ភ្នំពេញៈ មេធាវីការពារជនជាប់ចោទម្នាក់ បានប្រាប់ចៅក្រមតុលាការកំពូល កាលពីម្សិលមិញថា នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញម្នាក់បានក្លែងឯកសារឲ្យតុលាការសម្រេចកំបាំងមុខឃុំខ្លួនកូនក្តីលោក ៥ ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន ២៤ ថង់តូចប្រព្រឹត្តនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបាននគរបាលរូបនោះច្រានចោលចំពោះការចោទនេះ។
នៅក្នុងសវនាការជំនុំជម្រះកាលពីម្សិលមិញ ខណៈអវត្តមានជនជាប់ចោទឈ្មោះ ម៉េង រតនៈ អាយុ ៣៣ ឆ្នាំ (គេចខ្លួន) នោះ លោក ជូង ជូងី មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទបានប្រាប់ចៅក្រមក្នុងសវនាការថា កូនក្តីលោក បានជ្រុះបាត់អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនហើយបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី ៦ ខែមេសាឆ្នាំ ២០១៥ ប៉ុន្តែខាងនគរបាលប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងបញ្ជាក់ថា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១២ ឈ្មោះម៉េង រតនៈ បានជ្រុះបាត់អត្តសញ្ញាណប័ណ្ណ។ លុះប្តឹងបាន ២ ខែ ពោលគឺនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៥ ទើបកើតមានករណីចាប់គ្រឿងញៀន ដូច្នេះកូនក្តីលោកត្រូវបានអាជ្ញាធរទទួលដឹងឮតាំងពីថ្ងៃប្តឹងនោះមកម្ល៉េះដែលបញ្ជាក់ថា គាត់មិនបានពាក់ព័ន្ធក្នុងរឿងនេះទេ ប៉ុន្តែក្នុងសំណុំរឿងនេះបែរជាមានភ្ជាប់អត្តសញ្ញាណប័ណ្ណ ឈ្មោះ ម៉េង រតនៈ ដែលបាត់នោះបញ្ជូនទៅតុលាការវិញ។
លោកសន្និដ្ឋាន ប្រាប់ចៅក្រមថា៖ «តាមរយៈពាក្យបណ្តឹងនេះ កូនក្តីខ្ញុំមិនបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណនោះទៀតទេ។ ប៉ុន្តែលោក អ៊ីវ ភារិទ្ធ នាយការិយាល័យគ្រឿងញៀនរាជធានីភ្នំពេញមិនដឹងជាបានអត្តសញ្ញាណប័ណ្ណកូនក្តីលោកពីណាយកមកធ្វើជាភ័ស្តុតាងរួចកសាងសំណុំរឿងចោទកូនក្តីខ្ញុំទៅវិញ។គាត់យកអត្តសញ្ញាណប័ណ្ណកូពីរបស់កូនក្តីខ្ញុំដាក់ចូលក្នុងសំណុំរឿងធ្វើជាភ័ស្តុតាងក្លែង ហើយរៀបចំចម្លើយឲ្យសាក្សីឆ្លើយដាក់កូនក្តីខ្ញុំដោយអសុទ្ធចិត្តថា ជាមេជួញដូរគ្រឿងញៀន។ខ្ញុំសុំឲ្យតុលាការលើកលែងការចោទប្រកាន់មកលើកូនក្ដីខ្ញុំ»។
យ៉ាងណាក្ដី លោកព្រះរាជអាជ្ញា ច័ន្ទតារា រស្មី តំណាងមហាអយ្យការសន្និដ្ឋានថា តាមរយៈអង្គហេតុលោកយល់ថា៖ «មកទល់ពេលនេះគ្មាននគរបាលណាម្នាក់ឆ្លើយថា ការកសាងកំណត់ហេតុពាក់ព័ន្ធសំណុំរឿងគ្រឿងញៀននេះខុសបច្ចេកទេសទេ ហើយម្យ៉ាងសាក្សីថាជនជាប់ចោទជាម្ចាស់គ្រឿងញៀន។ដូច្នេះខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ»។
ដោយឡែក លោកវរសេនីយ៍ទោ អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដែលរងការចោទប្រកាន់បានបញ្ជាក់តាមទូរស័ព្ទកាលពីម្សិលមិញថា ៖ «ធម្មតាមេធាវី បងគួរពិចារណាហើយរឿងហ្នឹង ដើម្បីដោះបន្ទុកកូនក្តី ហើយធម្មតាសមត្ថកិច្ចយើងខ្ញុំកាលណាចាប់បើមិនមានភ័ស្តុតាងច្បាស់លាស់គឺអត់ចាប់អត់ឃាត់ទេ។ ធម្មតាមេធាវីទទួលសេវាគេគឺតែងតែអ៊ីចឹងហើយ តែគ្រាន់តែថាស្រុកខ្មែរយើងដូចជាអស់ហើយអាបញ្ហាក្លែងសក្ខីកម្មក្លែងនេះ ក្លែងនោះ ដូចជាហួសពេលហើយ ហើយខ្ញុំក៏មិនដែលមានទំនាស់ជាមួយលោក រតនៈ នោះដែរ។ បើខ្ញុំមានទំនាស់ជាមួយគាត់ទើបថាខ្ញុំក្លែងឯកសារតែខ្ញុំមិនដែលមានទំនាស់អីផង។ គាត់ [មេធាវី] ចោទប្រកាន់មកលើសមត្ថកិច្ចដែលរាជរដ្ឋាភិបាលបង្កើតមកដោយស្របច្បាប់»។
តាមកំណត់ហេតុតុលាការបង្ហាញថា កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៥ នៅចំណុចបន្ទប់ជួលផ្លូវស្ពានឈើសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ហើយបានឃាត់ខ្លួនមនុស្ស ៥ នាក់ ប៉ុន្តែក្នុងនោះគ្មានជនជាប់ចោទឈ្មោះ ម៉េង រតនៈទេ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរកឃើញគ្រឿងញៀន ២៤ កញ្ចប់តូច។
កំណត់ហេតុបង្ហាញដែរថា ដោយយោងសាក្សីបំភ្លឺថា ឈ្មោះម៉េង រតនៈ ជាម្ចាស់ស្នាក់នៅបន្ទប់ជួល (ទីតាំងចាប់បានគ្រឿងញៀន) និងមានអត្តសញ្ញាណប័ណ្ណឈ្មោះ ម៉េង រតនៈ ផង ក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនាការនិងប្រកាសសាលក្រមនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦ សម្រេចផ្តន្ទាទោសឈ្មោះ ម៉េង រតនៈ ដាក់ពន្ធនាគារ ៥ ឆ្នាំនិងពិន័យប្រាក់ ១០ លានរៀលចោទបទជួញដូរ និងសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់តាមមាត្រា ៤០ និងមាត្រា ៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ចំណែកមនុស្ស ៥ នាក់ទៀត ត្រូវតុលាការចោទពីបទសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនដែលផ្តន្ទាទោសម្នាក់ៗក្រោម ៤ ឆ្នាំ។
ក្រោយជំនុំជម្រះ លោក ចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ២៨ ខែមករា ខាងមុខនេះ៕