កណ្ដាលៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​ខេត្តកណ្ដាល​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​» ទៅលើ​ស្ត្រី​ជា​សង្សារ​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ​ ២០២០ ហើយ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជាង​ ១ ​ខែ​ទើប​កម្លាំង​សមត្ថកិច្ច កងរាជ​អាវុធហត្ថ​ខេត្តកណ្ដាល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​កាលពីពេល​ថ្មីៗ​នេះ​។

លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​​ព្រហស្បតិ៍​ថា ជនសង្ស័យ​ឈ្មោះ ចក់ ពឿន អាយុ​ ៣៦ ​ឆ្នាំ មាន​​លំនៅ​ភូមិ​ព្រែកតានប់ ឃុំ​កំពង់ស្វាយ ខេត្តកណ្ដាល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២០ នៅ​ចំណុច​ផ្ទះជួល​មួយ​ស្ថិត​ក្នុងភូមិ-សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ បន្ទាប់ពី​ជននេះ​បាន​ប្រព្រឹត្ត​អំពើហិង្សា​យ៉ាង​ឃោរឃៅ​ទៅលើ​ស្ត្រី​ជា​សង្សារ​ម្នាក់​ឈ្មោះ ស្រី ល័ក្ខ អាយុ​ ២៥ ​ឆ្នាំ​ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​កាលពី​ថ្ងៃទី​ ៩ ខែ កុម្ភៈ ឆ្នាំ​ ២០២០ ហើយ​បាន​រត់គេចខ្លួន​អស់​រយៈពេល​ជាង​ ១ ​ខែ​។

លោក តុលា បាន​បន្តថា​តាម​ចម្លើយ​របស់​ស្ត្រី​រងគ្រោះ​នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ទៅផ្ទះ​របស់​នាង​ទាំងយប់ ហើយ​បាន​សុំ​ឲ្យ​នាង​បើក​ទ្វារផ្ទះ ដើម្បី​សុំ​ស្នាក់អាស្រ័យ​នៅផ្ទះ​នាង​មួយ​យប់ ប៉ុន្តែ​ដោយ​ឪពុកម្ដាយ​របស់​នាង​មិន​នៅផ្ទះ នាង​ក៏​មិន​បើកទ្វារ​ឲ្យ​បុរស​ជា​សង្សារ​នោះ​ចូល​ទេ​។ បន្ទាប់ពី​ដឹងថា​នាង​នៅ​ផ្ទះ​តែម្នាក់ឯង ជនសង្ស័យ​ក៏បាន​យក​កាំបិតចែត ដែល​ដាក់​ជាប់​ខ្លួន ទៅ​កាប់​ទ្វារផ្ទះ​របស់​នាង ដើម្បី​ចូលទៅក្នុង​ផ្ទះ​របស់​នាង​តែ​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​រត់ចេញ​តាម​ទ្វារ​ក្រោយមក​ក្រៅ​ផ្ទះ​ហើយក៏​ជំពប់ជើង​ដួល​ក៏ត្រូវ​ជនសង្ស័យ​ចាប់​បាន ហើយ​នាំទៅ​កាន់​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ប្រមាណ​ ២០០ ​ម៉ែត្រ​ពី​ផ្ទះ​របស់​នាង​។

លោក​បាន​បញ្ជាក់ថា​៖ «​ខណៈ​នោះ​ស្ត្រី​រងគ្រោះ​បាន​ប្រទះឃើញ​កម្លាំង​សមត្ថកិច្ច​យើង ដែល​ចុះ​ល្បាត​តាម​មូលដ្ឋាន ហើយ​ក៏​ស្រែក​ឲ្យ​ជួយ នៅពេល​នោះ​ជនសង្ស័យ​ក៏បាន​យក​កាំបិត​អារក​របស់​នាង​តែម្ដង តែ​ត្រូវ​នាង​ចាប់​កាំបិត​នោះ​ជាប់​បណ្ដាល​ឲ្យ​របួស​ដាច់​ម្រាមដៃ​ស្ដាំ​ចំនួន​ ៤ ហើយ​រើបម្រះ​ខ្លួន​ពី​ជនសង្ស័យ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ ២ ​កាំបិត​ថែមទៀត​ត្រូវ​កំភួន​ដៃស្តាំ​ ១ ​កាំបិត​ដាច់​ដល់​ឆ្អឹង និង​ត្រូវស្លាប​ប្រចៀវ​ខាងស្តាំ​ ១ ​កាំបិត​។ បន្ទាប់មក​ជនសង្ស័យ​ក៏​រត់​ភៀសខ្លួន​បាត់ទៅ​»​។

លោក តុលា បាន​បន្តថា​ដោយ​គិតពី​អាយុជីវិត​ស្ត្រី​រងគ្រោះ​កម្លាំង​សមត្ថកិច្ច​មិនបាន​ប្រដេញ​តាម​ចាប់​ជនសង្ស័យ​ភ្លាម​ទេ​គឺ​បាន​នាំគ្នា​ជួយ​អន្តរាគមន៍​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ហើយ​បាន​ចាត់​កម្លាំង​ស្រាវជ្រាវ​ដោយ​សម្ងាត់​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តុលាការ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

រយៈពេល​ជាង​ ១ ​ខែក្រោយ​មក​គឺ​នៅ​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ​ ២០២០ កន្លង​ទៅ​នេះ​កម្លាំង​សម្ងាត់​របស់លោក​ក៏បាន​ប្រទះឃើញ​ជនសង្ស័យ ហើយ​បាន​ស្នើសុំ​កិច្ចសហការ​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដូច​អ្វីដែល​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ពី​ខាងលើ​នោះ​មែន ព្រោះតែ​ខ្លួន​ប្រចណ្ឌ​ខឹង​នឹង​ស្ត្រី​រងគ្រោះ​បាន​សុំ​ផ្ដាច់​​ទំនាក់ទំនង​ស្នេហា​ជាមួយ​ខ្លួន ហើយ​ទៅ​លួច​ទាក់ទង​ស្នេហា​ជាមួយ​ប្រុស​ថ្មី​»​។

លោក​បាន​បន្ថែមថា ក្រោយ​បញ្ចប់​ការសាកសួរ​នៅ​ល្ងាច​ថ្ងៃទី​ ១៧ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្តកណ្ដាល​ហើយ​តុលាការ​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ​ «​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​» និង​បាន​បង្គាប់​ឲ្យ​កម្លាំង​នគរបាល​យុត្តិធម៌​នាំ​ជនសង្ស័យ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការជំនុំជម្រះ​ទោស​ជា​ក្រោយ​»៕