ភ្នំពេញៈ ​កា​ល​ពី​ម្សិលមិញ​តុលាការ​កំពូល​​​បាន​ប្រកាស​​លើក​ពេល​សវនា​ការ​ដោយ​មិន​កំ​ណត់​ថ្ងៃ​​ដល់​ជន​ជាប់​ចោទ​ឈ្មោះ ​​អឿត ​អាង ​ហៅ​ ជួប​ សម្លាប់ ​ដោយ​សារ​តែ​គ្មាន​មេ​ធា​វី​ការ​ពារ​សិទ្ធិ​ ​​ពាក់​ព័ន្ធ​ការ​បាញ់​សម្លាប់​​លោក​ កែម ​ឡី​ កាល​ពី​ឆ្នាំ​ ២០១៦ ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ខណៈ​ជន​ជា​ប់ចោ​ទ​រូប​នេះ​​ត្រូវ​តុលា​ការ​​ថ្នាក់​ក្រោម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់ ១ ជីវិត។

​លោក​ចៅ​ក្រម ​គង់​ ស្រុីម ​​បាន​ថ្លែង​នៅ​ក្នុង​អង្គ​សវនា​ការ​ថា​ សំ​ណុំ​រឿង​របស់​ជន​ជាប់​ចោ​ទ​ឈ្មោះ ​អឿត ​អាង​ តាម​ការ​គ្រោង​ទុក​គឺ​ត្រូវ​បើក​ស​វ​នា​ការ​ជំ​នុំ​ជម្រះ​នៅ​ថ្ងៃ​ទី​ ២​០ ខែ​ មីនា​ ​ប៉ុន្តែ​បែរ​ជា​គ្មាន​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទៅ​វិញ។

លោក​​ចៅ​ក្រម​ គង់​ ស្រុីម​​ ថ្លែង​នៅ​ចំ​ពោះ​មុខ​ជន​ជាប់​ចោទ​ថា​ សំណុំ​រឿង​នេះ​មាន​លោក​មេ​ធា​វី ឡោ​ គីម​ហ្គិច​ ជា​អ្នក​ប្តឹង​សារ​ទុក្ខ​មក​តុលាការ​កំពូល​​ ប៉ុន្តែ​មេ​ធាវី​រូប​នេះ​​មិន​មែន​ជា​អ្នក​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ទេ​​ក្នុង​ការ​ជំ​នុំ​ជម្រះ​ពេល​នេះ​ ​ហើយ​រឿង​ក្តី​នេះ​​​ជា​រឿង​ឧក្រិដ្ឋ​​ត្រូវ​តែ​មាន​វត្ត​មាន​មេ​ធា​វី​ជា​ចាំ​បាច់​ដើម្បី​ការ​ពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ។

​ប៉ុន្តែ​នៅ​ក្នុង​សវនា​ការ​ជន​ជាប់​បាន​អះ​អាង​នៅ​ចំ​ពោះ​មុខ​ចៅ​ក្រម​ដោយ​គ្មាន​លទ្ធ​ភាព​ក្នុង​ការ​ពឹង​ពាក់​មេធាវី​នោះ​ទេ​ ដោយ​បាន​ស្នើ​ឲ្យ​តុលាការ​ចាត់​តាំង​មេធាវី​ឲ្យ​ចុះ។

ដោយ​ឡែក​លោក​មេ​ធា​វី ​ឡោ ​គីម​ហ្គិច បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ថ្ងៃ​ទី​ ២​០​ មី​នា​ បាន​ថ្លែង​ថា​ សំ​ណុំ​រឿង​របស់​ជន​ជាប់​ចោទ​ឈ្មោះ ​អឿត​ អាង​ ហៅ​ ជួប​ សម្លា​ប់​ នេះ​កាលពី​នៅ​សា​លា​ឧទ្ធរណ៍​គឺ​រូប​លោក​ជា​មេ​ធា​វី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ហើយ​​បន្ទាប់​ពី​ត្រូវ​សា​លា​ឧទ្ធរ​ណ៍​ប្រកាស​សាល​ដីកា​សម្រេច​តម្កល់​ទោស​ឲ្យ​គាត់​ជាប់​ពន្ធ​នា​គារ​អស់​ ១ ​ជី​វិត​តាម​​អំ​ណាច​សាល​ក្រម​របស់​សា​លា​ដំបូង​រាជធានី​ភ្នំ​ពេញ​តាំង​ពី​នោះ​មក​ជន​ជាប់​ចោទ​មិន​បាន​ពឹង​ពាក់​លោក​ទៀត​ទេ។

លោក​ប្រាប់​ថា​៖ ​«​ក្រោយ​ពី​ត្រូវ​សា​លា​ឧទ្ធរណ៍​​ប្រកាស​សាល​ដី​កា​តម្កល់​ទោស​មក​គឺ​គាត់​ផ្ទេរ​សិទ្ធិ​ឲ្យ​ខ្ញុំ​ប្តឹង​សារ​ទុក្ខ​មក​តុលាការ​កំពូល​ឲ្យ​ ប៉ុន្តែ​នៅ​តុលាការ​កំពូល​ខ្ញុំ​មិន​មែន​ជា​មេធាវី​របស់​គាត់​ទេ»។

លោក ​កែម ​ឡី​ ជា​អ្នក​វិ​ភាគ​បញ្ហា​សង្គម​ត្រូវបាន​គេ​បា​ញ់​សម្លាប់​កាល​ពី​ព្រឹក​ព្រ​លឹម​ថ្ងៃ​ទី​ ១​០​​ ខែ​ កក្កដា​ ឆ្នាំ​ ២​០​១​៦​ នៅ​ក្នុង​ស្តារ​ម៉ា​ត​មួយ​ក្បែរ​ស្ថានី​យ​ចាក់​ប្រេង​កាល់​តិច​។ ក្នុង​ពេល​នោះ​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ភ្លាមៗ៕