កណ្ដាលៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មន្ត្រី​នគរបាល​ស័ក្ដិ​ ៣ ​ម្នាក់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ក្រោយពី​បាន​ជិះ​រថយន្តបុក​ និង​វាយ​ពលរដ្ឋ​ឲ្យ​រងរបួស​ធ្ងន់​។

យោង​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​ស៊ើបសួរ​លោក រស់ ផុន ចាន់និមល ចេញ​កាលពី​ថ្ងៃទី​ ៣១ ខែ​មករា បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ ហែន លីណា អាយុ​ ៣១ ​ឆ្នាំ ​ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក (​ស័ក្ដិ​ ៣) ​បម្រើការ​នៅ​ការិយាល័យ​ចាត់តាំង​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា និង​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​យោង​តាម​មាត្រា​ ២១៧ ​និង​មាត្រា​ ៤១០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

លោក​ ឡាក់ ម៉េងធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​កណ្តាល​បាន​ថ្លែង​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​ និង​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល​បាន​សាកសួរ​ទៅលើ​ឈ្មោះ ហែន លីណា ពាក់ព័ន្ធ​នឹង​កណី​ចោទប្រកាន់​រឿង​គាត់ បើក​ថយ​រថយន្ដ Honda CRV មក​បុក​រថយន្ដ​ជនរងគ្រោះ និង​ចុះ​ពីលើ​រថយន្ដ​វាយ​មក​លើ​ជនរងគ្រោះ​ឈ្មោះ អាន វៃ កាលពី​យប់​ថ្ងៃទី ២៥ ខែ ​មករា ​ឆ្នាំ​ ២០២០ នៅ​ចំណុច​ផ្លូវ​ស្អាងភ្នំ​ស្ថិត​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។

យោង​តាម​វីដេអូ​ដែល​បង្ហាញ​ដោយ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ថា មន្ដ្រីនគរបាល​រូបនោះ​បើករថយន្ដ​ម៉ាក Honda CRV ទៅ​កាក់​ពី​មុខ​រថយន្ដ​ជនរងគ្រោះ​ម៉ាក Lexus RX330 ដើម្បី​ឲ្យ​ឈប់​។ បន្ទាប់មក​មន្ដ្រី​នគរបាល​នោះ​បាន​បើក​បុក រថយន្ដ​ជនរងគ្រោះ និង​ចុះ​ពី​លើ​រថយន្ដ​វាយ​ទាំង​កំរោល​មកលើ​ជនរងគ្រោះ​តែម្ដង​។

លោក​ លន ចន្ថា អធិការរង​ស្រុក​ស្អាង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឱ្យ​ដឹងថា រឿង​នេះ​ផ្តើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​គ្មាន​ការយល់​យោគ​គ្នា ទើប​ឈាន​ដល់​អំពើហិង្សា​តែម្តង​។ តាម​ការពិនិត្យ​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​ដំបូង​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ពិតជា​បាន​បើកឡាន​ថយក្រោយ​បុក​ឡាន​ និង​ធាក់​ទ្វារ​ឡាន និង​វាយតប់​លើ​ជនរងគ្រោះ​៕