កោះកុងៈ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​បាន​​បកស្រាយ​ថា ការបង្គាប់​ឱ្យ​ជន​ត្រូវចោទ​ចំនួន​ ៣ ​នាក់​ ដែល​ជា​តំណាង​សហគមន៍​ចូល​បំភ្លឺ​នៅ​តុលាការ គឺជា​សំណុំរឿង​ព្រហ្មទណ្ឌ មិនមែន​ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​វិវាទកម្ម​សិទ្ធិ​ដីធ្លី​នោះឡើយ​។

ការបកស្រាយ​នេះ បន្ទាប់ពី​មាន​ការតវ៉ា​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ១៧ និង​ ១៨ វិច្ឆិកា របស់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​មកពី​ស្រុក​ចំនួន ៣ នៃ​ខេត្ត​នេះ​រួមមាន ស្រុកស្រែ​អំបិល ស្រុក​បទុមសាគរ និង​ស្រុក​គិរីសាគរ​។ ពួកគេ​តវ៉ា​នេះ គឺ​ដើម្បី​ឃ្លាំមើល​ការចូល​បំភ្លឺ​របស់​តំណាង​ពួកគេ និង​បាន​ស្រែក​តវ៉ា​ថា ពួកគេ​គឺជា​ជនរងគ្រោះ​ដីធ្លី​។

សេចក្ដី​ថ្លែងការណ៍​របស់​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ចុះ​ថ្ងៃទី​ ១៨ វិច្ឆិកា បាន​ឱ្យដឹងថា អ្នកស្រី ផាវ ញើង អ្នកស្រី សេង លីន និង​អ្នកស្រី ខន ផុន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ធ្វើការ​ចោទប្រកាន់​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ការវឹកវរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​មាន ឈ្មោះ ឆាយ វី ជា​អតីត​តំណាង​របស់​ពួកគាត់ ជា​ដើមបណ្តឹង​រដ្ឋប្បវេណី​។

សាលាដំបូង និង​អយ្យការ​អះអាង​ថា នៅ​ថ្ងៃទី​ ១៨ វិច្ឆិកា សាលាដំបូង​បាន​បង្គាប់​ឱ្យ​ជន​ត្រូវ​ចោទ​ទាំង ៣ ចូលខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ ហើយ​បែរ​ជា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ខាងលើ​បាន​មក​ធ្វើការ​ស្រែក​តវ៉ា​នៅមុខ​សាលាដំបូង សុំឱ្យ​តុលាការ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ទៅវិញ​។

សាលាដំបូង​ខេត្តកោះកុង​បញ្ជាក់​ថា​៖ «​ដើម្បី​ចៀសវាង​ការភាន់ច្រឡំ សាលាដំបូង និង​អយ្យការ សូម​បញ្ជាក់ជូន​សាធារណជន​ថា សំណុំ​រឿង​ខាងលើ​នេះ​គឺជា​សំណុំរឿង​ព្រហ្មទណ្ឌ មិនមែន​ជា​សំណុំរឿង​ពាក់ព័ន្ធ​នឹង​វិវាទកម្ម​សិទ្ធិ​ដីធ្លី​នោះឡើយ​»​។

កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា បន្ទាប់ពី​បញ្ចប់​ការស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឱ្យ​អ្នកស្រី ផាវ ញើង និង​អ្នកស្រី សេង លីន ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​ដាក់​នៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ខណៈ​តំណាង​ម្នាក់ទៀត​គឺ​អ្នកស្រី ខន ផុន ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​រួច​ផុតពី​ការចោទប្រកាន់​។

កាលពី​ថ្ងៃទី​ ២៥ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ តំណាង​ ៣ ​នាក់​ ដែលជា​ជន​ត្រូវ​ចោទ​ខាងលើ​ក្នុង​ចំណោម​ពលរដ្ឋ​ ១៧៥ ​គ្រួសារ​នៅ​ឃុំ​ជីខលើ ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ប្តឹងទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដោយ​ចោទប្រកាន់​អ្នកស្រី ឆាយ វី អតីត​តំណាង​ពួកគេ​ថា បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដី​សេសសល់​បម្រុង​ទុក​របស់​សហគមន៍​។

