ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានជំនុំជម្រះជនជាតិចិនតៃវ៉ាន់ ៣ នាក់ ក្នុងចំណោម ៤ នាក់ ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនមេតំហ្វេតាមីនចំនួន ៩០,៩៣ ក្រាមដែលពួកគេត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ៨ ទៅ ១៥ ឆ្នាំ។
នៅក្នុងបន្ទប់សវនាការកាលពីម្សិលមិញលោកចៅក្រម សាលី ធារ៉ា បានអានអង្គហេតុ ចំពោះមុខជនជាប់ចោទដែលសុទ្ធតែភេទប្រុសមានជនជាប់ចោទឈ្មោះ ១- Lin tonghun អាយុ ៤៣ ឆ្នាំ ទី២- Lor che song អាយុ ៦៧ ឆ្នាំ ទី៣- Chav mucheNhg អាយុ ៥០ ឆ្នាំ និងទី៤- Kor chang heng ពួកគេកើត និងរស់នៅកោះតៃវ៉ាន់មុនពេលចាប់ខ្លួន។
លោកចៅក្រមអានអង្គហេតុបន្តថា កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥ នគរបាលប្រឆាំងគ្រឿងញៀនបានបង្ក្រាបបុរសជនជាតិចិនតៃវ៉ាន់ ៤ នាក់ នៅផ្ទះលេខ ៦៣ BC ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពួង ២ ខណ្ឌចំការមន និងឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់បាន ៤ នាក់ និងឆែកឆេរក្នុងបន្ទប់នៃផ្ទះនោះរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្សៅពណ៌សថ្លា ទម្ងន់ ៩០,៩៣ ក្រាម និងម្សៅម៉ដ្ឋពណ៌សថ្លា ជាប្រភេទហេរ៉ូអ៊ីនទម្ងន់ ៦,៣២ ក្រាម និងកាំភ្លើងខ្លីម៉ាក K59 មួយដើមផង។
សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧ សម្រេចផ្ដន្ទាទោស Lin tonghun ដាក់ពន្ធនាគារ ៩ ឆ្នាំពិន័យប្រាក់ ១៨ លានរៀលចូលថវិការដ្ឋចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធខុសច្បាប់។ ទី២-Lor che song អាយុ ៦៩ ឆ្នាំ,ទី ៣-Chav mucheNhg និង Kor chang heng ដាក់ពន្ធនាគារម្នាក់ៗ ៨ ឆ្នាំ ពិន័យម្នាក់ៗ ១៥ លានរៀល ចូលថវិការដ្ឋពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សំណុំរឿងនេះត្រូវសាលាឧទ្ធរណ៍កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩ សម្រេចតម្កល់សាលក្រមនៅដដែល។ ប៉ុន្តែមានជនជាប់ចោទតែ ៣ នាក់ទេដែលប្តឹងសារទុក្ខទៅកំពូលចំណែក Lin tonghun មិនបានប្តឹងសារទុក្ខទៅតុលាការកំពូលទេ។
ជនជាប់ចោទ Chav muc-heNhg បានឆ្លើយក្នុងសវនាការពីម្សិលមិញថា លោកប្តឹងសារទុក្ខមកតុលាការកំពូលដោយសារតែមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ព្រោះថា លោកមិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។ ព្រោះនៅថ្ងៃកើតហេតុលោកបានទៅលេងផ្ទះរបស់ឈ្មោះ Lin tonghun និងអង្គុយផឹកទឹកតែបានបន្តិចស្រាប់តែសមត្ថកិច្ចចូលក្នុងផ្ទះមកឃាត់ខ្លួនតែម្តង។
លោក Chav mucheNhg ថា៖ «ខ្ញុំមិនបានជួញដូរគ្រឿងញៀនទេ ហើយខ្ញុំស្នើសុំតុលាការដោះលែងខ្ញុំវិញ»។
ដោយឡែក លោក Lor che song និយាយប្រាប់ចៅក្រមថា ការដែលតុលាការថ្នាក់ក្រោមចោទ និងឃុំខ្លួនលោកពាក់ព័ន្ធគ្រឿងញៀននេះគឺមិនត្រឹមត្រូវទេ ព្រោះលោកមិនបានប្រព្រឹត្តហើយកាលពីជំនុំជម្រះនៅសាលាឧទ្ធរណ៍លោកបានសុំដកពាក្យបណ្តឹងទាស់វិញ ព្រោះមន្ត្រីពន្ធនាគារប្រាប់លោកថា បើលោកដកបណ្តឹងនៅសាលាឧទ្ធរណ៍ គឺតុលាការនឹងបញ្ជូនលោកឲ្យទៅជាប់ពន្ធនាគារនៅកោះតៃវ៉ាន់វិញ ដូច្នេះលោកក៏សុំសាលាឧទ្ធរណ៍ដកពាក្យបណ្តឹងវិញទៅ។ «តែយ៉ាងណាសូមតុលាការដោះលែងខ្ញុំវិញផង»។
លោក នៅ មុនីជោត តំណាងមហាអយ្យការ សន្និដ្ឋានថាពាក់ព័ន្ធជនជាប់ចោទឈ្មោះ Lor che song និង ឈ្មោះ Chav mucheNhg តាមដែលលោកពិនិត្យមើលឃើញថា ពួកគាត់មិនទាន់មានទំនាក់ទំនងជិតស្និទ្ធជាមួយអង្គហេតុទេ ហើយតុលាការថ្នាក់ក្រោមក៏មិនបានលើកបញ្ហាដែលពាក់ព័ន្ធនឹងពួកគាត់ដែរ។ «ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះ គប្បីពិនិត្យអង្គហេតុ និងពិចារណាតាមច្បាប់»។
ក្រោយជំនុំជម្រះប្រមាណជា ១ ម៉ោងលោកចៅក្រម និល ណុល ថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ៩ មិនា៕