​ថ្នាក់​ខ្ញុំ​សារភាព​ថា​ខ្ញុំ​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​មែន ហើយ​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង​»​។

ទោះយ៉ាងណា​បើតាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា​កាលពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០១៦ សមត្ថកិច្ច​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មាន​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ជនជួញដូរ​គ្រឿងញៀន​បាន​ចំនួន​ ២ ​នាក់​នៅ​វេលា​ម៉ោង​ ៣ ​រសៀល​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០១៦ ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង​ក្បែរ​វត្ត​នាគវ័ន សង្កាត់​បឹងកក់​ ២ ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ២ ​នាក់​ឈ្មោះ សិដ្ឋ សិត្យារី អាយុ​ ៣៧ ​ឆ្នាំ​ហើយ​ម្នាក់ទៀត​ឈ្មោះ ងួន បូរ៉ាមី អាយុ​ ២៧ ​ឆ្នាំ និង​រឹបអូស​បាន​វត្ថុតាង​ជា​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ដែលមាន​ទម្ងន់ ១៩៨ ​ក្រាម​។

តាម​ចម្លើយ​របស់​ឈ្មោះ ងួន បូរ៉ាមី បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ក្រោយ​ឃាត់ខ្លួន​ថា មុន​សមត្ថកិច្ច​ឃាត់ខ្លួន​គាត់​មាន​បុរស​ម្នាក់​ឈ្មោះ ភ័ក្រ បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ឡុង សុខនី ដើម្បី​រកស៊ី​ជួញដូរ​ថ្នាំញៀន​ជាមួយគ្នា​ដោយ​តម្រូវ​ឲ្យ​គាត់​ចេញ​ដើមទុន​ចំនួន​ ២ ​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ថ្នាំញៀន​នៅ​ខេត្តស្ទឹងត្រែង​។ បន្ទាប់ពី​និយាយ​ស្រុះស្រួល​គ្នា​ហើយ គាត់​ក៏​យល់ព្រម​ហើយ​គាត់​បាន​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​ណាក់​ពី​ខេត្តស្ទឹងត្រែង​ចំនួន​ ១ ​ខាំ​តម្លៃ​ ១៥០០ ​ដុល្លារ ប៉ុន្តែ​លុយ​វេរ​តាម​វីង​ហើយ​ឈ្មោះ​ ណាក់ បាន​ផ្ញើ​គ្រឿងញៀន​តាម​រថយន្ត​តាក់ស៊ី​ដោយ​បង្កប់​ក្នុង​គ្រឿងសង្ហារិម​។

ជនជាប់ចោទ ងួន បូរ៉ាមី ឆ្លើយ​ក្នុង​កំណត់ហេតុ​សមត្ថកិច្ច​ថា​៖ «​មុន​សមត្ថកិច្ច​ចាប់​ខ្ញុំ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​ ពៅ ទូរស័ព្ទ​ឲ្យ​ខ្ញុំ​យក​គ្រឿងញៀន​ឲ្យ​គេ​ហើយ​ខ្ញុំ​ទៅដល់​ក្បែរ​វត្ត​នាគវ័ន ប៉ូលិស​ចាប់​ខ្ញុំ​តែម្តង​»​។

ដោយឡែក​តាម​កំណត់ហេតុ​របស់​តុលាការ​គឺ​ឈ្មោះ សិដ្ឋសិត្យារី បាន​បង្ហាញ​កាលពី ថ្ងៃទី​ ១ ​កក្កដា ឆ្នាំ​ ២០១៦ ថា​មាន​បុរស​ម្នាក់​ឈ្មោះ​ ម៉ូញ​ (​ជនជាប់ចោទ​ខាងលើ​) ​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា មាន​ម៉ូយ​ចង់​ទិញ​ថ្នាំញៀន​ម៉ាទឹកកក​ចំនួន​ ២ ​ខាំ​ហើយ​គាត់​បាន​ប្រាប់​ឈ្មោះ​ ម៉ូញ ឲ្យ​មក​ទទួលយក​ថ្នាំញៀន និង​យកលុយ​នៅ​ផ្លូវ​ត្រសក់ផ្អែម​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​គាត់​តែម្តង​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០១៧ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ ១៥ ​ឆ្នាំ​ចោទ​ពី​បទជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៤០ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។

តែ​ពួកគេ​មិន​សុខចិត្ត​បាន​ប្តឹងទាស់​ទៅ​សាលាឧទ្ធរណ៍ ហើយ​ត្រូវ​សាលាឧទ្ធរណ៍​ប្រកាស សាលក្រម​នៅ​ថ្ងៃទី​ ១០ កក្កដា ឆ្នាំ​ ២០១៨ សម្រេច​បន្ថយ​ទោស​ម្នាក់ៗ​ពី​ ១៥ ​ឆ្នាំ​មក​ ១៣ ​ឆ្នាំ​វិញ​។

លោក យុង ផានិត ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ងួន បូរ៉ាមី និង​ជនជាប់ចោទ សិដ្ឋ សិត្យារី បាន​សន្និដ្ឋាន​ថា បើទោះ​ជា​កូនក្តី​របស់​លោក​សារភាព​ទទួលកំហុស​ក្តី ប៉ុន្តែ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​កូនក្តី​លោក​មិន​ត្រឹមត្រូវ​ទេ​។ ព្រោះ​យោងតាម​មាត្រា​ ៤០ ​នៅត្រង់​កថាខណ្ឌ​ ២ ​ដែល​កំណត់​ពី​បរិមាណ​នៃ​ទម្ងន់​គ្រឿងញៀន​ដែល​ក្នុង​បរិមាណ​គ្រឿងញៀន​១៩៨​ក្រាម​នេះ​គឺ​ទោស​របស់​ពួកគាត់​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​ទេ​។ តែ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​កូនក្តី​លោក​ម្នាក់ៗ​ ១៥ ​ឆ្នាំ​ដែល​មិន​សម​នឹង​សមាមាត្រ​នៃ​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​មេធាវី ខ្ញុំ​សូម​តុលាការ​ពិចារណា និង​បន្ថយទោស​ដល់​កូនក្តី​ខ្ញុំ​ទាំង​ ២ ​នាក់​»​។

ដោយឡែក​លោក អ៊ុក គឹមសិទ្ធ តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា ឆ្លងតាម​ការពិនិត្យ​អង្គហេតុ​បង្ហាញថា ជនជាប់ចោទ​ឈ្មោះ​ ងួន បូរ៉ាមី បាន​ឆ្លើយ​សារភាព​នៅ​គ្រប់​ដំណាក់កាល​ទាំង​នៅ​នគរបាល​យុត្តិធម៌​ទាំង​នៅ​ចៅក្រម​ស៊ើបសួរ​ហើយ​ពេល​ជំនុំជម្រះ​ក៏​ជន​​ជាប់ចោទ​រូបនេះ​សារភាព​ទៀត​។

លោក​ថ្លែងថា​៖ «​ក្នុង​រឿងនេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​ហើយ​សាលាឧទ្ធរណ៍​សម្រេច​បន្ថយ​ទោស​ពី​ម្នាក់ៗ​ ១៥ ​ឆ្នាំ​មក​ ១៣ ​ឆ្នាំនេះ​មាន​សំអាងហេតុ​ត្រឹមត្រូវ​ហើយ​»​។

ក្រោយ​ជំនុំជម្រះ​លោក ស្រី គិម សត្ថាវី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៨ ខែ​មេសា ខាងមុខ​៕