
លោក យឿន សុផល (ឆ្វេង) ជាមេឃុំសែប។ រូបថត សហការី
កំពង់ឆ្នាំងៈ សាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីកាកោះហៅលោក យឿន សុផល មេឃុំសែប នៅស្រុកកំពង់ត្រឡាច ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ២០ ខែឧសភា ក្នុងនាមជាជនសង្ស័យពីបទលួចលក់ទ្រព្យសម្បត្តិអ្នកដទៃជាសំណុំរឿងក្តីដែលលោក សុផល បញ្ជាក់ថា កើតឡើងដោយសារពលរដ្ឋចំនួន ២ គ្រួសារជាដន្លងនឹងគ្នាដែលមានទំនាស់ជាមួយគ្នា។
ដីកាដែលបានចេញដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ យឿន សុផល ត្រូវចូលខ្លួនមកឆ្លើយបំភ្លឺនៅតុលាការពីករណីក្លែងបន្លំឯកសារដីធ្លី រំលោភសិទ្ធិកាន់កាប់អចលនវត្ថុអ្នកដទៃដោយចេតនា និងលួចលក់អចលនវត្ថុអ្នកដទៃដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៥។
លោក អ៊ិត សុធា បានប្រាប់ភ្នំពេញប៉ុស្ដិ៍យ៉ាងខ្លីថា៖ «នៅពេលមានពលរដ្ឋប្ដឹង គឺយើងត្រូវតែកោះហៅមកសាកសួរ ប៉ុន្តែសាច់រឿងយ៉ាងម៉េចយើងអត់ទាន់ច្បាស់ទេ អ៊ីចឹងចាំហៅគាត់មកសួរនាំសិន»។
លោក យឿន សុផល បានលើកឡើងថា មូលហេតុដែលនាំឱ្យមានការប្ដឹងរូបលោកទៅតុលាការបែបនេះគឺកើតចេញពីជម្លោះរវាងពលរដ្ឋចំនួន ២ គ្រួសារ ដែលធ្លាប់ជាដង្លងនឹងគ្នាហើយមិនមែនជាករណីដែលលោកទៅយកដីរបស់អ្នកដទៃទៅលក់ដូរឡើយ។
លោកបន្តថា គ្រួសារទាំង ២ ដែលជាដន្លងនឹងគ្នានេះកាលពីមិនទាន់ឈ្លោះគ្នា គឺបានព្រមព្រៀងគ្នា ដើម្បីយកដីរបស់កូនមួយកន្លែងដែលមានទំហំទទឹង ១៥ ម៉ែត្រ និងបណ្ដោយ ២០ ម៉ែត្រទៅលក់ក្នុងតម្លៃប្រហែល ១ ម៉ឺនដុល្លារដោយឱ្យម្ដាយខាងស្រី អ្នកឈរឈ្មោះធ្វើលិខិតលក់-ទិញ ខណៈដែលកូនៗកំពុងរស់នៅ និងរវល់ធ្វើចម្ការក្នុងខេត្តបាត់ដំបង។
លោកបន្តថា ប៉ុន្តែក្រោយមកបន្ទាប់ពីកូនបានបែកបាក់គ្នា ដីនោះបានអាក់ខានលក់វិញ ដោយសារមានជំទាស់ពីខាងប្រុសហើយភាគីខាងស្រីបានប្រគល់ប្រាក់កក់ទៅភាគីអ្នកទិញវិញ។ លុះមកដល់ចុងឆ្នាំ ២០១៦ ដន្លងទាំង ២ រួមទាំងកូនៗបានទៅធ្វើលិខិតសុំបែងចែកទ្រព្យនៅសាលាឃុំ ដើម្បីពុះដីចែកគ្នា រួមទាំងការធ្វើលិខិតព្រមព្រៀង ដើម្បីរុះរើផ្ទះចែកគ្នាដែលត្រូវធ្វើឡើងនៅខែមករាឆ្នាំ ២០១៦។
លោកថ្លែងថា៖ «ប៉ុន្តែភាគីម្ខាងទៀត (ភាគីខាងប្រុស) អត់គោរពតាមកិច្ចសន្យាជាមួយអាជ្ញាធរ ដែលមានក្រុមប្រឹក្សាឃុំ ជំទប់ និងមានមេភូមិអី ចូលរួមផ្ដិតមេដៃទេ។ ក្រោយមកក៏មានពាក្យប្ដឹងពីម្ដាយខាងស្រីប្ដឹងទៅតុលាការ រឿងប្ដីអត់មានការទទួលខុសត្រូវ រឿងអាហារកិច្ចចិញ្ចឹមកូនទាំង ៣ នាក់ ក្រោយពីទៅមានប្រពន្ធថ្មីទៅ ហើយប្ដឹងថា បានរុះរើផ្ទះខុសពេលវេលា»។
លោក យឿន សុផល បាន បញ្ជាក់ទៀតថាចំណែកភាគីខាងប្រុសវិញ បន្ទាប់ពីមានដីកាកោះហៅពីតុលាការដោយមានបណ្ដឹងពីខាងស្រីក៏បានខឹងរាលដាលមកដល់រូបលោក ហើយក៏បានប្ដឹងរូបលោកពីបទឃុបឃិតយកដីដែលមានទំហំ ១៥ ម៉ែត្រគុណនឹង ២០ ម៉ែត្រនោះទៅវិញ៕