ភ្នំពេញៈ សំ​ណុំ​រឿង​លោក​​ ឡាយ ​​វណ្ណៈ​ និងលោក ​ឡាយ ​ណា​រិទ្ធ ​អ​តី​ត​អ​ភិ​បាល​​និង​ស្នងការ​រង​​ខេ​ត្ត​តា​កែវ​ដែល​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​អំ​ពើ​ឃាតកម្ម​សម្លាប់​ស្រី​កំណាន់​​​ឈ្មោះ អ្នកនាង ​ចេវ ​សុ​វឌ្ឍ​នា កាលពីម្សិលមិញ​ត្រូវ​បាន​សា​លា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​លើក​មក​ជំ​នុំ​ជម្រះ​ជា​លើក​ទី​៦​ បន្ត​ពី​សវនាការ​មុន ​ខណៈ​គ្រូ​ពេទ្យ​ជំ​នាញ​កោសល្យ​វិ​ច័យ​អះ​អាង​ថា​​ ស្លាក​ស្នាម​លើ​សាក​សព នាង ​ចេវ​ សុ​វឌ្ឍ​នា​ ​មិន​មែន​ជា​អំ​ពើ​ឃាតកម្ម​នោះ​ទេ​។​

នៅ​ក្នុង​ការ​ពិភាក្សា​​សួរ​ដេញដោល​កាល​ពី​ព្រឹក​ម្សិល​មិញ​ដែល​មាន​ស​មា​សភាព​ចៅ​ក្រម​ ៣ ​រូប​ ដោយ​មាន​​លោក​ចៅ​ក្រម ​​ហម ​​ម៉េង​សែ ​​ជា​ប្រ​ធាន​ក្រុមប្រឹក្សា​ជំ​នុំ​ជម្រះ​​ លោក ​ប្លង់ ​សុផ​ល ​​ជា​តំ​ណាង​អយ្យការ​ ហើយ​ក៏​មាន​វត្ត​មាន​របស់​​លោក ​​ឡាយ​​ វណ្ណៈ​ លោក ​​ឡាយ ​​ណារិទ្ធ ​​រួម​ឈ្មោះ ​ម៉េន​​ សា​ម៉ៃ ​និង​ឈ្មោះ ​ជឹម ​​វុធ ​ជា​អ្ន​កបើក​រថយន្ត​ឲ្យ​លោក​ ឡាយ ​​វណ្ណៈ ​​ផង​នោះ​​ អ្នក​ស្រី​ អ៊ុក​​ ចាន់​ណា​ ជា​ម្ចាស់​ផ្ទះ​ជួល​ឲ្យ​លោក ​ឡាយ ​​វណ្ណៈ​ ហើយ​ដែល​ត្រូវ​តុលាការ​យក​ជា​សាក្សី​ដែរ​នោះ​បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​ ការ​ស្លាប់​របស់​​អ្នកនាង​​ ចេវ ​សុ​វឌ្ឍ​នា​ នៅ​ថ្ងៃ​ទី​ ២​៦​ ខែ ​​ម​ក​រា ​​ឆ្នាំ​​ ២​០​​១​៦ ​​នោះ​គឺ​អ្នកស្រី​មិន​បាន​ដឹង​ហើយ​ក៏​មិន​បាន​ឃើញ​សាកសព​ដែរ​ ប៉ុន្តែ​អ្នក​ស្រី​ឮ​ប្តី​របស់​អ្នក​ស្រី​និយាយ​ប្រាប់​ពី​ការ​ស្លាប់​របស់​នាង​ ចេវ​ សុ​វឌ្ឍ​នា​។

អ្នក​ស្រី​ថា​​៖​​ «​ចំ​រឹង​រី​ដូ​និង​ខ្សែ​រី​ដូ​បង្អួច​ដែល​អ្នក​ស្រី​ ចេវ​​ សុ​វឌ្ឍ​នា ​​ចង​ក​​នោះ​មិន​អាច​ដាច់​​ឬ​​បាក់​បាន​ទេ​​ ព្រោះ​ជាប់​ណាស់​ហើយ​ខ្ញុំ​ទើប​តែ​ដឹង​ថា​​ នាង​ជា​ប្រពន្ធ​ចុង​របស់​លោក ​​វណ្ណៈ​ ពេល​នាង​ស្លាប់​ដែរទេ​»​។

ជា​សាក្សី​​ម្នា​ក់ដែរ​នោះ​​អ្នក​ស្រី​​ ស៊ូ​​ សុ​ជា​តា​ ជា​ភ​រិ​យា​របស់​លោក​​ ឡាយ ​​វណ្ណៈ ​​បាន​ឡើង​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ថា​ អ្នក​ស្រី​បាន​រៀប​ការ​ជា​ប្តី​ប្រ​ពន្ធ​ជា​មួយ​​លោក​​ ឡាយ​ វណ្ណៈ​ មាន​កូន​ ៣ ​នាក់​​។​​ ពាក់​ព័ន្ធ​នឹង​ស្រ្តី​កំ​ណាន់​នេះ​ គឺ​​អ្នក​ស្រី​បាន​ដឹង​ហើយ​បាន​និ​យាយ​ប្រាប់​ប្តី​ថា​ រវាង​​អ្នក​នា​ង ​និង​ស្រី​កំ​ណាន់​គួរ​ជ្រើស​រើស​យក​មួយណា​ ហើយ​ពេលនោះ​អ្នក​នាង​បាន​យក​កាំ​ភ្លើង​របស់​​លោក ​​វណ្ណៈ​ ភ្ជង់​ក្បាល​ខ្លួនឯង​ផង​។​

