ភ្នំពេញៈ តុលាការ​កំពូល បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ជាប់​ចោទ​ពី​អំពើ​ក្បត់ជាតិ ក្រោយ​មាន​ការ​ជម្រះ​ជា​សាធារណៈ ប្រមាណ ​១ ម៉ោង​និង ៣០​ នាទី​រួច​មក​ ដោយ​មិន​មាន​វត្តមាន​ជន​ត្រូវ​ចោទ​នោះ​ទេ ទោះ​បី​មាន​ការ​ជជែក​ថា​ សុខភាព​កូន​ក្តី មាន​បញ្ហា​ទ្រុឌ​ទ្រោម​ អាច​ឈាន​ដល់​​ស្លាប់​ក៏ដោយ។

ទោះយ៉ាងណា មេធាវី ក្រោយ​សវនការ​រួច មិន​បាន​នៅ​រង់​ចាំស្តាប់​លទ្ធផល​នៃ​ការ​សម្រេច របស់​តុលាការ​កំពូល​ ដែល​ប្រកាស​មិន​អនុញ្ញាត​ ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​នោះ​ទេ។

មេធាវី​ការពារ​ក្តី​ចំនួន​ ៧ នាក់​របស់​លោក កឹម សុខា បាន​ឡើង​ថ្លែង​ទាំង​អស់​គ្នា​​ការពារ សុំ​ឲ្យ​កូន​ក្តី បាន​នៅ​ក្រៅ​ឃុំ​ នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ដែល​មាន​សមាសភា​ចៅក្រម ចំនួន ៥ នាក់​ ដោយ​ពួកគេ​អះអាង​ថា ការ​ស្នើ​សុំ​ដោះ​លែង​កូន​ក្តី​ជា​បណ្តោះ​អាសន្ន​ គឺ​ដើម្បី​បាន​ទៅ​ព្យាបាល​ទៅ​ប្រទេស សិង្ហបុរី។

លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ សន្ទិដ្ឋិភាព​ ជាមួយ​បរទេស​ ចំពោះ​ការ​ថ្លែង​សុន្ទរកថា​​ជា​សាធារណៈ​របស់​លោក ​ដែល​បាន​ធ្វើ​ឡើង តាំង​ពី​​ ឆ្នាំ​ ២០១៣ ​នៅ​​ប្រទេស​ អូស្ត្រាលី​ ដែល​លោក​ថា លោក​បាន​ទទួល​ដំបូន្មាន ​​ពី​សហរដ្ឋ​អាមេរិក ក្នុង​ការ​ធ្វើ​នយោបាយ​របស់​លោក។

បើ​តាម​មេធាវីទាំង​ ៧ រូប ដែល​និយាយ​ក្នុង​សវនាការ​ លោក កឹម សុខា មាន​ជំងឺ​បី​មុខ គឺ​ ​លើស​ឈាម ទឹក​នោម​ផ្អែម​ និង​កៀបសរសៃ ដែល​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​សុខភាព​ទៀង​ទាត់។

លោក ចាន់ ចេង មេធាវី​ម្នាក់ បាន​លើក​ឡើង​ក្នុង​អង្គ​សវនាការថា ដោយ​ប្រៀប​ធៀបថា​កាលពី​សម័យ​មុន​ ធ្លាប់​មាន​អ្នក​ទោស​នយោបាយ​ស្លាប់​ក្នុង​ពន្ធនាគារ ហើយ​លោក​មិន​ចង់​ឃើញ​ប្រវត្តិសាស្ត្រ​បែបនេះ​តទៅ​ទៀត​ ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ទេ និង​ស្នើ​ឲ្យ​ដោះ​លែង​កូន​ក្តី​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​។

លោក​ថា ៖ «ខ្ញុំ​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​សុខភាព​របស់​កូន​ក្តី។ ប្រសិន​ជា​គាត់​ស្លាប់​ក្នុង​ពន្ធនាគារ​…ដូច្នេះ​ប្រវត្តិសាស្ត្រ​នឹង​ចារ​ថា ក្រោយ​ឆ្នាំ​ ៧៩  មាន​អ្នក​ទោស​នយោបាយ​ដំបូង​ស្លាប់»។

ទោះ​យ៉ាង​ណា តុលាការ​កំពូល ដែល​មាន​ចៅក្រម​ គិម សត្ថាវី នៅ​តែ​ប្រកាស​តម្កល់​សាលដីកា កាលពី​ដើម​ខែ​កុម្ភៈ​ របស់​សភាស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​។ លោក​ស្រី​ថា ៖ «ការ​ព្យបាល​ត្រូវ​ពិនិត្យ​ពី​លទ្ធភាព​ជាក់ស្តែង​នៃ​ប្រទេស​»។

លោក​ស្រី បាន​យោង​តាម​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ បាន​ចែង​ថា ជនជាប់​ឃុំ​ មាន​ជំងឺ ត្រូវ​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ពី​មន្ត្រី​ពេទ្យ​ពន្ធនាគារ​រួច​ហើយ៕