ភ្នំពេញៈ បន្ទាប់​ពីដំ​ណើរការ​​សវនា​ការ​ប្រមាណ​ ១៥​ នាទី​កា​ល​ពី​ម្សិល​មិញ​លើ​បណ្ដឹង​សារទុក្ខ​ដែល​ប្ដឹង​ដោយ​លោក ហ៊ុន ​ជា តុលាការ​កំ​ពូល​ បាន​សម្រេច​លើក​ពេលទៅ​ប្រកាស​សាល​ក្រម​នៅ​ដើម​ខែ​មេសា។

សវនា​ការ​ជំនុំ​ជ​ម្រះ​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​​ពុំមាន​វត្ត​មាន​លោក ​ហ៊ុន​ ជា​ នោះ​ទេ​ ប៉ុន្តែ​មាន​តែ​តំណាង​មេធាវី​របស់​លោក​ ហ៊ុន​ ​ជា​ និង​ព្រះរាជ​អាជ្ញា​តែ​ប៉ុណ្ណោះ។

​កាល​ពី​ខែ​ ឧសភា​ ឆ្នាំ ​២០១៨ ​លោក​ ហ៊ុន ​ជា ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ ៣ ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​នគរ​បាល​ជាតិ​ ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១៨ ​ខែពីបទ​គំរាម​កំហែង​សម្លាប់ ​តា​ម​មា​ត្រា​ ២៣៣ ​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេត​នា​តាម​មាត្រា ​៤១០​ នៃ​ក្រម​ព្រហ្មទ​​ណ្ឌ។​ តែ​ទោស​នេះត្រូវ​អនុវត្ត​ចំនួន​ ៦ ​ខែ ​ចំណែក​ ១២ ​ខែ​ទៀតត្រូវ​បាន​ព្យួរ។​

កាល​ពី​យប់​ថ្ងៃទី​ ១ ​ខែ ​ឧសភា​ ឆ្នាំ ​២០១៨ ​លោក ​ហ៊ុន ​ជា​ ត្រូវ​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោ​យ​ពី​បាញ់រះ​ប្រមាណ​ជាង​ ១០​ គ្រាប់​ឡើង​លើ​ដោយ​គ្មាន​គោល​ដៅ​​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី ​១ ខណ្ឌ​ដូ​ន​ពេញ​ ដោយ​សង្ស័យ​ថា​អាច​កើត​ជម្លោះ​នៅ​ក្នុង​គ្រួសារ​ ឬ​ស្រវឹ​ង​ស្រា។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​​របស់​មន្ត្រី​នគរបាល។​

​លោក​ស្រី​ ​គឹម​ សត្ថា​វី​ ចៅ​ក្រម​ជំ​នុំ​ជម្រះ​នៅ​ក្នុង​សំ​ណុំ​រឿង​នេះ​បាន​ថ្លែង​នៅ​ក្នុង​សវនា​ការ​ថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​សាល​ដីកា ​នៅ​ថ្ងៃទី​ ៣ ​ខែ ​មេសា ​ខាងមុខ។

​លោក​ គី ​ប៊ុន​ទ្រាន​ មេធាវី​ការពារ​ក្តី​លោក ហ៊ុន ​ជា​ ថ្លែងក្នុង​សវនា​ការ​ថា ​បណ្តឹង​សារទុក្ខ​នេះ ​គឺ ​ស្នើសុំ​ឲ្យ​តុលា​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទាំង​អស់។​

​លោក​​ថ្លែង​ថា​៖​ «​មាន​ភ័ស្តុតាង​ផ្ទុយ​ជាច្រើន​ ដែល​បាន​បញ្ជាក់​ថា ​កូន​ក្តី​ខ្ញុំ​គ្មាន​កំហុស ​ដូច្នេះ​តំណាង​អយ្យការ​ចោទ​ប្រកាន់ ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ការ​ចោទ​លើកូនក្តី​ខ្ញុំ​ពីបទ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​ គឺ​យើង​មិន​បាន​រ​ក​ឃើញ​ថា ​មាន​អ្នក​ខាត​បង់​ទេ ហើយ​បើទោះ​ជា​ខាត​បង់​ ក៏​ជា​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​របស់​គាត់​ដែរ។ ម្យ៉ាង​ទៀត​ ការ​ចោទ​កូន​ក្តី​ខ្ញុំ​ ពី​បទ​គំរាម​កំហែង​ថា ​សម្លាប់​ គឺ​នៅក្នុង​កន្លែង​កើត​ហេតុ​នោះ ​គ្មាន​មនុស្ស​ទេ​។ សង្ឃឹម​ថា​តុលាការ​នឹង​ពិចារណា​ទម្លាក់​បទ​ចោទប្រ​កាន់​លើ​កូន​ក្ដី​ខ្ញុំ ហើយ​បើ​គ្មាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ខ្ញុំ​ក៏មិន​ប្ដឹង​ទៀត​ដែរ»។

