ភ្នំពេញៈ តុលាការ​កំពូល​​កាលពី​ម្សិលមិញ​បាន​លើក​ពេល​ជំនុំជម្រះ​លើ​អតីតមន្ត្រី​យោធា​ម្នាក់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ស្រី​កំណាន់​រួច​ដុត​ក្នុង​​ពាង​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៥ នៅ​រាជធានី​ភ្នំពេញ​ជា​សំណុំ​រឿង​ដែល​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់គុក​ ១ ​ជីវិត​។

លោកស្រី គីម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ចំពោះ​មុខ​ជន​ជាប់ចោទ​ថា​៖ «​ជន​ជាប់ចោទ​ឈ្មោះ សុង ទូច មាន​វត្តមាន ប៉ុន្តែ​គាត់​គ្មាន​មេធាវី​ការពារ​ក្តី​ឲ្យ​គាត់​ទេ​នៅ​ថ្ងៃ​នេះ ហេតុ​ដូច្នេះ​សំណុំ​រឿង​មួយ​នេះ​តុលាការ​មិន​អាច​ជំនុំជម្រះ​បាន​ទេ និង​ត្រូវ​លើក​ទៅ​ជំនុំជម្រះ​ទៅ​ថ្ងៃ​ក្រោយ​វិញ​»​។

ជន​ជាប់ចោទ សុង ទូច បាន​និយាយ​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា​៖ «​ស្ត្រី​រងគ្រោះ​នោះ​មិនមែន​ជា​ប្រពន្ធ​ខ្ញុំ​ទេ តែ​នាង​ជា​ស្រី​កំណាន់ ហើយ​ខ្ញុំ​ទើប​ស្គាល់​នាង​បាន​ ៣ ​ខែ​ប៉ុណ្ណោះ​។ រឿង​នេះ​ខ្ញុំ​ពិត​ជា​សម្លាប់​នាង​មែន ប៉ុន្តែ​ខ្ញុំ​គ្មាន​ចេតនា​ទេ​។ ​ថ្ងៃ​នោះ​ខ្ញុំ​ជ្រុល​ដៃ​ធ្វើឲ្យ​គាត់​ស្លាប់​។ ខ្ញុំ​ប្តឹង​មក​តុលាការ​កំពូល​គឺ​បំណង​ចង់​ឲ្យ​តុលាការ​ប្តូរ​បទចោទ​ព្រោះ​នៅ​តុលាការ​ថ្នាក់ក្រោម​ចោទ​ខ្ញុំ​ថា​ «​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​»​។

តាម​អង្គហេតុ​កាលពី​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​នារី​ម្នាក់​​ត្រូវ​បាន​គេ​សម្លាប់ និង​ដុត​ក្នុង​ពាង​នៅ​ផ្ទះ​លេខ​ ២៤៧ ភូមិ​ប៉ាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។

កាលពី​បើក​សវនាការ​នៅ​តុលាការ​ថ្នាក់​ក្រោម​ជន​ជាប់ចោទ​បាន​ប្រាប់​តុលាការ​ថា​រឿង​នេះ​មុន​កើតហេតុ​គឺ​កាលពី​ថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ​គាត់​និង​ស្រី​កំណាន់​ឈ្មោះ ទឹម សោភា អាយុ​ ៣៤ ​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​កូន​ ៣ ​នាក់ បាន​ទាស់​គ្នា​ព្រោះ​តែ​គាត់​គិត​ថា​នាង​លួច​មាន​សាហាយ​។ ដូច្នោះ​ហើយ​គាត់​ក៏​រៀបចំ​ផែនការ​សម្លាប់​នាង​ទៅ​។ លុះ​ចន្លោះ​ពី​ម៉ោង​ ១០ ​ទៅ​ ១២ ​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ខណៈ​នាង​កំពុង​ដេក​លក់​ក្នុង​បន្ទប់​គាត់​ក៏​វាយ​នឹង​ខ្នង​ពូថៅ​ចំ​សៀតផ្កា​ពី​ ៣ ​ទៅ​ ៤ ​ខ្នង​ពូថៅ​។

ជន​ជាប់ចោទ​បន្ត​ថា បន្ទាប់ពី​វាយ​រួច​ដោយ​ខ្លាច​នាង​មិន​ទាន់​ស្លាប់​គាត់​បាន​កាប់​បន្ថែម​ចំ​បំពង់ក​ពី​ ៣ ​ទៅ​ ៤ ​ពូថៅ​ទៀត​រួច​ក៏​លើក​សព​ចុះ​មក​ក្រោម​ផ្ទះ​យក​ទៅ​ដាក់​ចូល​ក្នុង​ពាងទឹក​។ ​បន្ទាប់​មក​គាត់​បាន​ទិញ​សាំង​ ២០ ​លីត្រ​មក​ចាក់​ដុត​រហូត​សព​ឆេះ​អស់ ប៉ុន្តែ​មុខ​ខ្លួនឯង​ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​ដែរ​។

ជនជាប់ចោទ​ប្រាប់​តុលាការ​បន្ត​ថា បន្ទាប់ពី​សម្លាប់​ស្ត្រី​រងគ្រោះ​ហើយ​គាត់​យក​បាន​ចិញ្ចៀនពេជ្រ​ ១ ​វង់ និង​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ១ ​គ្រឿង ជា​កម្មសិទ្ធិ​ជនរងគ្រោះ​រត់គេច​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​នៅ​ទំនប់​ទួលគោក​។

បន្ទាប់មក​ក៏​គេច​ខ្លួន​ទៅ​ទំនប់​រលក​ខេត្ត​ព្រះសីហនុ តែ​បន្ទាប់​ពី​ស្នាក់​នៅ​បាន​មួយ​យប់​ក៏​ត្រូវ​អាវុធហត្ថ​ចាប់​ខ្លួន​តែ​ម្តង​គឺ​នៅ​ថ្ងៃទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៥​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​នៅ​ថ្ងៃទី​ ១២ ខែ​កុម្ភៈ​ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​​ទី​ ២៥ ខែ​មីនា​ឆ្នាំ​ ២០១៦ ផ្តន្ទាទោស​ដាក់គុក​អស់​ ១ ​ជីវិត​តាម​បញ្ញត្តិ​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ​៕