ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើកសវនាការ​ជម្រះក្ដី​លើ​សំណុំរឿង​យុវជន​ត្រូវ​ចោទ​ ៣ ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅក្នុង​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៩​។

នៅក្នុង​សវនាការ ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​លោកស្រី ចាង ស៊ីណាត បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​ថា យុវជន​ត្រូវ​ចោទ​ដែល​បាន​ដាក់​បណ្តឹង​សារទុក្ខ​សុំ​នៅក្រៅ​ឃុំ​មាន​ឈ្មោះ ប៊ី វុទ្ធី អាយុ ២១ ​ឆ្នាំ​,​ទី​ ២- ​ឈ្មោះ ប៊ី សំណាង អាយុ ២៧ ​ឆ្នាំ និង​ទី​ ៣- ​ឈ្មោះ ហេង ហ៊ាត ហៅ ហាត់ អាយុ ១៩ ​ឆ្នាំ​។ ពួកគេ​រស់នៅ​ក្នុង​ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

នៅ​ចំពោះមុខ​អង្គជំនុះជម្រះ ជន​ត្រូវ​ចោទ​ឈ្មោះ ប៊ី វុទ្ធី បាន​ថ្លែង​ចំពោះមុខ​ចៅក្រម​ថា ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​មកលើ​រូបគេ​ទាំង​ ៣ ​នាក់​នោះ ដោយសារ​ថា​ពួកគេ​ជា​អ្នកបើក គ្រឿងចក្រ ភ្ជួរ​រាស់​ដី​។ គ្រានោះ​មាន​បុរស​ម្នាក់​ឈ្មោះ ប៉ាង បាន​អះអាង​ថា​ជា​ម្ចាស់​ដី​នៅ​​តំបន់​ខាងលើ​បាន​ឲ្យ​ឈ្មោះ ឡៃ ហៀង ដែលជា​មេការ​មក​ជួល​ពួកគេ​ឲ្យ​ទៅ​ភ្ជួរ​រាស់​ដី​ចំនួន​ ១ ​ហិកតា​នៅក្នុង​ភូមិ​បឹងល្វា ​ស្រុក​សន្ទុក​ដោយ​ឲ្យ​តម្លៃ​​ឈ្នួល​ ៣ ​នាក់​ចំនួន​ ១៤ ​ម៉ឺន​​រៀល​ក្នុង​មួយថ្ងៃ​។

យុវជន ប៊ី វុទ្ធី អះអាង​ថា​ដី​នៅ​តំបន់​នោះ​ជា​ដីស្រែ​ដែល​គេ​ធ្វើស្រែ​រាល់​ឆ្នាំ​ហើយ ព្រៃ​លិច​ទឹក​មិនមែន​ជា​ដី​ដែលជា​របស់​រដ្ឋ​ទេ​ និង​មាន​ទីតាំង​នៅជាប់​ទន្លេសាប​ផង​។ ពួកគេ​ត្រូវ​ឈ្មោះ ឡៃ ហៀង ជួល​ទៅ​ឲ្យ​បើក​គ្រឿងចក្រ​ភ្ជួរ​ដី​ទើបតែ​បាន​ ៣ ​ថ្ងៃ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។

ជន​ត្រូវ​ចោទ ប៊ី វុទ្ធី ឆ្លើយ​ប្រាប់​​ចៅក្រម​ថា​៖ «​ខ្ញុំ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ពេលនេះ​គឺ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​​ពួក​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​វិញ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ស្រី ចៅក្រម ស៊ីណាត បាន​អះអាង​ទៅលើ​អង្គ​ហេតុថា ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៩ ខែ​មេសា​ឆ្នាំ​ ២០១៩ នៅក្នុង​ភូមិសាស្ត្រ ភូមិ​បឹងល្វា ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ពាក់ព័ន្ធ​ភ្ជួរ​រាស់​ព្រៃ​លិច​ទឹក​។ សំណុំ​រឿង​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពួកគេ​ទាំង​ ៣ ​នាក់​នៅ​ថ្ងៃទី​ ២៧ ខែ​មេសា ឆ្នាំ ២០១៩ ចោទ​បទ​កាប់ឆ្ការ រាន ឈួសឆាយ​ព្រៃ​លិច​ទឹក​។ ដោយ​មិន​សុខចិត្ត ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​ប្តឹង​ទាស់​ចូល​សាលា​ឧទ្ធរណ៍ ហើយ​ត្រូវ​សាលាឧទ្ធរណ៍​​តម្កល់​សាលដីកា​តាម​សាលក្រម​របស់​សាលាដំបូង ខេត្ត​កំពង់ធំ​ដដែល​។

លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ​សន្និដ្ឋានថា តាម​ការពិនិត្យ​លើ​អង្គហេតុ​ឃើញថា ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ធំ​ចោទប្រកាន់​ពី​បទ​កាប់ឆ្ការ រាន ឈួសឆាយ​ព្រៃ​លិច​ទឹក​តាម​បញ្ញត្តិ​មាត្រា ៩៨ ច្បាប់​ស្តីពី​ជលផល​។ ជាមួយ​គ្នា​នេះ​ដែរ​ជន​ត្រូវ​ចោទ​ទាំង​ ៣ ​នាក់​ក៏ត្រូវ​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​របស់​តុលាការខេត្ត​កំពង់ធំ​ទៀត​។

លោក​តំណាង​អយ្យការ​បាន​ថ្លែងថា​៖ «​ក្នុង​រឿងនេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​​ និង​សម្រេច​តាមច្បាប់​»​។

លោក មេធាវី ខៀវ សុផល ការពារ​សិទ្ធិ​ឲ្យ​ជន​ទាំង​ ៣ ​នាក់​បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​ត្រូវបាន​ឈ្មោះ​ឡៃ​ដែល​ជា​មេការ​បាន​ជួល ពួកគេ​ឲ្យ​ទៅ​ភ្ជួរ​ដី ហើយ​ដី​ដែល​កូនក្តី​របស់​លោក​ភ្ជួរ​រាស់​នោះ​ក៏​ជា​ដី​ធ្វើស្រែ​ដែរ​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​កូនក្តី​របស់​លោក​ក្រោយពេល​ពួកគេ​ឈប់​សម្រាក​ពី​ការងារ​ហើយ ដូច្នេះ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង​ទេ​។

លោក​បាន​ថ្លែង​បន្ត​ថា ពួកគេ​បាន​បញ្ឈប់​សកម្មភាព​ដោយ​ស្ម័គ្រចិត្ត​ហើយ​បើ​ពិនិត្យ​លើ​បទ​ចោទ​វិញ​ក៏​ជា​បទល្មើស​មជ្ឈិម​ទៀត​។ ចំពោះ​ការឃុំខ្លួន​របស់​តុលាការ​​វិញ​បើ​យោង​តាម​មាត្រា ២០៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​កំណត់​រយៈពេល​តែ​ ៤ ​ខែ​ទេ ​លើសពី​រយៈពេល​នេះ​ត្រូវ​ដោះលែង​ជន​នោះ​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​ជាង​ ៤ ​ខែ​ហើយ​។

លោក​បន្ត​ថា​កូនក្តី​របស់​លោក​បើ​ត្រូវ​ដោះលែង​នោះ​គឺ​ពួកគាត់​មិនអាច​ទៅ​គាបសង្កត់​សាក្សី ឬ ក៏​ទៅ​បង្ក​បទល្មើស​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទេ​។

លោក​មេធាវី​ថ្លែងថា​៖ «​ដូច្នេះ​កូនក្តី​របស់ខ្ញុំ​ត្រូវតែ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។ កូនក្តី​ខ្ញុំ​សន្យាថា នឹង​ចូលខ្លួន​តាម​ការកោះហៅ​របស់​តុលាការ​ជានិច្ច​»​។

ក្រោយ​ជំនុំជម្រះ​លោក ឃឹម ប៉ុណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​រឿងនេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ២៦ ខែកញ្ញា​ឆ្នាំ​ ២០១៩៕