ភ្នំពេញៈ ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា កាលពី​ម្សិលមិញ​បាន​ថ្លែងថា លោក កឹម សុខា បានដឹង​ពី​ព្រំដែន​ដែល​លោក​អាច​ដើរ​បាន ហើយ​លោក​មិនបាន​បំពាន​បម្រាម​របស់​តុលាការ​ទេ​។ ការលើកឡើង​របស់​ក្រុម​មេធាវី ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ជូន​ដំណឹង​មួយ រំឭក​លោក កឹម សុខា អំពី​លក្ខខណ្ឌ​នៅ​ក្រៅ​ឃុំ​ដែល​ចៅក្រម​បាន​អនុញ្ញាត​។

លោកស្រី ម៉េង សុភារី មេធាវី​ ១ ​រូប​របស់​លោក កឹម សុខា បាន​ថ្លែងថា ការធ្វើ​ដំណើរ​ចាកចេញ​ពី​ផ្ទះ​របស់​លោក កឹម សុខា មិន​បាន​បំពាន​លើ​បម្រាម​របស់​តុលាការ​នោះទេ​ព្រោះ​លោក​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ឬ​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ​។ លោក​មាន​សិទ្ធិ​ជួប​អ្នកនយោបាយ អតីត​សហការី និង​ប្រជាពលរដ្ឋ ដើម្បី​សម្ដែង​ក្ដី​នឹករឭក និង​សួរសុខទុក្ខ​ធ្វើ​ដំណើរ​កម្សាន្ត និង​ធ្វើ​បុណ្យទាន​នៅ​កន្លែង​ផ្សេងៗ​។

កាលពី​ថ្ងៃ​ចន្ទ​លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំណុំ​រឿង​សន្ទិដ្ឋភាព ជាមួយ​បរទេស​ដែល​មាន​លោក កឹម សុខា ​ជា​ជនជាប់ចោទ​បាន​ជូន​ដំណឹង​ទៅ​លោក កឹម សុខា ដោយ​បញ្ជាក់​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ទទួល​របាយការណ៍​ពី​មន្ត្រីនគរបាល​យុត្តិធម៌​ថា លោក កឹម សុខា ​បាន​ធ្វើ​សកម្មភាព​មួយចំនួន ជាពិសេស​នៅតាម​ខេត្ត​ដែល​ក្នុងនោះ​មាន​ការជួប​ជាមួយ​ប្រជាពលរដ្ឋ ការប្រមូលផ្ដុំ និង​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ក្រោម​រូបភាព​ផ្សេងៗ​។

លោក កូយ សៅ បាន​លើកឡើង​ថា សេចក្ដី​សម្រេច​នៃ​ការបញ្ជូន​រឿង​ទៅ​ជម្រះ និង​សេចក្ដី​សម្រេច​កែប្រែ​ការអនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​បាន​ដាក់​ឲ្យ​ជនជាប់ចោទ​មាន​កាតព្វកិច្ច​ជាក់លាក់​មួយ​ចំនួន ជាពិសេស​ហាម​ជន​ត្រូវ​ចោទ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។

លិខិត​លោក​ កូយ សៅ​បញ្ជាក់​ដូច្នេះ​ថា​៖ «​ដើម្បី​ធានា​បាន​នូវ​ការគោរព ចំពោះ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ក៏​ដូចជា​សន្តិសុខ​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ត្រូវ​ចោទ​សម្រាប់​សវនាការ​បន្ត​នាពេល​ខាង​មុខ ក្រុមប្រឹក្សា​ជំនុំជម្រះ​ធ្វើការ​ក្រើនរំឭក​ជនជាប់ចោទ​ត្រូវ​មាន​ស្មារតី​គោរព​ឲ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​ជនជាប់ចោទ​ដូច​មាន​នៅក្នុង​ដីកា​សម្រេច​ខាង​លើ​នេះ ហើយ​ដែល​មាន​អានុភាព​រហូត​ដល់​ពេល​សាលក្រម​ត្រូវ​បាន​ប្រកាស​ស្រប​តាម​មាត្រា​ ៣៥២ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​»​។

លោកស្រី ម៉េង សុភារី ថ្លែង​ដូច្នេះ​ថា​៖ «​ឯកឧត្តម កឹម សុខា លោក​បាន​ជ្រាប​ហើយ​ចំពោះ​បម្រាម​របស់​ចៅក្រម​ស៊ើបសួរ​នូវ​ចំណុច​ទី ២ ដែល​បាន​ហាមឃាត់​សិទ្ធិ​របស់​គាត់ មិន​ឲ្យ​ធ្វើ​នយោបាយ ហើយ​ឯកឧត្តម​ក៏​តែងតែ​គោរព​កាតព្វកិច្ច​ដែល​មាន​នៅក្នុង​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ពេល​កន្លង​មក ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ គាត់​ធ្វើ​អ្វីៗ ដែល​គាត់​មាន​សិទ្ធិ​តែប៉ុណ្ណោះ​មិន​ឲ្យ​ហួស​បម្រាម​របស់​តុលាការ​ឡើយ​»​។

ស្រដៀង​គ្នា​នេះ​លោក ចាន់ ចេន មេធាវី​ម្នាក់​ទៀត​របស់​លោក​ កឹម សុខា ថ្លែង​ថា លោក កឹម សុខា ដឹង​អ្វី​ដែល​លោក​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​។ ការចុះ​ទៅ​ខេត្ត​ជួប​មនុស្ស ឬ​ជួប​ដោយ​ចៃដន្យ ៤-១០ ​នាក់​ ដោយ​មាន​ការដើរ​ខ្លះ ឈរ​ខ្លះ អង្គុយ​ខ្លះ​សួរសុខទុក្ខ​អ្នកជំងឺ គឺជា​ការជួប​សួរសុខទុក្ខ​ធម្មតា ហើយ​មិនមែន​ជា​សកម្មភាព​នយោបាយ​ទេ​។

លោក​បញ្ជាក់ថា​៖ «​វា​មិន​ខុសច្បាប់​ដែល​ហាម​នោះទេ បើ​ជួប​មនុស្ស​ដែល​ស្រឡាញ់​រាប់អាន​គាត់​ ៤-១០ ​នាក់​ ខុស​អាច​ជា​ការបិទ​សិទ្ធិសេរីភាព​ទៅវិញ​ទេ​។ លិខិត​នេះ គឺជា​ការក្រើន​រំឭក​មែន ក៏ប៉ុន្តែ​ក៏​អាច​ជា​ការព្រមាន​ភ្លាមៗ​ផងដែរ​»​។

លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​នីតិវិធី​ជំនុំជម្រះ​បទ​ចោទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ប៉ុន្តែ​សវនាការ​ត្រូវ​បាន​ផ្អាក​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ កាលពី​ថ្ងៃទី​ ១០ វិច្ឆិកា ឆ្នាំ​មុន​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ធូរបន្ថយ លក្ខខណ្ឌ​នៅក្រៅ​ឃុំ ដោយ​លោក​អនុញ្ញាត​ឲ្យ​លោក​ កឹម សុខា ​មាន​សេរីភាព​ដើរហើរ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ហាម​មិន​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស និង​មិន​ឲ្យ​ធ្វើ​នយោបាយ​៕