
សមត្ថកិច្ចនាំអតីតបុគ្គលិក RFA ទាំង ២ នាក់ទៅឃុំខ្លួននៅពន្ធនាគារវិញ ក្រោយសវនាការ។ ហេង ជីវ័ន
ភ្នំពេញៈ រឿងក្តីសុំនៅក្រៅឃុំរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ២ នាក់ ត្រូវបានតុលាការកំពូលប្រកាសបដិសេធ កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ ក្រោយសវនាការសាធារណៈនៅព្រឹកថ្ងៃទី ១៦ ខែមីនានេះ។
អតីតបុគ្គលិក RFA ទាំង ២ នេះ មានឈ្មោះ អ៊ួន ឈិន អាយុ ៤៨ ឆ្នាំ និង យាង សុធារិន ហៅ យាង សុជាមេត្តា អាយុ ៣៤ ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួននៅផ្ទះសំណាក់ម៉ារឌី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា និង បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោមការចោទប្រកាន់ពី «បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះ បើសិនតុលាការរកឃើញកំហុស អាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ។
សវនាការក្រៅឃុំ កាលពីព្រឹកមិញ ជនត្រូវចោទទាំងពីរ បានឡើងឆ្លើយក្នុងអង្គសវនាការថា តាំងពីវិទ្យុអាស៊ីសេរី បិទការផ្សាយនៅក្នុងប្រទេសកម្ពុជា តាំងពីថ្ងៃទី ១២ ខែ កញ្ញា រួចមក ពួកគេ ក៏បានឈប់ធ្វើការឲ្យវិទ្យុនេះទៀតហើយ ហើយមិនសមនឹងរងការចោទប្រកាន់បែបនេះនោះឡើយ។
លោក សុធារិន បានឆ្លើយយ៉ាងច្បាស់ បដិសេធនូវរាល់ការចោទប្រកាន់ និងស្នើឲ្យមានការដោះលែងរូបលោកឲ្យនៅក្រៅឃុំ បានជួបជុំក្រុមគ្រួសារវិញ ព្រោះការឃុំខ្លួន ៤ ខែ ២ ថ្ងៃមកនេះ មិនមានភស្តុតាងណា ថាលោកបញ្ជូនព័ត៌មានទៅកាន់វិទ្យុអាស៊ីសេរី នោះឡើយ និង អះអាងលោកបានផ្តល់លេខកូដសំងាត់ទូរស័ព្ទដៃ ហ្វេសប៊ុក និងអ៊ីម៉េល ដើម្បីសមត្ថកិច្ចឆែកឆេរ ប៉ុន្តែក៏មិនឃើញមានភស្តុតាងអ្វីទាំងអស់។
លោកថ្លែងមុខចៅក្រមថា ៖ «ខ្ញុំបានសហការដោយប្រគល់នូវលេខសំងាត់ទូរស័ព្ទដៃរបស់ខ្ញុំ ក៏ដូចអ៊ីម៉េល ដើម្បីគេឆែកឆេរ។ នេះដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្ញុំ ដែលថាខ្ញុំមិនបានបន្តធ្វើការនោះឡើយ»។
លោកបានលើកហេតុផល ៤ ចំណុចផ្សេងទៀតដើម្បីឲ្យលោកទទួលបានការដោះក្រៅឃុំ ហើយធានាថាលោក មិនបានរត់ចោលប្រទេស ឬគេចវេសពីការទទួលខុសត្រូវមុខផ្លូវតុលាការនោះ ក៏មិនពិតឡើយ ព្រោះលោកត្រូវសមត្ថកិច្ចដកហូត លិខិតឆ្លងដែន ហើយគេធ្វើសាវតាជាតិលោក ដោយបានស្រង់ឈ្មោះ ដែលលោកជឿថា គេយកទៅប្រគល់ដល់សមត្ថកិច្ចគ្រប់ទីកន្លែងតាមព្រំដែន ក្នុងករណីមានការគេចខ្លួន។
លោកសុធារិន បន្តថា ៖ «បើសិនជាខ្ញុំមានស្លាបហោះ ក៏ហោះមិនបានដែរ»។
លោក អ៊ួន ឈិន ក៏ថ្លែងដូចគ្នា និងបន្ថែមថា លោកបានជួលបន្ទប់នៅផ្ទះសំណាក់ម៉ារឌី ដើម្បីបើកស្ទីឌីយោសិល្បៈ ជាលក្ខណៈគ្រួសារ ដែលជារបរក្រោយលោកឈប់ធ្វើការឲ្យវិទ្យុអាស៊ីសេរី ។
លោកថា ៖ «ខ្ញុំបានប្រគល់ប៉ាស្ព័រ និងអត្តសញ្ញាណប័ណ្ណ គេថតធ្វើសាវតាជាតិខ្ញុំ អ៊ីចឹងគ្មានអ្វីដែលខ្ញុំគេចចេញពីប្រទេសបានទេ។ ខ្ញុំសន្យានឹងបន្តសហការជាមួយសមត្ថកិច្ច»។
ទោះយ៉ាងណា លោក សឹង បញ្ញាវុឌ្ឍ ចៅក្រម បានចេញមកប្រកាសសាលដីកាសំណុំរឿងនៅក្រៅឃុំនេះ ថាបដិសេធចំពោះការដោះលែងពួកគេទាំងពីរនាក់បណ្តោះអាសន្ន ដោយតម្កល់ដូចអ្វីដែលសាលាឧទ្ធរណ៍បានសម្រេច។ ជាអ្វីដែលមេធាវី លោក កែវ វាន្នី ការពារអ្នកទាំងពីរ ថាជាការសម្រេចដោយ «គ្មានមូលដ្ឋាន»។
ករណីអ្នកទាំងពីរ ត្រូវបានក្រុមអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាអន្តរជាតិ បានទាមទារឲ្យមានការដោះលែងពួកគេ និងមានការអះអាងថា ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានប្រើប្រាស់ដើម្បីបំភិតបំភ័យអ្នកសារព័ត៌មាន ៕