កំពង់ឆ្នាំងៈ តុលាការ​ខេត្ដ​កំពង់ឆ្នាំង​នឹង​កោះហៅ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម និង​នេសាទ មន្ដ្រីជលផល និង​រដ្ឋបាល​ស្រុក​ជលគិរី​ឲ្យ​ទៅ​ឆ្លើយបំភ្លឺ ករណី​ដោះលែង​ពលរដ្ឋ​ ៣ ​នាក់​កាលពី​ថ្ងៃទី​ ១៩ ខែ​មេសា បន្ទាប់ពី​ឃាត់ខ្លួន​នៅក្នុង​ថ្ងៃ​ដដែល​នោះ​ពាក់ព័ន្ធ​នឹង​ការឈូសឆាយដី​ព្រៃ​លិចទឹក​ស្ថិតនៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគិរី​។

លោក ឈួន ស៊ីវិន អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ករណី​ឃាត់ខ្លួន​ពលរដ្ឋ​ទាំង​ ៣ ​នាក់​នេះ លោក​ព្រះរាជអាជ្ញារង​ ឡុង ស៊ីថា ដោយបាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ និង​កងកម្លាំង​នគរបាល​ស្រុក​ជលគិរី​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ ៣ ​នាក់ និង​ត្រាក់ទ័រ ២ ​គ្រឿង​កាលពី​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២០​។

លោក​បន្តថា ក្រោយ​ឃាត់ខ្លួន​ពលរដ្ឋ​ទាំង​ ៣ ​នាក់ ព្រះរាជអាជ្ញា បាន​សួរចម្លើយ​រួច​ហើយក៏​ប្រគល់​ឯកសារ និង​ពលរដ្ឋ​ទាំង​ ៣ ​នាក់​នោះ​ទៅ​ឲ្យ​មន្ត្រីជលផល​ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី​ច្បាប់​ទើប​បញ្ជូនមក​តុលាការ​វិញ​ព្រោះ​ករណីនេះ​ជា​បទល្មើស​ជលផល​។

លោក​ ស៊ីវិន ​ថ្លែងថា​៖ «​មិនដឹង​យ៉ាងម៉េច​ខាង​ជលផល​បាន​ដោះលែង​មនុស្ស​ទាំង ៣ ​នាក់​នោះ​ទៅដោយ​អត់​មាន​ឆ្លង​ព្រះរាជអាជ្ញា​។ ក្រោយមក​លោក​ព្រះរាជអាជ្ញា​ឲ្យ​ខាង​មន្ដ្រី​ជលផល ហើយ​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់ឆ្នាំង​បំភ្លឺ​។ តាម​ការបំភ្លឺ​របស់គាត់ (​មន្ទីរ​កសិកម្ម និង​រដ្ឋបាល​ស្រុក​ជលគិរី​) ​ការដោះលែង​ដោយសារ​តែ​ដី​ដែល​ឈូសឆាយ​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ទេ​»​។

លោក​បន្តថា​៖ «​បច្ចុប្បន្ន​តុលាការ​កំពុងតែ​ស៊ើបសួរ​បន្ត​លើ​រឿងនេះ​មិន​ទាន់​បាន​សម្រេច​ថា​យ៉ាងម៉េច​ទេ​។ តុលាការ​នឹង​ត្រៀម​ហៅ​ខាង​មន្ត្រីជលផល និង​ស្រុក​មក​ឆ្លើយបំភ្លឺ​»​។ ​«​ព្រះរាជអាជ្ញា​នឹង​ចុះទៅពិនិត្យ​នៅ​ទីតាំង​ដី​នោះ​ម្ដងទៀត​។ ពលរដ្ឋ​ទាំង​ ៣ ​នាក់​ដែល​ឈូសឆាយដី​នោះ គឺជា​ពលរដ្ឋ​រស់នៅ​ស្រុក​ជលគីរី​»​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម ខេត្ដ​កំពង់ឆ្នាំង​បដិសេធថា មន្ត្រី​របស់លោក មិនមែន​ជា​អ្នក​ដោះលែង​ពលរដ្ឋ​ទាំង​ ៣ ​នាក់​នោះទេ​។ «​គ្មាន​នរណា​មានសិទ្ធិ​ទៅ​ដោះលែង​មនុស្ស​ទេ​។ ពាក់ព័ន្ធ​នឹង​មន្ដ្រី​ជំនាញ​របស់ខ្ញុំ គាត់​បាន​ទៅ​ទទួល​តែ​កំណត់ហេតុ​ទេ គាត់​អត់​បាន​ទៅ​ប្រគល់​ទទួល​មនុស្ស និង​វត្ថុតាង​ទេ​។ អ៊ីចឹង មនុស្ស និង​វត្ថុតាង​នៅ​កន្លែង​ប៉ូលិស ហើយ​វា​រត់​នៅ​កន្លែង​ប៉ូលិស​នោះទេ​។ មិនមែន​ខាង​ជំនាញ​ខ្ញុំ​អ្នក​ដោះលែង​ទេ​។ ករណីនេះ​ខ្ញុំ​បានធ្វើ​របាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​រួចរាល់​ហើយ​»​។

បើ​តាម​លោក ហ៊ុន ពាក់ព័ន្ធ​នឹង​កន្លែង​ដែល​ពលរដ្ឋ​ឈូសឆាយ​នោះ​ក្រោយពេល​មន្ដ្រី​ពាក់ព័ន្ធ​បាន​ចុះទៅ​ពិនិត្យមើល គឺ​ពលរដ្ឋ​បាន​ភ្ជួរ​ដីស្រែ​ប៉ុណ្ណោះ​។ លោក​ថា​៖ «​អ៊ីចឹង​កាលណា​ភ្ជួរ​ដីស្រែ​របស់​ពលរដ្ឋ សំណុំរឿង​ដែល​យើង​បាន​ពិនិត្យ​មើលឃើញ​ថា គាត់​អត់​មានទោស​ទណ្ឌ​អី​ទេ​។ អ៊ីចឹង​យើង​មិនបាន​ដាក់ទោស​ទណ្ឌ​គាត់​ទេ​។ ដោយសារ​គាត់​ភ្ជួរ​ដីស្រែ​របស់គាត់​»​។

លោក ឃឹម យ៉ុង អធិការ​នគរបាល​ស្រុក​ជលគិរី​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​លើ​ករណីនេះ​បានទេ​ពី​ម្សិលមិញ​។

កាលពី​ថ្ងៃទី​ ១៩ ខែ​មេសា ក្រោម​ការដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពង់ឆ្នាំង​លោក​ ឡុង ស៊ីថា​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃាត់ខ្លួន​ពលរដ្ឋ​ ៣ ​នាក់ និង​ត្រាក់ទ័រ ២ ​គ្រឿង​ដែល​កំពុង​ឈូសឆាយដី​ស្ថិត​នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី​៕