ភ្នំពេញៈ តុលាការ​កំពូល​ពី​ម្សិលមិញ​បាន​បើក​សវនាការ​ជំនុំជម្រះ​បុរស​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ (២ ​នាក់​មិន​ប្តឹង​សារទុក្ខ​) ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ពី​ ៨ ​ឆ្នាំ​ដល់​ ៩ ​ឆ្នាំ​ពី​បទ​ចោទ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​អន្សងពង ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្ត​សៀមរាប​កាលពី​ឆ្នាំ​ ២០០៩​។

យោង​កំណត់ហេតុ​របស់​តុលាការ​កំពូល​បាន​បង្ហាញថា​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ ណាក់ សម្បត្តិ ហៅ កែវ ជា​អ្នករត់​តាក់ស៊ី​, ទី​ ២- ​ឈ្មោះ​ ង៉ែត ផល្លា​ និង​ឈ្មោះ​ មឿត គា​។ នៅ​អំឡុង​ឆ្នាំ​ ២០០៩ ក្រុម​ជនជាប់ចោទ​បាន​ដឹក​បុរសរងគ្រោះ​ទាំង​ ៦ ​នាក់​ ពី​ភូមិ​អន្សងពង ឃុំ​កំពង់ក្តី​ទៅ​ក្រុង​ប៉ោយប៉ែត​។

ពេលនោះ​ជនជាប់ចោទ ណាក់ សម្បត្តិ ដែល​ជា​អ្នករត់​តាក់ស៊ី​បាន​ដាក់​ជនរងគ្រោះ​ទាំង​ ៦ ​នាក់​នៅមុខ​វត្ត​ប៉ាលិលេយ្យ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ហើយ​ក្រុម​ជនរងគ្រោះ​ត្រូវ​បាន​គេ​នាំចូល​ប្រទេស​ថៃ​ធ្វើជា​កម្មករ​​ទូក​នេសាទ​។

កំណត់ហេតុ​បង្ហាញ​ទៀតថា ក្រោយពី​ក្រុម​ជនរងគ្រោះ​ធ្វើការ​នៅលើ​ទូក​នេសាទ​បាន​ជាង​ ៦ ​ឆ្នាំ​ ដោយ​រង​ការ​ធ្វើបាប​ពី​សំណាក់​ថៅកែ​ទូក​នេសាទ​ថៃ​មក ក្រុម​ជនរងគ្រោះ​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ហើយ​ត្រូវបាន​ស្ថានទូត​កម្ពុជា​រំដោះ​ពួកគេ​ចេញ​ពី​ទូក​នេសាទ​ និង​បញ្ជូនមក​ប្រទេស​កម្ពុជា​វិញ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​ ២០១៦​។ ​

ពេល​មក​ដល់​ស្រុក​កំណើត​វិញ​ក្រុម​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ និង​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​។ បន្ទាប់មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញថា​ក្រុម​ជនជាប់ចោទ​ជា​អ្នករៀបចំ​ចាត់ចែង​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ឆ្លងដែន​មែន​។

កំណត់ហេតុ​របស់​តុលាការ​កំពូល​ឲ្យ​ដឹង​ទៀតថា ក្រោយពី​តុលាការខេត្ត​សៀមរាប​ទទួល​បាន​ពាក្យបណ្តឹង​របស់​ក្រុម​ជនរងគ្រោះ​មក តុលាការ​ខេត្ត​សៀមរាប​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​ដែល​សមត្ថកិច្ច​ប្រើពេល​ស្រាវជ្រាវ​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០១៦ ​ទើប​ចាប់​ក្រុម​ជនជាប់ចោទ​បាន​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៨ ខែ​ ឧសភា ឆ្នាំ​ ២០១៧ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ណាក់ សម្បត្តិ ដាក់​ពន្ធនាគារ​ ៨ ​ឆ្នាំ​ និង​ជនជាប់ចោទ​ឈ្មោះ​ ង៉ែត ផល្លា និង​ឈ្មោះ​ មឿត គា ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៩ ​ឆ្នាំ​ចោទ​បទ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ការនាំ​ឆ្លងដែន​តាម​បញ្ញត្តិ​មាត្រា​ ១១ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។

នៅក្នុង​បន្ទប់​សវនាការ​ជនជាប់ចោទ​ឈ្មោះ ណាក់ សម្បត្តិ និយាយ​ប្រាប់​ចៅក្រម​ថា គាត់​មិន​បាន​អូសទាញ​ក្រុម​ជនរងគ្រោះ​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ទេ​។ ​ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​បាន​មក​ទាក់ទង​គាត់​ឲ្យ​ដឹក​ពួកគេ​ពី​ស្រុក​ជីក្រែង​ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​ក្នុង​មនុស្ស​ម្នាក់​គាត់​យក​ថ្លៃ​ដឹក​ ៤ ​ម៉ឺន​រៀល​។

ជនជាប់ចោទ​និយាយ​ថា​៖ «​ខ្ញុំ​មិន​ស្គាល់​ជនរងគ្រោះ​ទាំង​ ៦ ​នាក់​នោះទេ ប៉ុន្តែ​ពួកគេ​ជួល​ឡាន​ខ្ញុំ​ជិះ​ទៅ​ក្រុង​ប៉ោយប៉ែត​។ ​ខ្ញុំ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​។ ​ព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ​»​។

លោក ជុំ សំបាន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​ការសម្រេច​តម្កល់​សាលក្រម​របស់​សាលា​ឧទ្ធរណ៍​ត្រឹមត្រូវ​ហើយ​។ ដូច្នេះ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិចារណា​តាមច្បាប់​។

លោក នូ ចន្ថា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ឈ្មោះ ណាក់ សម្បត្តិ បាន​ថ្លែងប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា ករណី​នេះ​តាម​អង្គហេតុ​ឃើញថា ក្រុម​ជនរងគ្រោះ​បាន​ជួល​រថយន្ត​កូនក្តី​លោក​ជិះ​ម្នាក់ៗ​ថ្លៃ​ ៤ ​ម៉ឺន​រៀល​ហើយ​ពេល​ទៅ​ដល់​ក្រុង​ប៉ោយប៉ែត​គាត់​ទម្លាក់​ក្រុម​ជនរងគ្រោះ​ចុះ កូនក្តី​លោក​មិន​បាន​ដឹក​ក្រុម​ជនរងគ្រោះ​ចូល​ក្នុង​ប្រទេស​ថៃ​ទេ​។ លោក​ថា​៖ «​ករណី​នេះ ខ្ញុំ​សុំ​ឲ្យ​តុលាការ​កំពូល​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ១៤ ​សីហា​។ លោក ជា ណារ៉ា ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ក្រុម​ជនរងគ្រោះ​ទាំង​ ៦ ​នាក់​ថ្លែងថា​សំណុំ​រឿងនេះ​កូនក្តី​លោក​មិន​បាន​ដាក់​បណ្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទេ​៕