លោក​ ច័ន្ទ​ ដា​រ៉ា​រស្មី ​ព្រះរាជ​អាជ្ញា​អម​សាលា​កំពូល​ បានថ្លែ​ង​ថា៖ «បើ​ទោះ​បទល្មើ​ស​នេះ​ គ្មាន​​ជន​រង​គ្រោះ ​តែ​ដើម្បី​ផល​ប្រយោជន៍​សាធារ​ណៈ ​និង​ស្រប​តាម​ច្បាប់​កម្ពុជា ​គឺ​ជនជាប់​ចោទ​ឈ្មោះ ​ហ៊ុន​ ជា​ ត្រូវតែ​មាន​ទោស​ ព្រោះ​ករណី​នេះ​ ពិតជា​ត្រូវ​បាន​រ​ក​ឃើញ​ថា​ រូបគេ​បាន​ប្រព្រឹត្ត​ពិត​ប្រាកដ​មែន។ ​ដូច្នេះ​សូម​ឲ្យ​តុលា​ការ​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​ និង​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ»។​

​លោក​ ស៊ិង​ សែន​ករុណា ​អ្នក​នាំ​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដ​ហុក​ បាន​អះ​អាង​ថា ​ចំពោះ​ករណី​នេះ ​គឺ​សាធារ​ណ​ជន​បាន​ដឹង​ឮ​អស់​ទៅ​ហើយ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​លោក​ ហ៊ុន​ ជា​ ដែល​អាង​អំណាច​បាន​ប្រើប្រាស់​កាំភ្លើង​ និង​ប្រើ​ហិង្សា​តាម​ទំនើង​ចិត្ត។ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បើ​ចង់​ឲ្យ​តុលា​ការ​លើក​បទ​ចោទ​ប្រកាន់​ លុះ​ត្រា​តែ​លោក ​ហ៊ុន​ ជា​ មាន​ភ័ស្តុតាង​ផ្ទុយ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត។

លោក​ សែន​ករុណា ​បាន​បញ្ជាក់​ថា​៖​ «​ចំណាត់​ការ​លើ​ករណី​នេះ ​គឺ​បាន​ធ្វើ​ទៅ​តា​ម​នីតិ​វិធី​ត្រឹមត្រូវ ​ដោយ​មាន​ការដាក់​ទោស មាន​ព្យួរ​មាន​អី​អ៊ីចឹ​ង ​ព្រោះ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ​ហើយ​បើ​មាន​ការ​ទម្លាក់​បទ​ចោទ​មែន ខ្ញុំ​យល់​ថា​ វា​ផ្ទុយ​ហើយ ​ហើយ​តុកាលារ​ ច្បាស់​ណាស់​ពិត​ជា​មាន​កា​រ​រិះគន់​ពី​សាធារ​ណជ​ន​ ថា​គ្មាន​អ​ព្យា​ក្រឹ​តជាដើម​ ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់ ​ដែល​មាន​តំណែង​ធំ ​និង​ល្បី​ល្បាញ និង​ត្រូវ​ជា​ក្មួយ​ប្រមុខ​រដ្ឋាភិបាល​ទៀត»។​

​លោ​កថ្លែង​​ថា​៖ «​ខ្ញុំ​ស​ង្ឃឹម​ថា​ តុលា​ការ​ នឹង​ពិចារ​ណា​ឲ្យ​បាន​ល្អិត​ល្អន់​ ចៀស​វាង​ទទួ​លរង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត ​ជុំវិញ​ករណី​នេះ»៕​