អ្នក​ស្រី​ សុ​ជា​តា​​ ថ្លែង​​ថា​​៖​ «​ខ្ញុំ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី ​២​៦ ​នោះ​ប្តី​របស់​ខ្ញុំ​មក​ភ្នំ​ពេញ​ហើយ​ប្រាប់​ខ្ញុំ​ថា​​នាង ​​ចេវ​ សុ​វឌ្ឍនា ​ស្លាប់​ ហើយ​ហើយ​​គាត់​ក៏​បើក​ឡាន​ត្រ​ឡប់​ទៅ​តា​កែវ​វិញ​​ រឿង​អ្វី​ទៀត​ខ្ញុំ​មិន​ដឹង​ទេ​»​។

ដោយ​ឡែក​ក្នុង​របាយការណ៍​មួយ​របស់​ក្រ​សួង​ម​ហា​ផ្ទៃ​ដែល​បាន​ធ្វើ​កោសល្យ​វិ​ច័យ​ក្រោយ​នាង ​ចេវ​​​ សុ​វឌ្ឍ​នា​ ស្លាប់​ បាន​ ៣​ ខែ​នោះ​​បាន​បញ្ជាក់​ថា ​ស្ថាន​ភាព​នៅ​​កន្លែង​កើត​ហេតុ​មិន​ប្រ​ក្រ​តី​​ខណៈ​​មន្រ្តី​នគរបាល​​ផ្នែក​បច្ចេក​ទេស​វិទ្យាសាស្រ្តនៃ​ក្រ​សួ​ង​ម​ហាផ្ទៃ​​បាន​ឆ្លើយ​បំ​ភ្លឺ​ប្រាប់​ចៅ​ក្រម​ពី​ម្សិល​មិញ​ដែរ​ថា​​៖​ «​ខ្ញុំ​​គ្មាន​អ្វី​កែ​​ប្រែ​នឹង​របាយការណ៍​​ធ្វើ​កោសល្យ​វិ​ច័យ​របស់​ខ្ញុំ​ទេ​​ ហើយ​ខ្ញុំ​អង្កេត​ឃើញ​ថា ​នៅ​​កន្លែង​កើត​ហេតុ​មាន​លក្ខណៈ​មិន​ប្រក្រ​តី​»​។​

​​លោក​ មាស​ តេន ​ប្រធាន​កា​រិ​​យា​ល័យ​បច្ចេក​ទេស​វិទ្យា​សាស្រ្ត​នៃ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​តា​កែវ​​ ក៏​ឡើង​បំភ្លឺ​ដល់​ចៅ​ក្រម​ដែរ​ថា​ នៅ​យប់​ថ្ងៃ​កើត​ហេតុ​នោះ​លោក​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាក​សព​អ្នក​នាង​​ ចេវ​​ សុ​វឌ្ឍនា​​ ហើយ​វាយ​តម្លៃ​ក្នុង​សេចក្តី​សន្និដ្ឋាន​ថា​សាក​សព​បាន​យក​ដៃ​មួយ​កាន់​ខ្សែ​ក្រោម​​ចង្កា​ ហើយ​ពេល​ដែល​គាត់​ត្រ​ដ​រខ្យល់​គាត់​នៅ​មាន​ស្មា​រតី​យក​ដៃ​ម្ខាង​ទៀត​កាន់​ខ្សែ​រី​ដូក្នុង​បំណង​ណាមួយ​​ដូច្នេះ​​ឃើញ​ថា​​ ដៃ​របស់​សាក​សព​ក្តាប់​ដែល​លក្ខណៈ​បែប​នេះ​​ជា​ការ​ចង​ក​សម្លាប់​ខ្លួន​។

លោក​​វេជ្ជ​បណ្ឌិ​ត ​​នង​​ សុ​វណ្ណ​រ័ត្ន​ មក​ពី​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ភ្នំពេញ​ហើយ​មាន​ជំ​នាញ​ខាង​កោ​សល្យ​វិច័យ​លើ​សាក​សព​ជាង ​៣​០​០ ​សាក​សព​មក​ហើយ​នោះ​ បាន​ប្រាប់​ចៅ​ក្រមនៅ​ក្នុង​បន្ទប់​ជំ​នុំជម្រះ​ផង​​ដែរ​ថា​​​ លក្ខ​ណៈ​សាក​សព​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ចង​ក​គឺ​​ ៨​០​ ភាគ​រយ ​ហូរ​ទឹក​សំ​បោរ​ហើយ​សាក​សព​នាង​ ចេវ​ សុវឌ្ឍនា​ មាន​ហៀរ​សំ​​បោរ។​ ឯសា​កសព​គេ​សម្លាប់​​វិញ​មាន​លក្ខណៈ​​ស្វាយ​​ចុង​ដៃ​ចុង​ជើង​ដោយ​សារ​ខ្វះ​ខ្យល់​អុក​ស៊ី​ហ៊្សែន​ក្នុង​ឈាម។

ក្រោយ​មាន​ការ​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ជំ​នាញ​ និង​ជុំ​វិញ​ការ​សាកសួរ​ដេញ​ដោល​លើ​សាក្សី​អស់​ហើយ​នោះ​លោក​ចៅ​ក្រម​​ ហម ​​ម៉េង​សែ​ បាន​ថ្លែង​ប្រាប់​ក្នុង​អង្គសវនាការ​ថា​ ការ​ជំ​នុំ​ជម្រះ​បញ្ចប់​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ​១​១​ ខែ​ កក្កដា ​​ឆ្នាំ ២​០​១​៩​ ទៀ​ត៕