កណ្ដាល៖ អយ្យការអមសាលាដំបូងខេត្តកណ្តាល កំពុងសាកសួរមន្រ្តីយោធាម្នាក់ និងមនុស្សប្រុសស្រី ២ នាក់ទៀត ពាក់ព័ន្ធនឹងករណីបើករថយន្តឆ្លងកាត់គោលដៅបំពានបម្រាមបិទខ្ទប់ប្រព្រឹត្តនៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) បន្ទាប់ពីឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២៤ មេសា នៅភូមិសាស្រ្តសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលប្រាប់នៅល្ងាចថ្ងៃទី ២៥ មេសានេះថា ជនសង្ស័យទី១-ឈ្មោះ គឹម ពិសិដ្ឋ អាយុ ៣៣ ឆ្នាំ ជាយោធាបម្រើការនៅនាយកដ្ឋានវិស្វកម្ម, ទី២-ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ ៤២ ឆ្នាំ និង ទី៣-ឈ្មោះ ណី ប៊ុនធឿន ជាគ្រូចិនសែ។
លោកប្រាប់ថា៖ «ជនសង្ស័យប្រុសស្រី ៣ នាក់ ដែលមានម្នាក់ជាមន្រ្តីយោធាកំពុងត្រូវព្រះរាជអាជ្ញាសាកសួរមិនទាន់ចប់ទេ។ ពួកគាត់បំពាននឹងបម្រាមបិទខ្ទប់»។
លោកបានរំឭកប្រាប់ថា កាលពីវេលាម៉ោងជាង ៩ យប់ថ្ងៃទី ២៤ មេសា ខណៈសមត្ថកិច្ចចម្រុះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងយាមប្រចាំការនៅគោលដៅផ្លូវ ១១៥ ជិតស្តុប ៦០ ម៉ែត្រ (មហាវិថីសម្តេច ហ៊ុន សែន) ក្នុងការបិទខ្ទប់មិនឲ្យមានសកម្មភាពចេញ-ចូល រវាងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ក៏ស្រាប់តែឃើញមនុស្ស ៣ នាក់ ជិះក្នុងរថយន្តបម្រុងឆ្លងកាត់គោលដៅក្នុងស្ថានភាពស្រវឹងស្រា។
លោកបានបន្តថា ខណៈនោះ គឺមានឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើករថយន្ត ហើយឃើញដូចនោះសមត្ថកិច្ចក៏បានឃាត់រថយន្ត ដើម្បីសាកសួរតែជនម្នាក់ដែលអះអាងថា ខ្លួនជាមន្រ្តីយោធាហាក់មិនគោរពសមត្ថកិច្ចឡើយ។ ពេលនោះដោយឃើញពួកគេល្មើសនឹងបម្រាមផងនោះ កម្លាំងសមត្ថកិច្ចដែលយាមនៅគោលដៅនោះក៏បានឃាត់ខ្លួនតែម្តងទៅ៕