អ្នកស្រី ផាវ ញើង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ការប្តឹងប្តល់​របស់​ពួក​អ្នកស្រី​គឺមាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ដូច្នេះ​តុលាការ​ត្រូវតែ​ស្វែងរក​យុត្តិធម៌​ដល់​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ទាំងអស់ ព្រោះ​ថា​ដើមបណ្តឹង​រដ្ឋប្បវេណី​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​ដី​របស់​សហគមន៍​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ហេតុអ្វី​បាន​ពួកខ្ញុំ ស្រែក​ដូច្នេះ ដោយសារ​តែ​គេ​រំលោភបំពាន​ដីធ្លី​របស់ខ្ញុំ ហើយ​ពួកខ្ញុំ​ក៏​តវ៉ា​ហើយ​នៅពេល​តវ៉ា​មាន​បណ្តឹង​ជា​បន្តបន្ទាប់​បាន​ប្តឹង​មកលើ​ពួកខ្ញុំ​។ ករណី​ដែល​អ្នកស្រី ឆាយ វី ប្តឹង​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ដីធ្លី​ដែរ ព្រោះ​គាត់​បាន​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឱ្យ​លក់​ដី​របស់​សហគមន៍ ហើយ​គាត់​លក់​ដី​ដែល​សេសសល់​របស់​សហគមន៍​»​។

កាលពី​ថ្ងៃទី ​១៧ វិច្ឆិកា តំណាង​ពលរដ្ឋ​ចំនួន​ ៥ ​នាក់​ផ្សេងទៀត​ក៏​បាន​ចូល​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​កោះកុង​តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ពី​បទបរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យ​វឹកវរ​ដល់​សន្តិសុខ​សង្គម​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អ្រេហ្គីខាល់ឆ័រ គ្រុប​ (Heng Huy Agriculture Group) ​របស់​ឧកញ៉ា ហេង ហ៊ុយ ផងដែរ​។ ប៉ុន្តែ​ពួកគេ​ទាំង​ ៥ ​នាក់ ​ត្រូវ​បាន​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដូចគ្នា​។

លោក ថោង ច័ន្ទដារ៉ា អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​ថ្លែងថា តំណាង​សហគមន៍​ទាំង​ ៥ ​នាក់ និង​តំណាង​សហគមន៍​ ២ ​នាក់​នេះ គឺ​ពួកគាត់​សុទ្ធតែ​តវ៉ា និង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការការពារ​ដីធ្លី​របស់ខ្លួន​។

លោក​បន្តថា ការចោទប្រកាន់​ពួកគាត់​ពី​បទបរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​បង្ក​ឱ្យ​វឹកវរ​នេះ​គឺ​ហាក់​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ណាស់​។ លោក​ស្នើឱ្យ​មាន​ការស៊ើបអង្កេត​ករណីនេះ​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ចោទប្រកាន់​ពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងករណីនេះ មាន​ភាគី​ម្ខាង​គឺ​ប្តឹង​គាត់ ប៉ុន្តែ​ជាក់ស្តែង​យ៉ាងណា​នោះ គឺ​គួរតែ​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ទាក់ទង​រឿងនេះ​​ឱ្យបាន​ច្បាស់ ហើយ​ការលក់​ដី​សហគមន៍​អី តើ​មាន​ពិតមែន​ទេ​? ​តើ​ឈ្មោះ​ដែល​ប្តឹង​ប្រជាសហគមន៍ គាត់​បាន​លក់​ដី​សហគមន៍​មែនឬ​យ៉ាងម៉េច​?

សុំ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​ដែនដី មុន​នឹង​ធ្វើ​ការកោះហៅ​ពលរដ្ឋ​មក​បំភ្លឺ​គឺ​គួរតែ​ធ្វើឱ្យ​បាន​ទាំង​សង​ខាង​»៕