ភ្នំពេញៈ ​ជនជាប់​ចោទ​ម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ប្លន់​ប្រដាប់​អាវុ​ធ​​កាល​ពី​ឆ្នាំ​ ២០​១​៥ ​​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​នៅថ្ងៃទី ៣០ ខែមេសានេះ ដោយតម្កល់​ទោស​៧​ឆ្នាំ​ដដែល​បន្ទាប់​ពី​ជំនុំ​ជម្រះ​​ កាល​ពី​ថ្ងៃ​ទី ​២៥ ​មេសា​កន្លង​មក​។​

លោក​ចៅ​ក្រម​ ឃឹម​ ប៉ុណ្ណ​​ បាន​អាន​សាល​ដីកា​​កំបាំង​មុខ​ជន​ជាប់​ចោទ​ថា​ ក្រោយ​ពី​បាន​ជំនុំ​ជម្រះ ​និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និ​ដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​និង​បាន​ស្តាប់​តំណាង​មហា​អយ្យ​ការ​មក​ក្រុម​ប្រឹក្សា​យល់​ឃើញ​ថា​​៖​«​សំណុំ​រឿង​នេះ​តុលាការ​សម្រេច​តម្កល់​សាល​ដីកា​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​​។​

តាម​អង្គហេតុ​​បាន​បង្ហាញ​ថា ​​ជន​ជាប់​ចោ​​ទ​ឈ្មោះ ​​ប៉េង​ វុត្ថា​​ ហៅ​វុធ​​​ អាយុ​៣​២​ឆ្នាំ​ និង​បក្ខ​ពួក​ឈ្មោះ​ សាំង​ ​រ៉ា​វី​ អាយុ​២២-​ឆ្នាំ​ ​,​ឈ្មោះ​​ សុ​ខ​ មេត្ដា​ អាយុ​៣៣​ឆ្នាំ​ និ​ង​​ឈ្មោះ ​​ជា​ សុខ​ផា​និ​ត​ អាយុ ១​៩ ​ឆ្នាំ​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​​ចាប់​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​ ១​៤​​ ខែ​ ឧសភា ​ឆ្នាំ​​ ២​០​១​៦​។

អង្គហេតុ​បន្ត​ថា​ នៅ​ថ្ងៃ​កើត​ហេតុ​ជនជាប់ចោទ​និង​បក្ខពួក​បាន​បង្ក​បទ​ល្មើស​ប្ល​ន់ ភ្ជ​ង់​កាំ​ភ្លើង​ យក​ម៉ូតូ​ពី​អ្នក​ដំណើរ​បាន​សម្រេច​១​គ្រឿង ​ហើយ​បន្ទាប់​មក​បាន​ចូល​ក្នុង​កុដិ​ព្រះសង្ឃ​នៅ​វត្ត​​អង្គតា​មិញ​លួច​បាន​កុំព្យួរ​ទ័​រ​១​គ្រឿង​និង​ចុង​ក្រោយ ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ខណៈ​កំពុង​ជុំគ្នា​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​សមត្ថ​កិច្ច​បាន​រក​ឃើញ​កាំ​ភ្លើង​ប្រ​ភេទ ​K54​ ចំនួន​ ១​ ដើម​ផងដែរ​។

សំណុំ​រឿង​នេះ ​ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​បើក​សវនា​ការ​និង​ប្រ​កាស​​សាល​ក្រម​នៅ​ថ្ងៃ​ទី​២៦ ​ខែកុ​ម្ភៈ​ ឆ្នាំ​២០១៦​​ ដោយ​​ផ្តន្ទា​ទោស​​ជន​ជាប់​ចោទ​ទាំង​៤​នាក់​​ដាក់​គុក​ម្នាក់​ៗ​៧​ឆ្នាំ​​ដោយ​ចោទ​​ពី​បទ​លួច​មាន​ស្ថាន-​ទម្ងន់​ទោស ​ដោយ​ប្រើ​ហិង្សា​​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​តាម​បញ្ញត្តិ​មាត្រា​ ៣៥៣​ និង​៣​៥​៧​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​

កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ ​ជន​ជាប់​ចោទ​បាន​ឆ្លើ​យ​ប្រាប់​ចៅ​ក្រម​ក្នុង​សវនា​ការ​ថា​​គាត់ត្រូវ​តុលា​ការ​ចោទ​៣​បទ​ល្មើស​ ប៉ុន្តែ​គាត់​ទទួល​យក​តែ​បទ​ល្មើស​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ទេ​ ហើយ​ក្រៅ​ពី​នេះ​ គាត់​មិន​ដែល​ទៅ​ចូល​រួម​ជា​មួយ​មនុស្ស​៣​នាក់​ទៀត​ទេ​ និង​សូម​តុលា-​ការ​ជួយ​បន្ថយ​ទោស​ដល់​គាត់​ផង​។

កាល​ពី​ថ្ងៃ​ជំនុំ​ជម្រះ​នោះដែ​រ​​ លោក​ព្រះ​រាជ​អាជ្ញា​ ចាន់​ តារា​រស្មី​ តំ​ណាង​មហា​អយ្យ​ការ​ សន្និ​ដ្ឋាន​ថា​​ រឿ​ង​នេះ​បើ​តាម​អង្គ​ហេតុ​ និង​ភ័ស្តុ​តាង​បង្ហាញ​ថា ​ជន​ជាប់ចោទ​និង​បក្ខ​ពួក​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​​មែន​​។​ «ដូច្នេះ​ការ​ចោទ​ប្រ​​កាន់​របស់​តុលា​ការ​ថ្នាក់​ក្រោម​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ហើយ ​​​​សូម​តម្កល់​សាល​ដីកា​ទុក​ជា​បាន​ការ​ដដែល​»។

​លោក​​ ឡោ​ គីម​ហ្គិច ​មេ​ធាវី​​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​សន្និ​ដ្ឋាន​ថា ​តុលា​​ការ​ថ្នាក់​ក្រោម​បាន​ចោទ​កូន​ក្តី​លោក​ក្នុង​៣​បទ​ល្មើស​​ ប៉ុន្តែ​គាត់​បាន​ទទួល​យក​តែ​១​បទ​ល្មើស​ទេ​ ហើយ​បទ​ល្មើស​២​​ ទៀត​ សមត្ថ​កិច្ច​មិន​បាន​ចាប់​កូន​ក្តី​លោក​ជាក់​ស្តែង​ឡើយ​៕